ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ផ្ដាំអត្តពលិកប៉ារ៉ាហ្គេមកម្ពុជាថា ទោះបីបាន ឬមិនបានមេដាយ កុំបាក់ទឹកចិត្ត
05, Jun 2023 , 3:30 pm        
រូបភាព
សម្ដេច ហ៊ុន សែន ផ្ដាំអត្តពលិកប៉ារ៉ាហ្គេមកម្ពុជា កុំឱ្យបាក់ទឹកចិត្ត បើទោះបីជាបាន ឬមិនបានមេដាយក្តី ព្រោះជាការប្រកួតស្មារតីកីឡា។ សម្ដេច ហ៊ុន សែន ថ្លែងបែបនេះ នៅក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចសរុបជិត ៦ពាន់នាក់ នាថ្ងៃទី៥ មិថុនា។



សារផ្ដាំផ្ញើរបស់សម្ដេច ហ៊ុន សែន នេះ ជាការលើកទឹកចិត្តបន្ថែមទៀត ដល់កីឡាករ កីឡាការិនីពិការភាពកម្ពុជា។ «លើកទឹកចិត្តឱ្យមានការខិតខំ (ប្រកួត) ក៏ប៉ុន្តែបើទោះជាបាន ឬមិនបាន (មេដាយ) ក្មួយ កូនៗ កុំបាក់ទឹកចិត្ត ព្រោះកីឡា មានឈ្នះ មានចាញ់ អ៊ីចឹងហើយ»។ នេះជាការបញ្ជាក់របស់ប្រមុខរដ្ឋាភិបាល ដែលបានបន្ថែមថា ទោះបីបានមេដាយ ឬអត់ គឺមិនជាបញ្ហាចោទទេ តែចំណុចសំខាន់នោះ គឺកម្ពុជាត្រូវធ្វើឱ្យបានល្អ ក្នុងនាមជាម្ចាស់ផ្ទះ ក្នុងការទទួលខុសត្រូវ និងរៀបចំព្រឹត្តិការណ៍នេះ។
 
សម្រាប់សម្ដេច ហ៊ុន សែន ការរៀបចំព្រឹត្តិការណ៍កីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ជាលើកដំបូង និងជាប្រវត្តិសាស្រ្តកម្ពុជានេះ នឹងបន្សល់ទុកកេរ្តិ៍ឈ្មោះ ដល់ប្រជាជនកម្ពុជា។ 
 
«លុយអាចចាយអស់ ប៉ុន្តែកេរ្តិ៍ឈ្មោះ ចាយអត់អស់ទេ»។ នេះបើតាមសម្ដេច ហ៊ុន សែន ដែលបានលើកឡើងជាថ្មីថា ការទទួលបដិសណ្ឋាកិច្ចដោយឥតគិតថ្លៃ សម្រាប់គណប្រតិភូកីឡា ពីបណ្ដាប្រទេសចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនេះ នឹងធ្វើឱ្យប្រជាជនជាង៦០០លាននាក់ ក្នុងតំបន់អាស៊ាន ចងចាំកម្ពុជា។
 
«កេរ្តិ៍ឈ្មោះ ដែលកម្ពុជាធ្វើស៊ីហ្គេម និងប៉ារ៉ាហ្គេម ២០២៣ ទុកបន្សល់ឱ្យកូនចៅជំនាន់ក្រោយរាប់រយឆ្នាំតទៅទៀត»។ សម្ដេច បន្ថែមថា កម្ពុជា ជាប្រទេសក្រ តែមានបេះដូងធំ។
សម្ដេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា រដ្ឋាភិបាល នឹងឆ្លាក់ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម រួមទាំងអត្តពលិកឆ្នើម អមដោយការបង្ហាញជារូបភាពវីដេអូផ្សេងៗទៀត នៅក្នុងវិមានឈ្នះឈ្នះ ផងដែរ៕

Tag:
 ហ៊ុន សែន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com