ជាតិ
សេដ្ឋកិច្ច
ការទូទាត់ឆ្លងដែន ស្កេន QR Code រវាងកម្ពុជា​-ថៃ សម្រេចបានទឹកប្រាក់ជាង ៣០០០លានរៀល
08, Jun 2023 , 9:39 pm        
រូបភាព
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី កំពុងផ្តល់សម្ភាសឱ្យក្រុមអ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី៨មិថុនា ឆ្នាំ២០២៣
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី កំពុងផ្តល់សម្ភាសឱ្យក្រុមអ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី៨មិថុនា ឆ្នាំ២០២៣
ការទូទាត់ប្រាក់ឆ្លងដែន តាមរយៈការស្កេន QR Code នៅរវាងកម្ពុជា ថៃ​បានសរុប២៧លានបាត ស្មើប្រមាណ៣,១ពាន់លានរៀល។ ការប្រតិបត្តិការនេះ គឺមិនអស់ថ្លៃសេវា រួមទាំងមិនខាតអត្រាប្តូរប្រាក់នៅលើទីផ្សារ​។​ ពលរដ្ឋដែលប្រើប្រាស់អេស៊ីលីដាម៉ូបាល អាចសេ្កន QR Code សម្រាប់ការទូទាត់ចំណាយនានា នៅប្រទេសថៃ​ បានដល់ទំហំទឹកប្រាក់ ៥២លានរៀលក្នុងមួយថ្ងៃ។​

 
កម្ពុជា​ និងថៃ បានដាក់ឲ្យប្រើប្រាស់​នូវ​ប្រព័ន្ធប្រតិបត្តិការទូទាត់ឆ្លងដែន តាមរយៈការស្កេន QR  Code បានជាងរយៈពេល៣ឆ្នាំហើយ ពោលចាប់ពីខែកុម្ភៈ ឆ្នាំ២០២០មក។​​ ការដាក់ឱ្យដំណើរការនូវប្រព័ន្ធឌីជីថលនេះ បានធ្វើឲ្យអ្នកប្រើប្រាស់អេស៊ីលីដាម៉ូបាលនៅកម្ពុជា អាចស្កេនទូទាត់​ប្រាក់នៅប្រទេសថៃ បានរហូតដល់៥២លានរៀល​នៅក្នុងមួយថ្ងៃ។  
 
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី​ បានបញ្ជាក់ថា ក្នុងចំណោមទឹកប្រាក់ទាំង៥២លានរៀលនេះ​ គឺពលរដ្ឋអាចស្កេនទូទាត់ចេញគណនីធនាគារ បានចំនួន៤០លានរៀល និងស្កេនចេញពីអេស៊ីលីដាម៉ូបាលបាន១២លានរៀល។ បើតាមលោកបណ្ឌិត អ៊ិន ចាន់នី ពលរដ្ឋដែលមានអេស៊ីលីដាម៉ូបាល អាចស្កេន ThaiQR (PromptPay)បានគ្រប់កន្លែង សម្រាប់ការទូទាត់ថ្លៃសេវា និងទំនិញនៅតាមហាង តាមផ្សារ ភោជនីយដ្ឋាន រួមទាំងមធ្យាបាយធ្វើដំណើរ និងការប្រើប្រាស់នានា ដោយមិនអស់ថ្លៃសេវា​ និងមិនមានការកំណត់។ 
 
«នៅពេលដែលយើងមានសេវាទូទាត់ឆ្លងដែននេះ គឺយើងអាចនាំប្រាក់រៀលទៅប្រើក្នុងទីផ្សារអន្តរជាតិ ដោយចាប់ផ្តើមអនុវត្តនៅប្រទេសថៃ។ ប្រាក់រៀលរបស់យើងអាចបានតម្លៃពេញលេញក្នុងការទូទាត់ទំនិញអន្តរជាតិបាននៅក្នុងប្រទេសថៃ ដែលនេះគឺជាកិតិ្តយសជាតិយើងមួយដែរ»។ នេះជាការលើកឡើងរបស់លោកបណ្ឌិត អ៊ិន ចាន់នី ​ដោយបន្តរៀបរាប់ថា​ គិតចាប់ពីខែកុម្ភៈ ឆ្នាំ២០២០ រហូតដល់ខែឧសភា ឆ្នាំ២០២៣ ចំនួន​ប្រតិបត្តិការទូទាត់ឆ្លនដែននេះ មានទៅដល់ ៩ ៥៥៥ ស្មើនឹងទំហំទឹកប្រាក់​ប្រមាណ ២៧លានបាត (ប្រមាណ៣,១ពាន់លានរៀល)។
 
ការអនុវត្តការទូទាត់ប្រាក់ឆ្លងដែននេះ ​បានឈានចូលដល់ដំណាក់ទី២ ដែលត្រូវបានដាក់ឱ្យដំណើរការដោយធនាការជាតិនៃកម្ពុជា​ និងធនាគារជាតិថៃ កាលថ្ងៃទី៦មិថុនា ឆ្នាំ២០២៣។ ក្នុងដំណាក់កាលនេះ គឺពលរដ្ឋថៃអាចស្កេនឃ្យូអរកូត(QR Code)នៅកម្ពុជា បានផងដែរ។ បើតាមធនាគារជាតិ ការដាក់ឱ្យដំណើរការគម្រោងនេះ គឺមានអត្ថប្រយោជន៍ណាស់សម្រាប់លើកកម្ពស់ការទូទាត់រូបិយវត្ថុជាតិ។ លើសពីនេះ វា​បានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុ សម្រួលការធ្វើពាណិជ្ជកម្មឆ្លងដែន និងកំណើនភ្ញៀវទេសចរទៀតផ​ង។  
 
ពេលពលរដ្ឋថៃដែលមកកម្ពុជាអាចទូទាត់ចំណាយនានា តាមរយៈការស្កេនលើKHQR នៃពាណិជ្ជកររបស់ធនាគារដែលជាសមាជិករបស់បាគង( Bakong)។ បច្ចុប្បន្ន ធនាគារដែលជាសមាជិកបាគងរបស់ធនាគារជាតិនៃកម្ពុជា(NBC) គឺមានចំនួន ៤៨ស្ថាប័ន៕ 
 

Tag:
 ធនាគារ និងហិរញ្ញវត្ថុ
  QR Code
  FinTech
© រក្សាសិទ្ធិដោយ thmeythmey.com