ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ស្នើឱ្យវៀតណាម ចាប់លោក សម រង្ស៊ី បើសិនហ៊ានចូលទឹកដីនេះ
07, Jun 2023 , 9:55 am        
រូបភាព
សម្ដេច ហ៊ុន សែន ស្នើឱ្យអាជ្ញាធរវៀតណាម ចាប់លោក សម រង្ស៊ី បើសិនជាមេដឹកនាំក្រុមប្រឆាំងរូបនេះ ហ៊ានឈានជើងចូលទឹកដីវៀតណាម។ សម្ដេច ប្រកាសបែបនេះ នៅក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និង បើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ក្បាលស្ពាន នាថ្ងៃទី៧ មិថុនា។



សម្ដេច ហ៊ុន សែន ទទួលបានដំណឹងថា លោក សម រង្ស៊ី មានគម្រោងចូលទៅប្រទេសវៀតណាម ក្នុងនាមជាភ្ញៀវទេសចរ ដោយប្រើប្រាស់លិខិតឆ្លងដែនសញ្ជាតិបារាំង។ ក្រោយទទួលបានដំណឹងនេះ សម្ដេច ក៏ប្រាប់ទៅរដ្ឋាភិបាលវៀតណាម តាមរយៈអគ្គរដ្ឋទូតប្រចាំកម្ពុជា ឱ្យត្រៀមកម្លាំងចាប់មេដឹកនាំប្រឆាំងរូបនេះ។ 
 
ប្រមុខរដ្ឋាភិបាល បានផ្ដាំឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាដូច្នេះថា៖«ឯកឧត្តមអគ្គរដ្ឋទូត ជូនដំណឹងទៅ(រដ្ឋាភិបាលវៀតណាម)ហ្មងទៅ ។ គេ(សម រង្ស៊ី) មានផែនការចូលម៉ាឡេស៊ី តែម៉ាឡេស៊ីឱ្យចេញវិញ។ គេមានផែនការចូលថៃ គេមានផែនការចូលវៀតណាមទៀត តាមរយៈ Passport បារាំង ធ្វើជាភ្ញៀវទេសចរ ដើម្បីបង្កើតស្ថានភាពបែបនេះ។ ហើយបើសិនចូល(វៀតណាម) ខ្ញុំសូមស្នើចាប់មកឱ្យខ្ញុំ ព្រោះមានដីកាចាប់ខ្លួន»។
 
លោកនាយករដ្ឋមន្រ្តី បានបន្ថែមថា កម្ពុជា និងវៀតណាម មានទំនាក់ទំនងធ្វើបត្យាប័នជាមួយគ្នា ក្នុងការចាប់ខ្លួនអ្នកជាប់ទោស បញ្ជូនទៅវិញទៅមក។ សម្ដេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា បើវៀតណាម មិនព្រមចាប់លោក សម រង្ស៊ី បញ្ចូនមកកម្ពុជាទេ នោះវៀតណាម នឹងមានបញ្ហាជាមួយកម្ពុជា។

Tag:
 ហ៊ុន សែន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com