ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
មេដឹកនាំម្ពុជា មើលឃើញថា អឺរ៉ុប នឹងដកអនុគ្រោះពន្ធទាំងស្រុង នៅ៤ឬ៥ឆ្នាំខាងមុខ 
សម្តេច ហ៊ុន សែន ជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣។
×![]()
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន សន្និដ្ឋានថា កម្ពុជា មិនត្រឹមតែបាត់ប្រព័ន្ធអនុគ្រោះពន្ធ អ៊ីប៊ីអេ (EBA) របស់សហភាពអឺរ៉ុប តែ២០ភាគរយនាពេលនេះឡើយ ដោយអាចនឹងត្រូវបាត់១០០ភាគរយតែម្តង នៅអំឡុងឆ្នាំ២០២៦ ឬឆ្នាំ២០២៧ខាងមុខ ព្រោះពេលនោះ កម្ពុជា បានចាកចេញពីស្ថានភាពនៃប្រទេសអភិវឌ្ឍតិចតួចហើយ។
ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី នៅខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ ប្រមុខរដ្ឋាភិបាលកម្ពុជា ថ្លែងដូច្នេះថា៖«ឆ្នាំ២០២៧ យើង នឹងបាត់ទាំងអស់ ព្រោះប្រទេសរបស់យើង មិនមែនជាប្រទេសអភិវឌ្ឍតិចតួទៀតឯណា។ បន្តិចទៀត កម្ពុជា នឹងចេញផុតពីប្រទេសអភិវឌ្ឍតិចតួច អ៊ីចឹង រកស៊ី ត្រូវតែបង់ពន្ធឲ្យគ្នាទៅវិញទៅមក»។
សម្តេច ហ៊ុន សែន លើកឡើងជាថ្មីថា អ៊ីប៊ីអេ២០ភាគរយ ដែលសហភាពអឺរ៉ុប បានកាត់ចេញពីកម្ពុជា ពុំបង្កការប៉ះពាល់អ្វីដល់កម្ពុជាឡើយ។ សម្តេច បន្តថា កម្ពុជា នៅតែអាចនាំទំនិញចូលទៅកាន់ទីផ្សារអឺរ៉ុបបានជាធម្មតា ដោយគ្រាន់តែចំណេញតិចជាងមុនប៉ុណ្ណោះ។
សម្តេចនាយករដ្ឋមន្រ្តី រម្លឹកថា កាលពីទៅចូលរួមធ្វើជាសហប្រធាននៃកិច្ចប្រជុំអាស៊ាន-អឺរ៉ុប លើទឹកដីអឺរ៉ុប នៅចុងឆ្នាំ២០២២ សម្តេច បានហាមរដ្ឋមន្រ្តីដែលទៅជាមួយ កុំឲ្យហារមាត់សុំអ៊ីប៊ីអេ២០ភាគរយនោះមកវិញ។ សម្តេច សង្កត់ធ្ងន់ថា កម្ពុជា ត្រូវតែពង្រឹងសមត្ថភាព និងភាពធន់ខ្លួនឯង ដោយមិនត្រូវរង់ចាំតែខ្យល់ដកដង្ហើមពីគេនោះទេ។ សម្តេច និយាយដូចលើកមុនថា កម្ពុជា មិនយកអធិបតេយ្យទៅដោះដូរជាមួយជំនួយ ឬការអនុគ្រោះណាមួយឡើយ។
សូមរម្លឹកខ្លីថា សហភាពអឺរ៉ុប សម្រេចដកប្រព័ន្ធអនុគ្រោះពន្ធអ៊ីប៊ីអេ២០ភាគរយពីកម្ពុជា កាលពីអំឡុងឆ្នាំ២០២០ ដោយសារយល់ថា រដ្ឋាភិបាលកម្ពុជា មិនគោរពសិទ្ធិមនុស្ស និងធ្វើឲ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com