ជាតិ
​​​ន​យោ​បាយ​ជាតិ​
ទោះច្រកត្រូវបិទឈឹងហើយក្តី ភ្លើងទៀន នៅតែបង្ហាញឆន្ទៈចង់ចូលប្រកួត
07, Jun 2023 , 2:19 pm        
រូបភាព
ពិធីជួបជុំមួយគណបក្សភ្លើងទៀននាពេលកន្លងមក (រូបពីគណបក្សភ្លើងទៀន)
ពិធីជួបជុំមួយគណបក្សភ្លើងទៀននាពេលកន្លងមក (រូបពីគណបក្សភ្លើងទៀន)
គណបក្សភ្លើងទៀន ដែលជាគណបក្សជំទាស់លេចធ្លោជាងគេ នៅតែនិយាយដដែលមិនព្រមឈប់អំពីក្តីប្រាថ្នារបស់ខ្លួន ដែលចង់មានឈ្មោះលើសន្លឹកឆ្នោតនឹងគេដែរ ទាំងដែលអាជ្ញាកណ្តាល ដកខ្លួនចេញបញ្ជីប្រកួតប្រជែង និងបិទផ្លូវតវ៉ាហើយក្តី។



តាមរយៈសេចក្តីថ្លែងការណ៍ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ គណបក្សភ្លើងទៀន ប្រកាសដូចមុនៗថា៖«គណបក្សភ្លើងទៀន នៅតែរក្សាគោលជំហររបស់ខ្លួន ក្នុងការធ្វើសកម្មភាពស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ជាពិសេសច្បាប់ស្តីពីគណបក្សនយោបាយ និងរក្សាឆន្ទៈក្នុងការចូលរួមការបោះឆ្នោតទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាបន្តបន្ទាប់នាពលខាងមុខ»។ 
 
ព្រោះតែខ្វះឯកសារ១សន្លឹក គឺប្រកាសដើមស្តីពីការចុះបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃ ទើបគណបក្សភ្លើងទៀន ត្រូវគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បដិសេធមិនឲ្យចូលរួមប្រកួត ក្នុងការបោះឆ្នោតជាតិ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ គណបក្សភ្លើងទៀន បានបាត់ប្រកាសដើមនេះ នៅឆ្នាំ២០១៧។ នៅសល់គណបក្ស១៧ ដែលនឹងចូលរួមប្រកួតជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចដ៏ខ្លាំងក្លា។ 
 
គណបក្សភ្លើងទៀត ប្រឹងតវ៉ានៅគ.ជ.បផង និងទៅដល់ក្រុមប្រឹក្សាធម្មនុញ្ញផង តែសុទ្ធតែទទួលការបរាជ័យទាំង២ដំណាក់កាល។ ការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ គឺបិទផ្លូវតវ៉ា។ សហគមន៍អន្តរជាតិ និងស្ថានទូតបរទេសខ្លះប្រចាំនៅកម្ពុជា ប្រតិកម្មនឹងគ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ ដែលដកគណបក្សភ្លើងទៀន ចេញពីបញ្ជីប្រកួតប្រជែង។ យ៉ាងណា ប្រតិកម្មទាំងនេះ គ្មានបានផលអ្វីឡើយ។ 
 
ក្នុងសេចក្តីថ្លែងការណ៍ គណបក្សភ្លើងទៀន បានអរគុណអ្នកគាំទ្រ ដែលនៅតែបន្តគាំទ្រ បើទោះបីជាគណបក្សភ្លើងទៀន មិនបានចូលរួមប្រកួតក្នុងការបោះឆ្នោតជាតិនាពេលខាងមុខក្តី៕ 
  
 

Tag:
 គណបក្សភ្លើងទៀន
© រក្សាសិទ្ធិដោយ thmeythmey.com