ជាតិ
សេដ្ឋកិច្ច
អចលនទ្រព្យ
សម្តេច ហ៊ុន សែន ចង់ដឹងពីចំនួនអ្នកដែលត្រូវបុរីរឹបអូសផ្ទះ
09, Jun 2023 , 9:26 am        
រូបភាព
«តើអ្នកដែលត្រូវគេរឹបអូសផ្ទះមានប៉ុន្មាននាក់? តើបុរីណាខ្លះដែលរឹបអូស»។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន បានចោទជាសំណួរបែបនេះ នាអំឡុងនៃពិធីសំណេះសំណាលជាមួយជាមួយកម្មករ-កម្មការិនីជាង១៨០០០នាក់នៅខេត្តកំពង់ឆ្នាំង ព្រឹកថ្ងៃសុក្រ ទី៩ ខែមិថុនា នេះ។
 
ការរឹបអូសផ្ទះ ជាពិសេសអតិថិជនដែលបានបង់មួយចំនួនហើយ ត្រូវបានសម្តេច ហ៊ុន សែន លើកឡើងថា ជាករណីមិនត្រឹមត្រូវ ដោយសម្តេចស្នើឱ្យរៀបចំឥណទានឡើងវិញ រវាងម្ចាស់បុរី ជាមួយនឹងអ្នកទិញ។ «ជាផ្នែកមួយនៃយុត្តិធម៌សង្គម»។ សម្តេច បានបញ្ជាក់យ៉ាងដូច្នេះ ដោយបញ្ជាឱ្យលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រៀបចំបញ្ជីឈ្មោះអ្នកដែលត្រូវបុរីរឹបអូសផ្ទះ។
 
ដោយសារតែអាជ្ញាធរមិនអាចកត់ត្រា និងដឹងពីចំនួនជាក់ស្តែង ប្រមុខរដ្ឋាភិបាលស្នើឱ្យពលរដ្ឋដែលត្រូវបានបុរីរឹបអូសផ្ទះ ទៅរាយការណ៍នៅ CDC។ សម្តេចបន្ថែមថា អ្នកខ្លះបង់បាន៥ម៉ឺនដុល្លារលើតម្លៃផ្ទះ១០ម៉ឺនដុល្លារ ហើយបែរជាត្រូវម្ចាស់បុរីរឹបអូស វាជារឿងអយុត្តិធម៌ ដែលសម្តេចត្រូវយកខ្លួនមកពាំង។
 
«ធ្វើបុណ្យជាតិនេះ កុំចាំជាតិក្រោយ»។ សម្តេចបាននិយាយបែបនេះ សំដៅទៅកាន់បណ្តាឧកញ៉ា ជាពិសេសម្ចាស់បុរី ឱ្យមានការយោគយល់ដល់អតិថិជន តាមរយៈការរៀបចំឥណទានឡើងវិញ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com