ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋមន្រ្តីការពារជាតិកម្ពុជា-អ៊ុយក្រែន ជួបគ្នានៅសិង្ហបុរី
04, Jun 2023 , 10:19 pm        
រូបភាព
សម្តេច ទៀ បាញ់ និងលោក Reznikov ជួបពិភាក្សាគ្នានៅសិង្ហបុរី។
សម្តេច ទៀ បាញ់ និងលោក Reznikov ជួបពិភាក្សាគ្នានៅសិង្ហបុរី។
សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីការពារជាតិកម្ពុជា និងលោក អូឡេកស៊ី រ៉េសនីកូវ (Oleksii Reznikov) រដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន បានជួបពិភាក្សាជាមួយគ្នាដាច់ឡែក នៅសិង្ហបុរី នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣នេះ។ លោកទាំង២ ទៅសិង្ហបុរី ដើម្បីចូលរួមកិច្ចប្រជុំលើកទី២០ ជាមួយរដ្ឋមន្រ្តីការពារជាតិពីបណ្តាប្រទេសដទៃទៀត ស្តីពីបញ្ហាសន្តិសុខ។



រដ្ឋមន្រ្តីការពារជាតិកម្ពុជា បានសរសេរលើទំព័រហ្វេសប៊ុកថា៖«ក្នុងជំនួបពិភាក្សាជាមួយឯកឧត្តមរដ្ឋមន្រ្តីការពារប្រទេសអ៊ុយក្រែន ខ្ញុំបានបញ្ជាក់គោលជំហររបស់កម្ពុជា ចំពោះសង្គ្រាមនៅអ៊ុយក្រែនថា កម្ពុជា គោរពនិងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ [នូវ] ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ»។ 
 
រីឯរដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន សរសេរលើបណ្តាញសង្គមធ្វីតធឺថា៖«ខ្ញុំ សូមសម្តែងការដឹងគុណដល់កម្ពុជា ចំពោះការផ្តល់ជំនួយ ហើយខ្ញុំសង្ឃឹមថា នឹងបានជួបសមភាគីរបស់ខ្ញុំ នៅលើទឹកដីអ៊ុយក្រែន»។ 
 
ជំនួយដែលកម្ពុជា បានផ្តល់ដល់អ៊ុយក្រែន គឺការជួយបណ្តុះបណ្តាលមន្រ្តីអ៊ុយក្រែនក្នុងការកម្ចាត់មីន។ 
 
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក វូលូឌីមៀ ហ្សេលែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន ទើបនឹងបាននិយាយគ្នាតាមទូរស័ព្ទសាជាថ្មីម្តងទៀត នៅចុងខែឧសភា ឆ្នាំ២០២៣នេះ។ មេដឹកនាំប្រទេសទាំង២ ធ្លាប់បាននិយាយគ្នាតាមទូរស័ព្ទម្តងរួចមកហើយ កាលពីចុងឆ្នាំ២០២២។ 
 
ក្នុងជំនួបតាមប្រព័ន្ធទូរស័ព្ទលើកទី២នេះ លោកប្រធានាធិបតី បានអរគុណកម្ពុជា ដែលជួយបណ្តុះបណ្តាលអ្នកដោះមីនរបស់អ៊ុយក្រែន ហើយចំណែកសម្តេចនាយករដ្ឋមន្រ្តីវិញ បានបញ្ជាក់ពីសារសំខាន់នៃការស្វែងរកកិច្ចសន្ទនា ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។ 
 
បច្ចុប្បន្ន អ៊ុយក្រែន កំពុងបន្តទប់ទល់ក្នុងសង្គ្រាមជាមួយមហាអំណាចរុស្ស៊ី។ សហគមន៍អន្តរជាតិ មើលឃើញថា សង្គ្រាមនេះ បង្កឡើងដោយភាគីរុស្ស៊ី និងចាត់ទុករុស្ស៊ី ថាជាភាគីដែលឈ្លានពានលើអ៊ុយក្រែន។
 
ចំពោះកិច្ចប្រជុំនៅសិង្ហបុរី មានរដ្ឋមន្រ្តីការពារជាតិពីបណ្តាលប្រទេសក្នុងតំបន់អាស៊ានទៅចូលរួម។ រដ្ឋមន្រ្តីការពារជាតិនៅក្រៅតំបន់អាស៊ាន ដូចជា រដ្ឋមន្រ្តីការពារជាតិមហាអំណាចអាម៉េរិក និងរដ្ឋមន្រ្តីការពារជាតិមហាអំណាចចិន ក៏បានចូលរួមដែរ៕  
 

Tag:
 កម្ពុជា
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com