ជាតិ
សង្គមជាតិ
លោក សុខ ឡាក់៖ «សួន​អំណាន» អាចរួមចំណែក​បំផុសការអាននៅទីសាធារណៈ
03, Jun 2023 , 10:00 am        
រូបភាព
ភ្នំពេញ៖ សួន​អំណាន​ ជា​កន្លែង​​ដ៏​ល្អ​មួយ​សម្រាប់​សាធារណជន​ ដែល​ដើរទស្សនា​ក្នុង​កម្ម​វិ​ធី​​ផ្សេង​ៗ ហត់ ​អាច​​ឈប់​សម្រាក​ជជែក​គ្នា​លេង​ ឬ​អាន​សៀវ​ភៅ​បង្កើន​ចំណេះ​ដឹង​ និង​បង្កើត​​​ភាព​សប្បាយ​រីក​រាយ​​។ នេះបើតាម លោក សុខ ឡាក់ សហស្ថាបនិក​បណ្ណាល័យបញ្ញវន្ត។ ក្នុងបទសម្ភាសជាមួយ សារព័ត៌មានថ្មីៗ លោក សុខ ឡាក់ យល់ឃើញ​ថា​សួន​អំណាន អាច​ជួយ​​សាធារណជន​ ដែល​មិន​មាន​ពេល​ទៅ​បណ្ណាល័យ ឬ​​មិន​មាន​ពេល​ទៅ​បណ្ណាគារ និង​មិន​មាន​ពេល​​ទៅ​ស្វែង​រក​សៀវ​ភៅ​ ឱ្យ​​ចាប់​ផ្ដើម​មើល​ឃើញ​ ពី​សកម្ម​ភាព​អាន​សៀវ​ភៅ​ និង​ចំណាយ​ពេល​នៅ​ជា​មួយ​​ខ្លួន​ឯង​កាន់​តែ​ច្រើន​​។

 
 
សម្រាប់ លោក សុខ ឡាក់ ​​ការ​បង្កើត​សួន​អំណាន និង​ការ​បំ​ផុស​ឱ្យ​មាន​សួន​អំណាននៅ​ក្នុង​កម្ម​វិធី​ផ្សេង​ៗ ដូច​ជា​កម្ម​វិធី​តាំង​ពិព័រ​ណ៍សៀវ​ភៅ​កម្ម​វិធី​តាំង​​​ពិព័រណ៍ផ្សេង​ៗមហោស្រព​អក្សរ​សិល្ប៍ ឬ​មហោស្រព​ ផ្សេង​ៗ ឬ​នៅ​ទី​សាធារណៈ​ គឺ​ជា​ចលនា​ជំរុញ​ការ​អាន​ដ៏​សំខាន់។​ លោក​ថា ​នេះ​គឺ​ជា​មធ្យោបាយ​រុញ​ សៀវ​ភៅ​ឱ្យ​ទៅ​កៀក​នឹង​សាធារណជន​គ្រប់​លំដាប់​ថ្នាក់​។ បន្ថែម​ពី​នោះ ការ​បង្កើត​សួន​អំណាន​កាន់​តែ ​ច្រើ​ន ត្រូវ​​បាន​លោក សុខ ឡាក់​ មើល​ឃើញ​ថាជា​​​គំរូភាពមួយ​​បំផុស​ជា​គំនិត​​ថា នៅទី​សាធារណៈ ក៏​​អាច​ បង្កើត​ជា​កន្លែង​អាន​សៀវ​ភៅ​បាន​ដែរ​។

លោក សុខ ឡាក់ សហស្ថាបនិកបណ្ណាល័យបញ្ញវន្ត

សហស្ថាប​និក​រូប​នេះ​ បាន​លើ​ក​ឧទាហរណ៍​ គ្រា​ដែល​លោក​​បាន​ទៅ​ឃើញ​ចរន្ត ​នៃ​ការ​ពង្រី​ក​​កន្លែង​អាន​សៀវ​ភៅ​នៅ​ប្រទេស​ជឿន​លឿន​ដូច្នេះ៖ «ខ្ញុំ​ធ្លាប់​ទៅ​សាំងហ្គាពួរ(សិង្ហបុរី) អ្វី​ដែល​​គួរ​ឱ្យ​ភ្ញាក់​ផ្អើលនោះ គឺ​ប្រទេស​គេ​តូច​ទេ​ ប៉ុន្តែ​បណ្ណាល័យ​គេ​ធំៗ​មែនទែន​។ បណ្ណា​ល័យ​ខ្លះ ​មាន​ដល់​១៤​ជាន់។ ហើយ​សឹង​តែ​យើង​ដើរ​៤ ទៅ​៥ ​ផ្លូវ​យើង​ឃើញ​មាន​បណ្ណា​ល័យ​​មួយ​ទៀត​ ដែល​ធ្វើ​ឱ្យ​ខ្ញុំ​គិត​ថា ម្ដេច​ក៏​ប្រទេស​គេអភិវឌ្ឍន៍​ហើយ ប្រទេស​គេ​សម្បូរ​អ្នក​ចេះ​ដឹង​ហើយ ប៉ុន្តែ​នៅ​តែ​ត្រូវ​ការ​បណ្ណាល័យ ត្រូវ​ការ​ទីតាំង​អាន​ជា​ច្រើន​ទៀត​?»។
 
