ជាតិ
សេដ្ឋកិច្ច
រដ្ឋមន្ត្រីសេដ្ឋកិច្ច សម្រេចលើកលែងពន្ធលើអចលនទ្រព្យ ដែលស្ថិតនៅក្រុងថ្មី ចំនួន៤
06, Jun 2023 , 9:39 pm        
រូបភាព
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ពន្ធអចលនទ្រព្យដែលស្ថិតនៅក្នុងក្រុង​ដែលទើបត្រូវបានបង្កើតថ្មីចំនួន៤​ ត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រេចលើកលែងពន្ធរហូតដល់ដំណាច់ឆ្នាំ២០២៣។ ក្រុងទាំង៤នោះ គឺមានក្រុងឧដុង្គម៉ែជ័យខេត្តកំពង់ស្ពឺ,​ ក្រុងអរិយក្សត្រ  ក្រុងសំពៅពូន ខេត្តកណ្តាល និងក្រុងបូកគោ ខេត្តកំពត។​

 
ដ្បិតម្ចាស់អចលនទ្រព្យ ដែលស្ថិតនៅក្នុងក្រុងទាំង៤នេះ ត្រូវបានលើកលែងពន្ធរហូតដល់ដំណាច់ឆ្នាំ២០២៣ ប៉ុន្តែម្ចាស់អចលនទ្រព្យត្រូវមានកាតព្វកិច្ចចុះបញ្ជីអចលនទ្រព្យ នៅសាខាពន្ធដារខេត្តទាំងនោះ ឬ​នៅនាយកដ្ឋានពន្ធអចលនទ្រព្យ នៃអគ្គនាយកដ្ឋានពន្ធដារ(GDT)។ 
 
ប្រកាសរបស់លោក​ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលចុះនៅថ្ងៃទី១មិថុនា បានបញ្ជាក់ ថា៖ «ក្នុងករណីអចលនទ្រព្យស្ថិតក្នុងក្រុងឧដុង្គម៉ែជ័យ ក្រុងអរិយក្សត្រ  ក្រុងសំពៅពូន និងក្រុងបូកគោ បានបង់ពន្ធលើអចលនទ្រព្យរួចហើយ ចំនួនប្រាក់ដែលបានបង់រួចនោះ ត្រូវបានអនុញ្ញាតឱ្យធ្វើជាឥណទានយោងសម្រាប់យកទៅកាត់កងពន្ធលើអចលនទ្រព្យសម្រាប់ឆ្នាំបន្តបន្ទាប់»។​ 
 
បើតាមលោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ម្ចាស់អចលនទ្រព្យត្រូវស្នើសុំឥណទានពន្ធលើអចលនទ្រព្យដែលបានបង់រួច​​នៅសាខាពន្ធដារ​ខេត្តដែលអចលនទ្រព្យរបស់លោកអ្នកស្ថិតនៅ ឬនៅអគ្គនាយកដ្ឋាន សម្រាប់យកទៅកាត់កងពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំបន្ទាប់៕ 
 

Tag:
 ពន្ធដារ
  អចលនទ្រព្យ
© រក្សាសិទ្ធិដោយ thmeythmey.com