ជាតិ
ក្រសួងអប់រំ និង WHO លើកកម្ពស់សុខភាពសិក្សា នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅ
07, Jun 2023 , 6:59 pm        
រូបភាព
តំណាងក្រសួងអប់រំ  និង អង្គការ WHO ព្រមទាំង សិក្ខាកាម ក្នុងកិច្ចសហការលើការងារទាំងនេះ   រូបភាពពី៖ ក្រសួងអប់រំ យុវជន និងកីឡា
តំណាងក្រសួងអប់រំ និង អង្គការ WHO ព្រមទាំង សិក្ខាកាម ក្នុងកិច្ចសហការលើការងារទាំងនេះ រូបភាពពី៖ ក្រសួងអប់រំ យុវជន និងកីឡា
ដោយ៖ សុង សុធាវី 
 
សៀមរាប៖ ក្រសួងអប់រំ និងអង្គការសុខភាពពិភពលោក រៀបចំសិក្ខាសាលាតម្រង់ទិស ពីការលើកកម្ពស់សុខភាពសិក្សា សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅ ដើម្បីបង្កើនគុណវុឌ្ឍិគណៈគ្រប់គ្រង គ្រូបង្គោលសុខភាពសិក្សា គ្រូបង្រៀនមុខវិជ្ជាអប់រំសុខភាព ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី៧ នេះ។

 
លោកស្រី ឆាយ គឹមសុទ្ធាវី ប្រធាននាយកដ្ឋានសុខភាពសិក្សា បាននិយាយថា ការបើកវគ្គតម្រង់ទិសនេះ ជាការលើកកម្ពស់សុខភាពទាំងផ្លូវកាយ ផ្លូវចិត្តសង្គម។ លោកស្រីបានបញ្ជាក់បែបនេះ៖ «សុខភាពគឺជាជីវិត ការអប់រំគឺជាអនាគត ការយល់ដឹងពីគោលការណ៍ណែនាំប្រតិបត្តិនៅថ្ងៃនេះ នឹងជួយឱ្យយើងអាចរៀបចំផែនការប្រតិបត្តិប្រចាំឆ្នាំ ផែនការមេ និងសាលាគំរូ លើផ្នែកសុខភាព នៅទូទាំងប្រទេស ដើម្បីអភិវឌ្ឍសាលារៀន និងសង្គមឱ្យមានភាពរីកចម្រើន»។

តំណាងក្រសួងអប់រំ និង អង្គការ WHO ព្រមទាំង សិក្ខាកាម ក្នុងកិច្ចសហការលើការងារទាំងនេះ រូបភាពពី៖ ក្រសួងអប់រំ យុវជន និងកីឡា

អ្នកចូលរួមកម្មវិធីនេះ នឹងមានការយល់ដឹងពីគោលការណ៍ណែនាំប្រតិបត្តិ ,អាចមានសមត្ថភាពធ្វើស្វ័យវាយតម្លៃស្ថានភាពគ្រឹះស្ថានសិក្សារបស់ខ្លួន និងចូលរួមរៀបចំផែនការមេអភិវឌ្ឍន៍គ្រឹះស្ថានសិក្សាសំដៅលើការរក្សាបាននូវសុខភាពល្អជូនសិស្ស និងក្រុមគ្រួសាររបស់ពួកគេ។
 
ជាមួយគ្នានេះ លោកស្រី Dr. Nargiza Khodjaeva តំណាងអង្គការWHO ប្រចាំកម្ពុជា បានថ្លែងថា សិក្ខាសាលា តម្រង់ទិសពីការប្រើប្រាស់និងអនុវត្តគោលការណ៍ស្តង់ដាស្តីពីការលើកម្ពស់សុខភាពសិក្សា នឹងជួយឱ្យគណៈគ្រប់គ្រង លោកនាយក នាយិកា គ្រូបង្គោល លោកគ្រូ អ្នកគ្រូ និងសិស្ស 
ទទួលបាននូវចំណេះសម្បទា បំណិនសម្បទា និងចរិយាសម្បទា ដែលសំដៅលើការចូលរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា៕
 

Tag:
 វិស័យអប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com