ជាតិ
សេដ្ឋកិច្ច
កម្ពុជា ចុះកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយជាមួយអេមីរ៉ាតអារ៉ាប់រួម
09, Jun 2023 , 2:12 pm        
រូបភាព
លោក ប៉ាន សូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចុះហត្ថលេខាលើការបង្កើតកិច្ចព្រមព្រៀងងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ជាមួយលោក Thani bin Ahmed Al Zeyoudi រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិក្រោមអធិបតីភាព សម្តេច
លោក ប៉ាន សូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចុះហត្ថលេខាលើការបង្កើតកិច្ចព្រមព្រៀងងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ជាមួយលោក Thani bin Ahmed Al Zeyoudi រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិក្រោមអធិបតីភាព សម្តេច
កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ត្រូវបានរដ្ឋាភិបាលប្រទេសទាំងពីរសម្រេចបង្កើតឡើង ដើម្បីជំរុញសេដ្ឋកិច្ច​ និងពាណិជ្ជកម្ម។ លោក ប៉ាន សូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចុះហត្ថលេខាជាមួយលោក Thani bin Ahmed Al Zeyoudi រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិ ការបង្កើតកិច្ចព្រមព្រៀងនេះ នៅថ្ងៃទី៨មិថុនា ឆ្នាំ២០២៣។​
 
Cambodia-UAE Comprehensive Economic Partnership Agreement/CEPA ជាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម។ កិច្ចព្រមពៀងនេះត្រូវបានបង្កើតឡើងបន្ទាប់ពីតំណាងរដ្ឋាភិបាលប្រទេសពីរ​បានបញ្ចប់ការចរចាចំនួន៣ជុំដោយជោគជ័យ នាពេលកន្លងមក។ 
 
រដ្ឋាភិបាលប្រទេសទាំងពីរសម្រេចបង្កើតកិច្ចព្រមព្រៀងនេះឡើង ដើម្បីធ្វើឱ្យមានភាពប្រសើរឡើងនូវលំហូរពាណិជ្ជកម្មទំនិញនិងសេវា វិធានដើមកំណើតទំនិញ នីតិវិធីគយនិងកិច្ចសម្រួលពាណិជ្ជកម្ម អនាម័យនិងភូតគាមអនាម័យ និងរបាំងបច្ចេកទេសពាណិជ្ជកម្ម។ ជាពិសេស គឺជំរុញការវិនិយោគ, បង្កើនការធ្វើពាណិជ្ជកម្មឌីជីថល, ការពារកម្មសិទ្ធិបញ្ញា, និងបង្កើនការចូលរួមរបស់សហគ្រាសធុនតូចនិងមធ្យមក្នុងខ្សែច្រវាក់តម្លៃសកល តាមរយៈការអនុវត្តប្រកបដោយតម្លាភាព ជាមួយនឹងឧបាស្រ័យពាណិជ្ជកម្ម និងយន្តការដោះស្រាយវិវាទ។
 
យោងតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម អនុលោមតាមគោលនយោបាយពាណិជ្ជកម្មអន្តរជាតិនៃភាគីទាំងពីរនេះ នឹងកា្លយជាកម្លាំងចលករក្នុងការបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមករវាង ដែលមានថាមវ័ន្តសេដ្ឋកិច្ចខ្លាំង ប្រកបដោយសក្តានុពលនិងកាលានុវត្តភាពថ្មី នៅក្នុងតំបន់អាស៊ី និងមជ្ឈឹមបូព៌ា។ ក្រសួងបានបញ្ជាក់ថា ៖ ​« ការណ៍នេះ នឹងជាសក្ខីភាព ដែលឆ្លុះបញ្ចាំងពីការទទួលស្គាល់ជាសកលលោកពីគ្រប់មជ្ឈដ្ឋាននូវការអភិវឌ្ឍរបស់ប្រទេសកម្ពុជាប្រកបដោយវិបុលភាព និងសន្តិភាពនៅក្នុងយុគសម័យឌីជីថល»។
 
បើតាមលោ​ក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បន្ទាប់ពីរដ្ឋាភិបាលប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះរួច ខាងអ្នកជំនាញប្រទេសទាំងពីរនឹងពន្លឿននីតិវិធីផ្ទៃក្នុងជាបន្តបន្ទាប់ ដើម្បីបំពេញនីតិវិធីផ្ទៃក្នុង និងស្នើសុំសច្ចាប័នលើសេចក្តីព្រាងកិច្ចព្រមព្រៀងនេះ នាពេលខាងមុខ។ 
 
«​​ក្រោយចុះហត្ថលេខាលើការបង្កើតកិច្ចព្រមព្រៀងនេះ យើងត្រូវបន្តនីតិវិធីឆ្លងទៅរដ្ឋសភា។ រួចបន្តនីតិវិធី​ឆ្លងព្រឹទ្ធសភា​ ហើយឈានដល់ការឡាយព្រះហត្ថរបស់ព្រះមហាក្សត្រលើកិច្ចព្រមព្រៀងនេះ»។ ​លោក សុវិជាតិ​ បានរៀបរាប់បែបនេះមកកាន់សារព័ត៌មានថ្មីៗ(Thmey Thmey) ដោយបានបញ្ជាក់ថា ៖​ «បន្ទាប់ពីនីតិវិធីយើងរៀបចំរួច យើងត្រូវជូនដំណឹងទៅខាងភាគីអេមីរ៉ាតអារ៉ាប់រួម។ ក្រោយជូនដំណឹងគេរួចហើយ យើងត្រូវរង់ចាំចំនួន៦០ថ្ងៃទៀត មុននឹងកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរចូលជាធរមាន»។​
 
សូមជម្រាបថា Cambodia-UAE CEPA គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសរីទី៣ ក្នុងកម្រិតទ្វេភាគី បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន ដែលបានចូលធរមានកាលពីថ្ងៃទី១មករា ឆ្នាំ២០២២ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-កូរ៉េខាងត្បូង កាលពីថ្ងៃទី១ធ្នូ ឆ្នាំ២០២២៕

© រក្សាសិទ្ធិដោយ thmeythmey.com