ជាតិ
រដ្ឋបាលក្រុងកំពត ទទូចឱ្យអាជីវករនៅផ្សារក្តាមឈប់បន្លំភ្នែកជញ្ជីង និងហៅភ្ញៀវតាមផ្លូវ
03, Jun 2023 , 8:59 pm        
រូបភាព
ភ្នំពេញ៖ រដ្ឋបាលក្រុងកែប សហការជាមួយមន្ទីរឧស្សាហកម្ម ចុះពិនិត្យនៅទីតាំងផ្សារក្តាម ដើម្បីណែនាំដល់អាជីវករ ឲ្យឈប់ដំឡើងថ្លៃទំនិញ និងកែតម្រូវសណ្ដាប់ធ្លាប់ក្នុងការលក់ដូរនៅផ្សារនេះ។ ទន្ទឹមនឹងនោះ លោក ខេង យ័ន រដ្ឋបាលក្រុងកែប ក៏បានទទូចឱ្យអាជីវករនៅផ្សារក្តាមឈប់បន្លំភ្នែកជញ្ជីង និងហៅភ្ញៀវតាមផ្លូវ ដើម្បីរក្សាកេរ្តិ៍ឈ្មោះខេត្តទាំងមូល ។



នាថ្ងៃទី២ ខែមិថុនានេះ លោក ខេង យ័ន បានចុះទៅកន្លែងលក់ដូររបស់អាជីវករ នៅក្នុងផ្សារក្តាម ដើម្បីដើរពិនិត្យភ្នែកជញ្ជីងដែលគ្មានស្លាកសញ្ញាស្តង់ដា និងរឹបអូសជញ្ជីងថ្លឹងមិនគ្រប់ចំនួន។ ជាមួយគ្នានេះ លោក ក៏កំពុងស្វែងរកអ្នកដែលតែងហៅភ្ញៀវតាមផ្លូវ ដើម្បីណែនាំកុំឱ្យប្រព្រឹត្តិសកម្មភាពបែបនេះបន្តទៀត។

លោក ខេង យ័ន រដ្ឋបាលក្រុងកែប ចុះណែនាំដល់អាជីវករនៅផ្សារក្តាម។ រូបភាព៖ ហ្វេសប៊ុកលោក ខេង យ័ន។

រដ្ឋបាលក្រុងរូបនេះ បានលើកឡើងថា អាជីវករទាំងអស់ត្រូវថ្លឹងឱ្យគ្រប់គីឡូក្រាម។ រដ្ឋបាលក្រុង នឹងចាត់វិធានការ សម្រាប់អ្នកដើរហៅភ្ញៀវតាមផ្លូវ​ ដោយបិទប៉ាណូផ្សព្វផ្សាយចំពោះបុគ្គលណាដែល មិនគោរពវិធានការរបស់ខេត្ត។ ដោយឡែក អាជីវករមួយចំនួនដែលមិនសហការត្រូវធ្វើកិច្ចសន្យាបញ្ឈប់ការលក់ និងពិន័យតាមច្បាប់។
 
«អ្នកលក់ដូរសុំកុំស៊ីភ្នែកជញ្ជីងគេ អ្នកខ្លះថ្លឹងមិនគ្រប់ក៏មាន។ បើលក់តម្លៃថ្ងៃ តែត្រូវលក់ទំនិញល្អឱ្យគេដូចគ្នា។ កន្លងមក ទេសចរបានប្តឹងពីការលក់បន្លំភ្នែកជញ្ជីង នេះក៏ជាកន្លែងមួយដែលធ្វើឱ្យផ្សារក្តាមបាត់បង់ភ្ញៀវ ជាពិសេសមុខមាត់ខេត្តកែបទាំងមូល។ ខ្ញុំសុំឱ្យអាជីវករ បញ្ឈប់សកម្មភាពទាំងអស់នេះកុំឱ្យមានបន្តទៀត។» លោក ខេង យ័ន រដ្ឋបាលក្រុងកែបបញ្ជាក់ប្រាប់អាជីវកម្មនៅផ្សារក្តាមដូច្នេះ។
 
សូមបញ្ជាក់ថា កន្លងមករដ្ឋបាលក្រុងកែប តែងផ្សព្វផ្សាយដល់អាជីវករនៅផ្សារក្តាមនេះ ជាច្រើនលើកមកហើយ តែករណីខាងលើនៅតែបន្តកើតមានមិនចេះចប់។ ចំណែក ទេសចរទៅកម្សាន្តនៅក្រុងកែប ក៏បានសម្តែងការមិនពេញចិត្តចំពោះការលក់ដូររបស់អាជីវករមួយចំនួននៅផ្សារក្តាម ដែលថ្លឹងមិនគ្រប់គីឡូក្រាមផងដែរ៕
 

Tag:
 ThmeyThmey25
  រដ្ឋបាលក្រុងកំពត
  ផ្សារក្តាម
 ខេត្តកែប
© រក្សាសិទ្ធិដោយ thmeythmey.com