ជាតិ
សេដ្ឋកិច្ច
លោក ច្រឹក សុខនីម ៖ ចរន្តទិញ-លក់អចលទ្រព្យនៅកម្ពុជា មានសន្ទុះថមថយ ដោយសារការធ្លាក់ចុះអតិថិជនបរទេស
09, Jun 2023 , 3:29 pm        
រូបភាព
សន្ទុះនៃការទិញ-លក់អចលនទ្រព្យនៅកម្ពុជានាពេលបច្ចុប្បន្ន ហាក់មាននិន្នាការថមថយ ដោយសារតែការរឹតបន្តឹងអត្រាការប្រាក់ ,អចលនទ្រព្យនៅក្នុងតំបន់ មានសភាពមិនច្បាស់លាស់ រួមជាមួយការធ្លាក់ចុះនូវតម្រូវការផ្ទះ និងការធ្លាក់ចុះនូវអតិថិជនបរទេស។ នេះជាការលើកឡើងរបស់លោក ច្រឹក សុខនីម ប្រធានសមាគមវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា​។

 
លោក ច្រឹក សុខនីម បានមើលឃើញពីស្ថានភាពអចលទ្រព្យនៅកម្ពុជា មាននិន្នាការថមថយ ដែលភាគច្រើននៅក្នុងដោះដូរ ឬទិញលក់ គឺសុទ្ធសឹងតែជាអតិថិជនក្នុងស្រុក ។ បើតាមលោក សុខនីម ចំនួនដោះដូរ ឬទិញ-លក់ ក៏មិនមានការកើនឡើងនោះទេ ។ 
 
លោក ច្រឹក សុខនីម ប្រធានសមាគមវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា។ រូបភាពពី CVEA ។
ដោយឡែកបណ្តាក្រុមហ៊ុនដែលអភិវឌ្ឍអចលទ្រព្យបានទម្លាក់ដៃការសាងសង់របស់ខ្លួនបន្តិច ដោយសារតែតម្រូវការអចលទ្រព្យថ្មីនាពេលបច្ចុប្បន្នមានការថយចុះ ក៏ប៉ន្តែមិនមានក្រុមហ៊ុនអចលទ្រព្យណាមួយក្ស័យធនទេ ដោយគ្រាន់តែបានកាត់បន្ថយការផលិតតែប៉ុណ្ណោះ។ នេះជាការអះអាងរបស់លោក ច្រឹក សុខនីម ប្រាប់សារព័ត៌មានថ្មីៗនាថ្ងៃទី ០៩ ខែឧសភា។ 
 
បើតាមប្រធានសមាគមអ្នកវាយតម្លៃអចលទ្រព្យរូបនេះ ចំពោះការធ្លាក់ចុះអតិជនបរទសក្នុងការទិញ-លក់អចលនទ្រព្យនៅកម្ពុជា ដោយសារតែចរន្តសាច់ប្រាក់មានការខ្វះខាត ភាពមិនច្បាស់លាល់នៃវិស័យអចលទ្រព្យនៅក្នុងតំបន់ដែលមានការធ្លាក់ថ្លៃច្រើន។ ទន្ទឹមនេះ អតិជនទាំងនោះមានផ្ទះរួចរាល់ហើយ ស្របពេលដែលអតិជនមួយចំនួនរង់ចាំមើលស្ថានភាពបោះឆ្នោតនៅកម្ពុជា ។
 
ប្រមុខថ្នាក់ដឹកនាំកម្ពុជាកាលពីព្រឹកថ្ងៃទី​០៩ ខែឧសភា សម្តេច ហ៊ុន​ សែន ក៏បានចោទជាសំណួរ «តើអ្នកដែលត្រូវគេរឹបអូសផ្ទះមានប៉ុន្មាននាក់? តើបុរីណាខ្លះដែលរឹបអូស»។ សម្តេចបានបញ្ជាក់ថា បញ្ហានេះ ជាផ្នែកមួយដែលនាំឱ្យមានភាពអយុត្តិធម៌ក្នុងសង្គម។ 
 
ចំពោះបញ្ហាខាងលើនេះ លោក ច្រឹក សុខនីម ក្នុងនាមជាប្រធានសមាគមបានឃើញអំពីទិដ្ឋភាពនេះ កើតឡើងចំពោះក្រុមហ៊ុនមួយចំនួន ប៉ុន្តែលោកមិនមានទិន្នន័យជាក់លាក់ណាមួយជុំវិញរឿងនេះទេ។ លោកបានបន្តថា ចំពោះយន្តការនៃការរឹបអូសគួរតែមានការជជែក និងទុកពេលវេលាច្រើនដង ដើម្បីទុកឱកាសដល់អតិថិជន។ ចំណែកយន្តការរឹបអូសគឺជាយន្តការចុងក្រោយ ជាមួយអតិថិនជននឹងម្ចាស់ផ្ទះ ដែលក្រុមហ៊ុនមួយចំនួនចេញគោលការណ៍ច្រើនហួសហេតុ ដែលនាំមានរូបភាពមិនល្អនៅក្នុងវិស័យអចលទ្រព្យ។
 
ជារួមសម្រាប់វិធានការណ៍ដោះស្រាយបញ្ហាអចលទ្រព្យនៅកម្ពុជានាពេលបច្ចុប្បន្ន រដ្ឋាភិបាលគួរតែបន្តលើកទឹកចិត្តបន្ថូរបន្ថយអត្រាការប្រាក់ ដើម្បីឱ្យអតិជនមានឱកាសខ្ចីប្រាក់បានច្រើនជាងមុន និងការពន្យាពេលបង់ពន្ធលើប្រាក់ចំណេញ បន្តការលើកលែងបុរីពន្ធក្រោម ៧ម៉ឺនជាដើម។  ក្រៅពីការជួយលើកទឹកចិត្តរបស់រដ្ឋាភិបាល ក្រុមហ៊ុនអចលទ្រព្យក៏ត្រូវវាយតម្លៃអចលទ្រព្យច្បាស់លាស់ និងការផ្តល់ព័ត៌មានជាក់លាក់ទៅដល់អតិជនផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក ច្រឹក សុខនីម​៕
 

Tag:
 អចលទ្រព្យ
  ច្រឹក សុខនីម
© រក្សាសិទ្ធិដោយ thmeythmey.com