ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ថា ការរៀបចំស៊ីហ្គេម និងប៉ារ៉ាហ្គេម ជាប្រវត្តិសាស្រ្តកម្ពុជា នឹងបន្សល់ទុកកេរ្តិ៍ឈ្មោះ
05, Jun 2023 , 10:42 am        
រូបភាព
ការរៀបចំព្រឹត្តិការណ៍កីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ជាលើកដំបូង និងជាប្រវត្តិសាស្រ្តកម្ពុជានេះ នឹងបន្សល់ទុកកេរ្តិ៍ឈ្មោះ ដល់ប្រជាជនកម្ពុជា។ សម្ដេច ហ៊ុន សែន ថ្លែងបែបនេះ នៅក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចសរុបជិត ៦ពាន់នាក់ នាថ្ងៃទី៥ មិថុនា។


 
«លុយអាចចាយអស់ ប៉ុន្តែកេរ្តិ៍ឈ្មោះ ចាយអត់អស់ទេ»។ នេះបើតាមសម្ដេច ហ៊ុន សែន ដែលបានលើកឡើងជាថ្មីថា ការទទួលបដិសណ្ឋាកិច្ចដោយឥតគិតថ្លៃ សម្រាប់គណប្រតិភូកីឡា ពីបណ្ដាប្រទេសចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនេះ នឹងធ្វើឱ្យប្រជាជនជាង៦០០លាននាក់ ក្នុងតំបន់អាស៊ាន ចងចាំកម្ពុជា។
 
«កេរ្តិ៍ឈ្មោះ ដែលកម្ពុជាធ្វើស៊ីហ្គេម និងប៉ារ៉ាហ្គេម ២០២៣ ទុកបន្សល់ឱ្យកូនចៅជំនាន់ក្រោយរាប់រយឆ្នាំតទៅទៀត»។ សម្ដេច បន្ថែមថា កម្ពុជា ជាប្រទេសក្រ តែមានបេះដូងធំ។
 
សម្ដេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា រដ្ឋាភិបាល នឹងឆ្លាក់ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម រួមទាំងអត្តពលិកឆ្នើម អមដោយការបង្ហាញជារូបភាពវីដេអូផ្សេងៗទៀត នៅក្នុងវិមានឈ្នះឈ្នះ ផងដែរ៕ 
 

Tag:
 ហ៊ុន សែន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com