កីឡាជាតិ
ជាតិ
លោក ហង់ ជួន ណារ៉ុន៖ វត្តមានអាជ្ញាកណ្តាលជប៉ុន៣៦រូបនៅប៉ារ៉ាហ្គេម ផ្តល់ទំនុកចិត្តការប្រកួត
03, Jun 2023 , 4:20 pm        
រូបភាព
ជប៉ុន បានបញ្ជូនក្រុមអាជ្ញាកណ្តាលចំនួន៣៦រូប មកជួយកាត់ក្តីក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា។ លោកហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អះអាងថា វត្តមានរបស់អាជ្ញាកណ្តាលជប៉ុន នឹងផ្តល់ទំនុកចិត្តការប្រកួតដល់ក្រុមប្រទេសចូលរួមទាំងអស់។

 
ក្រុមអាជ្ញាកណ្តាលជប៉ុន៣៦រូប នឹងជួយម្ចាស់ផ្ទះកម្ពុជាកាត់ក្តីការប្រកួតចំនួន៤ប្រភេទកីឡា រួមមានកីឡាអត្តពលកម្ម កីឡាលើកទម្ងន់ កីឡាហែលទឹក និងកីឡាបាល់បោះរទេះ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ដែលចាប់ផ្តើមពីថ្ងៃទី៣ ដល់៩ ខែមិថុនា។
 


ក្នុងពិធីទទួលអាជ្ញាកណ្តាលជប៉ុននៅស្ថាតទូតជប៉ុនប្រចាំកម្ពុជា នាល្ងាចថ្ងៃទី២ ខែមិថុនា ដែលមានវត្តមានលោកអ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក យី វាសនា អគ្គលេខាធិការគណកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា លោក ហង់ ជួន ណារ៉ុន បានបង្ហាញទំនុកចិត្តខ្ពស់ចំពោះការប្រកួតកីឡាប៉ារ៉ាហ្គេមនៅទឹកដីកម្ពុជា ក្រោយមានវត្តមានអាជ្ញាកណ្តាលស្ម័គ្រចិត្តជប៉ុន។
 
«វត្តមានអាជ្ញាកណ្តាលជប៉ុនពិតជាសំខាន់។ វត្តមានអាជ្ញាកណ្តាលជប៉ុនជួយឱ្យមានការទុកចិត្តពីសំណាក់ប្រទេសចូលរួមទាំង១១»។ នេះជាការអះអាងរបស់លោក ហង់ ជួន ណារ៉ុន មុនបន្ថែមថាអ្នកចាញ់ នឹងចាញ់ដោយអស់ចិត្ត ដោយគ្មានការតវ៉ា ដ្បិតមានអាជ្ញាកណ្តាលលំដាប់អូឡាំពិករបស់ជប៉ុន។
 
ការសម្រេចបញ្ជូនអាជ្ញាកណ្តាលជប៉ុនមកកាន់អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ធ្វើឡើងក្រោយមានការស្នើពីរដ្ឋាភិបាលកម្ពុជាតាមរយះទីភ្នាក់ងារកីឡាជប៉ុន និងកិច្ចសហប្រតិបត្តិការកីឡាអន្តរជាតិ«Sports for Tomorrow» កាលពីឆ្នាំ២០២២។
 


ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ក៏បានលើកឡើងដែលថាកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម បានបើកវិស័យថ្មីមួយសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ខណៈដែលកម្ពុជា-ជប៉ុនកំពុងប្រារព្ធខួបលើកទី ៧០ នៃទំនាក់ទំនងការទូតប្រទេសទាំងពីរ។ 
 
«ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលប្រទេសរបស់យើងទាំងពីរសម្រេចបាននូវកិច្ចសហប្រតិបត្តិការថ្មីក្នុងឆ្នាំដ៏មានអត្ថន័យនេះ ហើយសង្ឃឹមថាកិច្ចសហប្រតិបត្តិការនេះជាឱកាសថ្មីមួយដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរសកម្មភាពកីឡាសកម្មរវាងជប៉ុន និងកម្ពុជា៕

Tag:
 (ប៉ារ៉ាហ្គេមលើកទី១២)
© រក្សាសិទ្ធិដោយ thmeythmey.com