ជាតិ
​​​ន​យោ​បាយ​ជាតិ​
គ.ជ.ប លើកច្បាប់មកព្រមានថា ការបំផុសមិនឲ្យពលរដ្ឋទៅបោះឆ្នោត ប្រឈមការពិន័យ៥ទៅ២០លានរៀល
06, Jun 2023 , 4:28 pm        
រូបភាព
លោក ប្រាជ្ញ ចន្ទ ប្រធានគ.ជ.ប ស្ថិតក្នុងកិច្ចប្រជុំមួយនាពេលកន្លងមក (រូបពីគ.ជ
លោក ប្រាជ្ញ ចន្ទ ប្រធានគ.ជ.ប ស្ថិតក្នុងកិច្ចប្រជុំមួយនាពេលកន្លងមក (រូបពីគ.ជ
ដោយ៖ ទេពញាណ 

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សង្កេតឃើញមានជនមួយចំនួន កំពុងនាំគ្នាធ្វើយុទ្ធនាការតាមបណ្តាញសង្គម ដោយអំពាវនា​វមិនឲ្យប្រជាជនចេញទៅបោះឆ្នោតជាតិនាពេលខាងមុខ ព្រោះគ្មានវត្តមានគណបក្សភ្លើងទៀនលើសន្លឹកឆ្នោត។ 
តាមរយៈសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣នេះ គ.ជ.ប លើកយកច្បាប់ស្តីពីការបោះឆ្នោត មកបង្ហាញថា ជនណា ដែលរារាំងប្រជាពលរដ្ឋ មិនឲ្យទៅបោះឆ្នោត ត្រូវពិន័យប្រាក់ពី៥លានរៀល ដល់២០លានរៀល ដោយមិនទាន់គិតពីទោសព្រហ្មទណ្ឌផ្សេងទៀត។ 
 
គ.ជ.ប លើកឡើងពីទង្វើផ្សេងទៀត ដែលនាំឲ្យប្រឈមនឹងការពិន័យប្រាក់ពី៥លានរៀល ដល់២០លានរៀលដែរនោះ រួមមានជាអាទិ៍ ការធ្វើឲ្យភាន់ច្រឡំដល់ការបោះឆ្នោត ការធ្វើឲ្យបាត់ទំនុកចិត្តលើការបោះឆ្នោត និងការរំខានមិនឲ្យការបោះឆ្នោតដំណើរការទៅបាន។
 
«គ.ជ.ប នឹងមានវិធានការយ៉ាងម៉ឺងម៉ាត់បំផុតចំពោះសកម្មភាពទាំងឡាយណា ដែលរំលោភលើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត បទបញ្ជា និងនីតិវិធីរបស់គ.ជ.ប»។ នេះជាការប្រកាសទុកជាមុនរបស់គ.ជ.ប តាមរយៈសេចក្តីប្រកាសព័ត៌មានខាងលើ។ 
 
បន្ថែមពីនេះ គ.ជ.ប ទាញយកចំណុច១ក្នុងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃស្ថាប័នខ្លួន ទៅប្រាប់សាធារណជនថា គ.ជ.ប អាចចាត់វិធានការគ្រប់រូបភាព ដើម្បីធានាឲ្យការបោះឆ្នោត ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ 
 
គ.ជ.ប អំពាវនាវឲ្យអ្នកដែលឃោសនាមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត ឲ្យបញ្ឈប់សកម្មភាពនេះ ឬសកម្មភាពណា ដែលខុសច្បាប់។ ស្ថាប័នរៀបចំការបោះឆ្នោតមួយនេះ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោត ចេញទៅបោះឆ្នោតឲ្យបានគ្រប់គ្នាផងដែរ។ 
 
ដូចការសង្កេតឃើញរបស់គ.ជ.ប មែន គឺពិតជាមានការបំផុសបំផុលសារលើបណ្តាញសង្គម ជាពិសេសហ្វេសប៊ុក ដោយអំពាវនាវមិនឲ្យប្រជាពលរដ្ឋចេញទៅបោះឆ្នោត ដោយសារគណបក្សភ្លើងទៀន មិនបានចូលរួមប្រកួត។ អ្នកដែលផ្តើមគំនិតធ្វើសកម្មភាពនេះ ភាគច្រើនជាអ្នកមាននិន្នាការប្រឆាំង ដែលកំពុងស្ថិតនៅឯក្រៅប្រទេស។ 
 
ការធ្វើយុទ្ធនាការពីសំណាក់អ្នកប្រឆាំង មិនឲ្យប្រជាពលរដ្ឋចេញទៅបោះឆ្នោតសម្រាប់អាណត្តិទី៦នេះ គឺដូចទៅនឹងយុទ្ធនាការរបស់ពួកគេ កាលពីបោះឆ្នោតអាណត្តិទី៦ដែរ ដោយកាលនោះ គណបក្សសង្គ្រោះជាតិ ជាគណបក្សប្រឆាំងធំជាងគេ មិនបានចូលរួមប្រកួត ព្រោះត្រូវរំលាយចោល។ 
 
គណបក្សភ្លើងទៀន ដែលជាគណបក្សជំទាស់លេចធ្លោជាងគេ ខ្វះឯកសារ១សន្លឹក គឺប្រកាសដើម ស្តីពីការចុះបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃ ទើបត្រូវគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មិនអនុញ្ញាតឲ្យចូលរួមប្រកួត។ គណបក្សភ្លើងទៀន បានបាត់ប្រកាសដើមនេះ នៅឆ្នាំ២០១៧។
 
ក្នុងសេចក្តីប្រកាសព័ត៌មាន គ.ជ.ប បញ្ជាក់ជាថ្មីថា ការសម្រេចមិនឲ្យគណបក្សភ្លើងទៀន ចូលប្រកួត គឺធ្វើទៅតាមច្បាប់ និងអនុវត្តដោយស្មើភាពចំពោះគណបក្សទាំងអស់ ហើយក៏គ្មានការរើសអើងចំពោះគណបក្សណាដែរ។ 
 
ក្នុងការបោះឆ្នោតជាតិ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ មានគណបក្ស១៧ ដែលនឹងចូលរួមប្រកួតជាមួយគណបក្សប្រជាជនកម្ពុជា ជាគណបក្សកាន់អំណាច៕ 
 

Tag:
 គជប
  គណបក្សភ្លើងទៀន
© រក្សាសិទ្ធិដោយ thmeythmey.com