ជាតិ
​​​ន​យោ​បាយ​ជាតិ​
កម្ពុជា ចង់ឃើញប្រទេសនានាប្តូរពីការផ្ចាញ់គ្នាទៅជាការរួមគ្នាគិតពីប្រយោជន៍ទៅវិញទៅមក
05, Jun 2023 , 1:19 pm        
រូបភាព
សម្តេច ទៀ​ បាញ់ ថ្លែងក្នុងកិច្ចប្រជុំនៅសិង្ហបុរី កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ (រូបពីក្រសួងការពារជាតិកម្ពុជា)។
សម្តេច ទៀ​ បាញ់ ថ្លែងក្នុងកិច្ចប្រជុំនៅសិង្ហបុរី កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ (រូបពីក្រសួងការពារជាតិកម្ពុជា)។
ដោយ៖ ទេពញាណ 
 
ក្នុងកិច្ចប្រជុំដ៏ធំមួយនៅសិង្ហបុរី ស្តីពីបញ្ហាសន្តិសុខ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីការពារជាតិកម្ពុជា បានបង្ហាញពីផលអវិជ្ជមាន ដែលកើតចេញពីការប្រជែងយកឈ្នះចាញ់គ្នារបស់បណ្តាប្រទេសនានា ជាពិសេសប្រទេសធំៗ ឬជាប្រទេសជាមហាអំណាច។ រដ្ឋមន្រ្តីការពារជាតិកម្ពុជា ចង់ឲ្យបណ្តាប្រទេសទាំងនោះប្តូរឥរិយាបទនេះចេញ ហើយបែរមកប្រកាន់យកឥរិយាបទផ្សេង ដែលអាចនាំផលល្អដល់គ្នាទៅវិញទៅមក។

   
ក្នុងកិច្ចប្រជុំដែលប្រមូលផ្តុំដោយរដ្ឋមន្រ្តីការពារជាតិពីបណ្តាប្រទេសទាំងក្នុងតំបន់អាស៊ាន ទាំងនៅក្រៅតំបន់អាស៊ាន បូករួមទាំងភាគីពាក់ព័ន្ធផ្សេងទៀត សម្តេច ទៀ បាញ់ បានរំលេចពីឆន្ទៈរបស់កម្ពុជា ដូច្នេះថា៖«ក្នុងនាមជាសមាជិកមួយនៃអាស៊ាន កម្ពុជា ចង់ឃើញការផ្លាស់ប្តូរឥរិយាបទរបស់គូប្រជែងទាំងអស់ ពីការផ្ចាញ់ផ្ចាលគ្នា ទៅជាការរួមគ្នាគិតគូអំពីផលប្រយោជន៍ទៅវិញទៅមក អំពីស្ថិរភាព វិបុលភាពរបស់តំបន់ និងពិភពលោក»។ 
 
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣។ សុទ្ទរកថារបស់សម្តេច ទៀ បាញ់ ក្នុងកិច្ចប្រជុំនេះ ត្រូវបានស្រង់យកទៅផ្សាយលើទំព័រហ្វេសប៊ុករបស់ក្រសួងការពារជាតិកម្ពុជា។ 
 
សម្តេច លើកឡើងថា ការប្រឈមមុខដាក់គ្នារវាងប្រទេសមហាអំណាច បានបង្កការរំខានដល់ភាពសុខដុម និងវិបុលភាពនៃប្រទេសតូចតាចដទៃទៀត។ ប្រមុខការពារជាតិកម្ពុជា បន្តថា គូប្រជែង មុខជាមិនបានទទួលផលចំណេញឡើយ ព្រោះពួកគេ ជៀសមិនផុតពីការពឹងពាក់គ្នាទៅវិញទៅមក ក្នុងរយពេលយូរអង្វែងតទៅទៀត។
 
ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន ទើបនឹងលើកឡើងនាពេលថ្មីៗនេះថា កម្ពុជា មិនចង់ឃើញចិន ឬអាម៉េរិក ចុះខ្សោយនោះទេ ព្រោះបើភាគីណាមួយចុះខ្សោយ នឹងបង្កឲ្យមានហានិភ័យសម្រាប់ប្រទេសក្នុងតំបន់ និងក្នុងពិភពលោក។ ប្រសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តីត្រង់កន្លែងនេះ ត្រូវបានសម្តេច ទៀ បាញ់ យកទៅចែករំលែកដល់អង្គប្រជុំខាងលើ។ 
 
ជាមួយគ្នានេះ រដ្ឋមន្រ្តីការពារជាតិកម្ពុជា អះអាងថា កម្ពុជា ក៏ចង់ឲ្យមានការបន្ធូរភាពតានតឹងនៅសមុទ្រចិនខាងត្បូង ព្រមទាំងចង់ឲ្យមានការស្វែងរកវិធីសាស្រ្តណាមួយ ដើម្បីបញ្ឈប់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន៕  
 

Tag:
 ទៀ បាញ់
© រក្សាសិទ្ធិដោយ thmeythmey.com