ជាតិ
៥ខែនេះ រមណីយដ្ឋានអង្គរ ទទួលបានទេសចរអន្តជាតិជាង ៣៤ម៉ឺននាក់
07, Jun 2023 , 8:19 pm        
រូបភាព
ភ្ញៀវទេសចរមកកម្សាន្តនៅរមណីយដ្ឋានអង្គរ។
ភ្ញៀវទេសចរមកកម្សាន្តនៅរមណីយដ្ឋានអង្គរ។
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ ទេសចរអន្តជាតិប្រមាណ ៣៤ម៉ឺននាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ  ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្នៀស ។ បើតាមគ្រឹះស្ថានរមណីយដ្ឋានអង្គរ កំណើនទេសចរអន្តរជាតិកើនឡើងជាង ៦រយភាគរយ រយៈពេល៥ខែនេះ។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ទេសចរអន្តរជាតិ ទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្នៀស ចំនួន ៣៤៤ ៧៥៧នាក់ រយៈពេល៥ខែនេះ។ តួលេខភ្ញៀវទេសចរអន្តរជាតិនេះ បានធ្វើឱ្យរមណីយដ្ឋានអង្គរ ទទួលបានចំណូល ១៦ ០៦៥ ៨២៩ដុល្លារអាម៉េរិក។
 
ដោយែឡកក្នុងខែឧសភាវិញ គ្រឹះស្ថានអង្គរអាចរកចំណូលបាន ២ ០៣៤ ៦២៣ដុល្លារអាម៉េរិក ។ ក្នុងនោះចំណូលពីការលក់សំបុត្រទូកកំពង់ផែចុងឃ្នៀស ៣៥ ០១៧ដុល្លារ និងសំបុត្រចូលទស្សនាប្រាសាទកោះកែរចំនួន ១០ ៨០០ដុល្លារ។
 
ចំណូលជាង ១៦លានដុល្លារដែលគ្រឹះស្ថានអង្គរទទួលបានរយៈពេល៥ខែនេះ ត្រូវបានបរិច្ចាគទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាចំនួន ៦៨៩ ៥១៤ដុល្លារអាម៉េរិក។ សូមជម្រាបថា តម្លៃចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ, ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។នេះបើតាមសេចក្ដីប្រកាសព័ត៌មានដដែល៕
 

Tag:
 ទេសចរណ៍
  គ្រឹស្ថានអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com