បុរស​សម្បុរ​ស មុខ​កាត់កូន​ចៅ​​ចិន​​រូប​នេះ អះអាង​ថាបណ្ណាល័យ​បញ្ញវន្ត បាន​មើល​ឃើញ​ថា សួន​អំណាន​​​ដើរ​តួនាទី​យ៉ាង​សំខាន់​ ដើម្បី​បំផុស​ឱ្យ​សាធារណជន​ចាប់​ផ្ដើម​ពង្រឹង​ខ្លួន​ឯង ដោយ​ពួក​គេ​​មិន​ចាំ​បាច់​ទៅ​បណ្ណាល័យ​ឆ្ងាយៗ។​ លោក​ថា ក្នុងដំណាក់​កាល​ប្រទេស​កម្ពុជា​ ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ សេដ្ឋ​កិច្ច​កំពុង​កើន​ឡើង​ក្នុង​ថ្ងៃ​អនាគត​កម្ពុជា ​ត្រូវ​ការ​ធនធាន​មនុស្ស ​ដែល​មាន​គុណភាពខ្លាំង​ក្លា​​។ ហើយ​អ្វី​ដែល​រួម​ចំណែក ដើម្បី​​ឆ្លើយ​តប​នឹង​តម្រូវ​ការ​សេដ្ឋ​កិច្ច​ដ៏​លឿននោះ​ គឺ​យុវជន​ត្រូវ​ការ​អាន​សៀវ​ភៅ​ឱ្យ​បាន​ច្រើន​។
 
សកម្មភាព យុវជន រៀបចំសៀវភៅនៅបណ្ណាល័យបញ្ញវន្ត

«ប្រទេស​ដែល​​សម្បូរ​អ្នក​ចេះ​ដឹង​ ឬ​ប្រទេស​ ដែ​ល​គេ​ចាប់​ផ្ដើម​ឱ្យ​តម្លៃ​លើ​សៀវ​ភៅ​ យើង​ឃើញ​ថា​តួនាទី​បណ្ណាល័យ​ មាន​សារសំខាន់​ណាស់​។ បណ្ណារក្ស​នៅ​ប្រទេស​សាំង​ហ្គាពួរ​​ (សិង្ហបុរី) គាត់​ប្រាប់​ថាគាត់​ខ្វះ​គ្រូ​។ ដូច្នេះ​គាត់​ត្រូវ​ការ​ជំរុញ​សកម្ម​ភាព​បណ្ណាល័យ​ ឱ្យ​មាន​សកម្ម​ភាព​កាន់​តែ​ទូលំទូលាយ​។ គ្រាន់​តែ​ការ​ខ្វះ​គ្រូ​ដែល​មាន​គុណ​ភាព​ ហេតុ​អ្វី​​ត្រូវ​ការ​ជំរុញ​បណ្ណា​ល័យ​? គាត់​ប្រាប់​ថា​នៅ​ពេល​ណា​ដែល​ជំរុញ​បណ្ណាល័យ​ ធ្វើ​ឱ្យ​សិស្ស​ ​មាន​ការ​សិក្សា​ឯករាជ្យ​​»។ នេះ​ជា​ការ​ពន្យល់របស់​លោក​ សុខ ឡាក់​។
 
លោក សុខ ឡាក់​ ថា​សៀវ​ភៅ​ក៏​ជា​មធ្យោបាយ​កម្សាន្ត​ ដែល​អាច​ស្រមៃ​ដល់​ទិដ្ឋភាព នៅ​ក្រៅ​ប្រទេស​​បាន ដោយ​​​មិន​ចាំ​បាច់​ចំណាយ​ប្រាក់​ច្រើន​ ទៅ​ទស្សនកិច្ច​ដល់​​ប្រទេស​ទាំង​នោះ​​ឡើយ​។​ ពិសេស​អ្នក​ដែល​មាន​គោល​បំណង​សិក្សា​អំពី​ចំណេះ​ដឹង​ថ្មី​ សៀវភៅ​គឺ​ជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​​៕

Tag:
 អំណាន​
  គម្រោង​
  ការ​អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com