ជាតិ
សេដ្ឋកិច្ច
ចិន បន្តសិក្សាគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត
07, Jun 2023 , 4:06 pm        
រូបភាព
សម្តេច ហ៊ុន សែន ចាប់ដៃជាមួយ លោក វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នាព្រឹកថ្ងៃទី៧មិថុនា_ ឆ្នាំ២០២៣។
សម្តេច ហ៊ុន សែន ចាប់ដៃជាមួយ លោក វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នាព្រឹកថ្ងៃទី៧មិថុនា_ ឆ្នាំ២០២៣។
កម្ពុជា ចុះហត្ថលេខាលើការសិក្សាសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ជាមួយក្រុមហ៊ុនចិន នារសៀលថ្ងៃទី៧មិថុនា ឆ្នាំ២០២៣។ នេះជាការលើកឡើងរបស់ប្រមុខរដ្ឋាភិបាល សម្តេច ហ៊ុន សែន ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ក្រោមទុនវនិយោគជាង ១ ៣០០លានដុល្លារ របស់ចិន។

 
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌគម្រោងសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត រវាងរាជរដ្ឋាភិបាល និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) បានធ្វើឡើងនៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។ សម្តេច ហ៊ុន សែន បានប្រសាសន៍ថា៖«យើងនឹងផ្តើមចុះហត្ថលេខានៅម៉ោង២រសៀលថ្ងៃនេះ អំពីការសិក្សាផ្លូវល្បឿនលឿន តភ្ជាប់ភ្នំពេញទៅសៀមរាប និងសៀមរាប ទៅប៉ោយប៉ែត។ ផ្លូវល្បឿនលឿននេះវានឹងកើតមុនពេលដែលខ្ញុំស្លាប់ បើទោះបីជាខ្ញុំមិនធ្វើនាយករដ្ឋមន្ត្រីបន្តទៀតក៏ដោយ»។​
 
គម្រោងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត នឹងក្លាយជាផ្លូវល្បឿនលឿនទី៣របស់កម្ពុជា បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលដាក់ឱ្យប្រើប្រាស់បានរយៈពេលជិត១ឆ្នាំ​មកនេះ​ ខណៈផ្លូវល្បឿនលឿនខ្សែទី២ ភ្នំពេញ-បាវិត ត្រូវបានបើកការដ្ឋានសាងសង់ នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។ ផ្លូវទាំងនេះ គឺសុទ្ធសឹងជាគម្រោងវិនិយោគរបស់ក្រុមហ៊ុនចិន។​
 
តាមគំរូប្លង់សិក្សាដោយក្រុមហ៊ុនចិនដែលបង្ហាញនាពេលកន្លងមក គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប នឹងត្រូវឆ្លងកាត់រាជធានីខេត្តចំនួន៥ មានប្រវែងសរុប២៧២គីឡូម៉ែត្រ។ ក្នុងនោះគឺឆ្លងកាត់រាជធានីភ្នំពេញ ខេត្ដកណ្ដាល កំពង់ចាម កំពង់ធំ និងខេត្ដសៀមរាប។ ការសាងសង់​ផ្លូវនេះត្រូវការទុនវនិយោគប្រមាណ ២ ៥០០លានដុល្លារ៕​

Tag:
 (ជាតិ
 ​សេដ្ឋកិច្ច)
© រក្សាសិទ្ធិដោយ thmeythmey.com