ជាតិ
សេដ្ឋកិច្ច
អ្នកនាំពាក្យ CMA ៖ ៦០ភាគរយនៃកម្ចីក្នុងវិស័យមីក្រូហិរញ្ញាវត្ថុនៅកម្ពុជា គ្មានទ្រព្យបញ្ចាំពីអតិថិជន
05, Jun 2023 , 9:39 pm        
រូបភាព
 រូបតំណាង៖ បុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុAMK កំពុងរាប់លុយផ្តល់ឱ្យអតិថិជន។​
រូបតំណាង៖ បុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុAMK កំពុងរាប់លុយផ្តល់ឱ្យអតិថិជន។​
ទំហំឥណទានក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា​មានដល់៩,៧ពាន់លានដុល្លារអាម៉េរិក ខណៈអតិថិជនក្នុងវិស័យនេះមានប្រមាណ២,១លាននាក់។ ក្នុងចំណោមគណនីអតិថិជនសរុប គឺមានប្រមាណ៦០ភាគរយ ដែលអតិថិជនទទួលបានកម្ចី ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដោយមិនមានទ្រព្យបញ្ចាំ។​ បើតាមលោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) កម្ចីដែលអតិថិជនទទួលបានដោយគ្មានមានទ្រព្យបញ្ចាំនោះមានភាគច្រើនក្នុងទំហំ ៣ ០០០ដុល្លារចុះក្រោម។

 
មកទល់បច្ចុប្បន្នមានប្រជាពលរដ្ឋប្រមាណ​២,១លាននាក់ជាអតិថិជនរបស់វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។ ក្នុងនោះមានជាង១,២លាននាក់​ នឹងស្មើនឹង៦០ភាគរយនៃចំនួនសរុប ដែលជាអតិថិជនទទួលប្រាក់កម្ចីពីវិស័យមីក្រូហិរញ្ញវត្ថុ ដោយមិនមានទ្រព្យបញ្ចាំទេ។ ការផ្តល់កម្ចីក្រោមទំហំ៣០០០ដុល្លារ ឬលើសពីនេះតិចតួច ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានានៅកម្ពុជា គឺមិនទាមទារឱ្យអ្នកខ្ចីមានទ្រព្យបញ្ចាំឡើយ។  
  

លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។ រូបថត៖ CMA 
 
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ(ThmeyThmey) លោក កាំង តុងងី រៀបរាប់ថា៖ « ក្នុងចំណោម កម្ចីសរុបដែលមិនមានទ្រព្យបញ្ចាំពីអតិថិជន គឺមាន៧៦ភាគរយ ជាប្រភេទកម្ចីក្នុង២០០០ដុល្លារចុះ និងមាន៧២ភាគរយ ប្រភេទកម្ចីក្រោមទំហំទឹកប្រាក់៣០០០ដុល្លារ»។​ 
 
ឥណទានដែលគ្មានទ្រព្យបញ្ចាំទាំងនោះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្សត់ខ្សោយ  និងជួយពលរដ្ឋឱ្យចៀសផុតពីបំណុលវ័ណ្ឌក ​តាមរយៈការយកកម្ចីក្រៅផ្លូវការ។ 
 
ដើម្បីជ្រាបកាន់តែច្បាស់សូមអញ្ជើញលោក-អ្នក​ ស្តាប់ពន្យល់របស់លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា៖ 



 
លើសពីនេះ ការផ្តល់ឥណទានដោយវិស័យមីក្រូហិរញ្ញវត្ថុនេះ គឺមានការការពារដោយច្បាប់ច្បាស់លាស់, មានអត្រាការប្រាក់សមរម្យ សម្រាប់ប្រជាពលរដ្ឋត្រឹម១,៥ភាគរយក្នុងមួយខែ ដើម្បីយកកម្ចីទាំងនោះទៅបង្កើនមុខរបរ, បង្កើនប្រាក់ចំណូលក្នុងគ្រួសារ ក៏ដូចជាការជួយកាត់បន្ថយភាពក្រីក្រ នៅសហគមន៍ និងតាមជនបទ។ ក្រៅតែពីតួនាទីជួយធ្វើឱ្យសង្គមប្រសើរឡើងនោះ កម្ចីឥតទ្រព្យបញ្ចាំនេះ ក៏ជួយជំរុញសេដ្ឋកិច្ចនៅតាមទីជនបទ ផងដែរ។  នេះជាការលើកឡើងរបស់អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។ 
 
លោក កាំង តុងងី បានអះអាងថា ពលរដ្ឋឱ្យតែមានមុខរបរ ឬអាជីវកម្មច្បាស់លាស់ និងប្រភពចំណូលត្រឹមត្រូវ គឺអាចស្នើសុំកម្ចី ពីមីក្រូហិរញ្ញវត្ថុដែលខ្លួនពេញចិត្តបានហើយ៕ 
 

Tag:
 ​ហិរញ្ញវត្ថុ
  កម្ចី
© រក្សាសិទ្ធិដោយ thmeythmey.com