ជាតិ
សេដ្ឋកិច្ច
ផ្លូវខេត្តលេខ៣១២ ចំណាយថវិកា ២៥លានដុល្លារ ដើម្បីលើកកម្រិតគុណភាព
09, Jun 2023 , 6:59 pm        
រូបភាព
ដោយ:
ផ្លូវខេត្តលេខ៣១២ ប្រវែងជាង ២៨គីឡីម៉ែត្រ ស្ថិតនៅស្រុកព្រះស្តេច ខេត្តព្រៃវែង ចំណាយថវិកាប្រមាណ ២៥លានដុល្លារអាម៉េរិក ដើម្បីលើកកម្រិតគុណភាពឡើងវិញ។ នេះបើតាមលោក ស៊ុន​ ចាន់ថុល​ រដ្ឋមន្ត្រីក្រសួងាធារណការ​ និងដឹកជញ្ជូន​ ថ្លែងក្នុងពិធីបើកការដ្ឋានលើកកម្រិតជួសជុល និងថែទាំផ្លូវខេត្តលេខ៣១២ នៅថ្ងៃទី៩ ខែមិថុនា។



លោក ស៊ុន​ ចាន់ថុល​ រដ្ឋមន្ត្រីក្រសួងាធារណការ​ និងដឹកជញ្ជូន​ បានលើកឡើងថា​ ផ្លូវខេត្តលេខ៣១២ ដែលបានស្ថាបនានេះ ចាប់ពីភូមិសំរោង ឃុំល្វា (ត្រង់ផ្លូវបំបែកផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ៧៧+០៨២) រហូតដល់ភូមិករគោ ឃុំបន្ទាយចក្រី ព្រំប្រទល់កម្ពុជា-វៀតណាម នៃភូមិសាស្ត្រស្រុកព្រះស្តេច ខេត្តព្រៃវែង។ 


លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងាធារណការ និងដឹកជញ្ជូន ថ្លែងក្នុងពិធីបើកការដ្ឋានលើកកម្រិតជួសជុល និងថែទាំផ្លូវខេត្តលេខ៣១២ នៅថ្ងៃទី៩ ខែមិថុនា។ រូបភាព៖ ក្រសួងសាធារណការនិងដឹកជញ្ជូន
 
គម្រោងនេះ នឹងត្រូវស្ដារពង្រីកទទឹងតួផ្លូវពី ៤ទៅ៥ម៉ែត្រ ទៅទទឹងតួផ្លូវប្រវែង ១២ម៉ែត្រ និងលើកកម្រិតគុណភាពពីប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់(DBST) ទៅជាប្រភេទ ផ្លូវក្រាលកៅស៊ូAC មានកម្រាស់ ៦សង់ទីម៉ែត្រ និង ៨សង់ទីម៉ែត្រ ។ ផ្លូវនេះក្រាលបេតុងសរសៃដែក កម្រាស់ ២៥សង់ទីម៉ែត្រ ដែលមានទទឹងរួម ១១ម៉ែត្រ និងមានគន្លងសម្រាប់រថយន្ត និងគន្លងសម្រាប់ទោចក្រយានធ្វើចរាចរណ៍ ២គន្លងទៅមក។
 
ផ្លូវខេត្តលេខ ៣១២នេះ គឺជាខ្សែផ្លូវយុទ្ធសាស្រ្តដ៏សំខាន់ ដែលឆ្លងកាត់ភូមិចំនួន៤ ក្នុងស្រុកព្រះស្ដេចខេត្តព្រៃវែង រួមមាន ភូមិល្វា ភូមិជ័យកំពក ភូមិអង្គរាជ្យ និងបន្ទាយចក្រី។ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា៖«ផ្លូវនេះ នឹងជួយសម្រួល ការធ្វើដំណើររបស់ប្រជាពលរដ្ឋ សិស្សានុសិស្ស និងការដឹកទំនិញ កសិផលផ្សេងៗ ទៅកាន់ទីក្នុងស្រុក បន្ទាប់ពីសាងសង់រួចរាល់ ជាពិសេសនឹងជួយលើកកម្ពស់បន្ថែម ពីសកម្មភាពផ្លាស់ប្ដូរពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាមឱ្យបានល្អបន្ថែមទៀត»។
 
បើតាមលោក​ ស៊ុន​ ចាន់ថុល​​ ផ្លូវខេត្តលេខ៣១២នេះ នឹងត្រូវសាងសង់ដោយក្រុមហ៊ុន ILSUNG-KR JOINT VENTURE ប្រើប្រាស់រយៈពេលសាងសង់ចំនួន ១៨ខែ និងថែទាំរយៈពេល ៦០ខែ និង ប្រើប្រាស់ថវិកាជាឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ២៥លានដុល្លារអាម៉េរិក សម្រាប់ការសាងសង់ និងបោសសម្អាតគ្រាប់មីនយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។ ក្នុងនោះក៏មានថវិកាបដិភាគរបស់រាជរដ្ឋាភិបាល សម្រាប់ការដោះស្រាយផលប៉ះពាល់ផងដែរ។
 
សូមជម្រាបថា ផ្លូវខេត្តលេខ៣១២នេះ ត្រូវបានសាងសង់កាលពីឆ្នាំ២០១១ ម្ដងរួចមកហើយ ជាប្រភេទផ្លូវក្រាលគៅស៊ូ ២ស្រទាប់ ដែលជាជំនួយរបស់រដ្ឋាភិបាលវៀតណាម តែដោយសារមានកំណើនចរាចរណ៍ និងការដឹកជញ្ជូនរថយន្តធន់ធ្ងន់ច្រើន ទើបធ្វើឱ្យផ្លូវនេះទទួលរងខូចខាត និងជួលជុលស្ដារឡើងវិញ៕
 

Tag:
 ផ្លូវខេត្ត៣១២
© រក្សាសិទ្ធិដោយ thmeythmey.com