អេសស៊ីជី (SCG) បានរៀបចំវគ្គផ្ដាច់ព្រ័ត្រការប្រកួតវិញ្ញាសាបេតុងថ្នាក់ជាតិ កាលពីថ្ងៃទី ០៨ ខែមិថុនា នៅឯមជ្ឈមណ្ឌលបណ្តុះបណ្ដាលអ្នកជំនាញអេសស៊ីជី (SCG Techpert Center) ដែលក្នុងនោះសិស្សនិស្សិតមកពីសាកលវិទ្យាល័យ និងវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈចំនួន ៦ បានមកចូលរួមប្រកួត។
ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះ ធ្វើឡើងក្រោយពេលដែលសិស្សនិស្សិតរាប់រយនាក់ ត្រូវបានជ្រើសរើសឲ្យចូលរួមវគ្គបណ្ដុះបណ្ដាលលើវិញ្ញាសាផ្នែកបេតុង ហើយឆ្លងកាត់ការធ្វើតេស្តដោយផ្ទាល់មាត់ និងតេស្តសរសេរ ការចុះទស្សនកិច្ចសិក្សានៅតាមបណ្ដារោងចក្របេតុង អេសស៊ីជី ខនគ្រីត និងឆ្លងកាត់វគ្គអនុវត្តផ្ទាល់ផងដែរ ។
លោក ធីរ៉ាក់ឆេត វិផាសា ជានាយកគ្រប់គ្រងរបស់ក្រុមហ៊ុនបេតុង អេសស៊ីជី (SCG) មានប្រសាសន៍ថា៖ «អេសស៊ីជីតែងតែព្យាយាមស្វែងរកវិធីសាស្ត្រប្រកបដោយភាពច្នៃប្រឌិត ដើម្បីជួយអភិវឌ្ឍធនធានមនុស្សនៅកម្ពុជានៅក្នុងវិស័យសំណង់ ដែលក្នុងនោះរាប់បញ្ចូលទាំងជំនាញផ្នែកបេតុង។ យើងសង្ឃឹមថា យុវជនឆ្នើមទាំងអស់នេះ នឹងក្លាយជាធនធានមនុស្សយ៉ាងសំខាន់នៅក្នុងវិស័យសំណង់នៅកម្ពុជានាពេលអនាគត តាមរយៈស្នាដៃប្រកបដោយគុណភាព និងជំនាញរបស់ខ្លួន គួបផ្សំជាមួយនឹងសម្ភារៈសំណង់ដែលមានគុណភាព ដូចជាសម្ភារៈសំណង់មកពី អេសស៊ីជី ជាដើម។»
យោងតាមក្រុមហ៊ុនអេសស៊ីជី បានឲ្យដឹងថា សកលវិទ្យាល័យ និងវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈទាំង ៦ ដែលចូលរួមប្រកួតនោះ រួមមាន សកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា (PUC) វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញ កម្ពុជា-ថៃ (CTSDI) សកលវិទ្យាល័យន័រតុន វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI)។
ក្នុងនោះ ក្នុងមួយ សកលវិទ្យាល័យ ឬមួយវិទ្យាស្ថាន មានសិស្សនិស្សិត ឆ្នាំទី ៣ និងទី ៤ ចំនួន ៦០ នាក់ ត្រូវបានជ្រើសរើសសម្រាប់វគ្គបណ្ដុះបណ្ដាល លើកលែងតែនិស្សិតនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ដែលមាននិស្សិតចំនួន ២០០ នាក់ត្រូវបានជ្រើសរើស ហើយសិស្សិនិស្សិតទាំងអស់ត្រូវបានជម្រុះតាមរយៈការធ្វើតេស្តសរសេរ។
បន្ទាប់មកសម្រាប់វិទ្យាស្ថាន ឬសកលវិទ្យាល័យនីមួយៗ សិស្សនិស្សិតមួយក្រុម ៥ នាក់ ត្រូវបានជ្រើសរើសសម្រាប់ចូលរួមវគ្គបន្ទាប់ គឺការចុះទស្សនកិច្ចសិក្សា ដែលក្នុងនោះ អេសស៊ីជី នាំពួកគាត់ទៅចុះទស្សនកិច្ចនៅតាមរោងចក្របេតុង អេសស៊ីជី ខនគ្រីត ដើម្បីឲ្យពួកគាត់បានឃើញ និងស្វែងយល់ពីចង្វាក់ផលិតកម្មបេតុងជាក់ស្ដែង។
នៅក្នុងវគ្គអនុវត្ត សិស្សនិស្សិតមកពីក្រុមនីមួយៗ ត្រូវបានអនុញ្ញាតឲ្យអនុវត្តផ្នែកបេតុងចំនួនពីរលើកនៅ ឯមជ្ឈមណ្ឌលបណ្តុះបណ្ដាលអ្នកជំនាញអេសស៊ីជី (SCG Techpert Center) សម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ក្រុមសិស្សនិស្សិត បានឆ្លងកាត់ការធ្វើតេស្តផ្ទាល់មាត់ ការធ្វើតេស្តសរសេរ និងការធ្វើតេស្តផ្នែកបេតុង។
សិស្សនិស្សិតចំនួនបីក្រុមត្រូវបានជ្រើសរើសជាអ្នកឈ្នះ ដែលមកពី វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេក ទេស(NTTI) សកលវិទ្យាល័យន័រតុន និង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ហើយពួកគេបានទទួលវិញ្ញាបនបត្រទទួលស្គាល់ពី អេសស៊ីជី ផងដែរ ។
ទន្ទឹមនឹងនេះ ក្រុមជ័យលាភីចំណាត់ថ្នាក់ទីមួយបានទទួលរង្វាន់ជាទឹកប្រាក់ ៤ លានរៀល ជ័យលាភីចំណាត់ថ្នាក់ទីពីរ បានទទួល ៣ លានរៀល និងចំណាត់ថ្នាក់ទី ៣ បានទទួល ២ លានរៀល។
និស្សិត ហុង សេងហួត តំណាងឲ្យក្រុមជ័យលាភីលេខ១មកពី វិទ្យាស្ថានជាតិបណ្តុះបណ្តាល បច្ចេកទេស(NTTI) បាននិយាយថា៖ «ពួកខ្ញុំមានសេចក្ដីរំភើបរីករាយមែនទែន ដែលបានចូលរួមក្នុងការប្រកួតនេះ ។ និយាយរួម ពួកខ្ញុំបានរៀនសូត្រយល់ដឹងបានច្រើនក្នុងអំឡុងពេលចូលរួមការប្រកួត ហើយយើងសង្ឃឹមថា នឹងយកចំណេះដឹងទាំងនេះទៅប្រើប្រាស់នៅក្នុងជីវិតប្រចាំថ្ងៃ ក៏ដូចជានៅក្នុងអាជីពការងាររបស់យើងនាពេលអនាគតផងដែរ។»
គួររំលឹកផងដែរថា អេសស៊ីជី គឺជាក្រុមហ៊ុន ដែលមានវត្តមាននៅកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩២ មកម្លះ ដោយ ផលិត និងផ្គត់ផ្គង់សម្ភារៈសំណង់ ដែលមានគុណភាពសម្រាប់គម្រោងលំនៅដ្ឋាន និងគម្រោងសំណង់នានារាប់មិនអស់។ ក្នុងនោះអេសស៊ីជី បានកសាងកិតិ្តនាមរបស់ខ្លួនតាមរយៈការចូលរួមនៅក្នុងគម្រោងសាងសង់ធំៗជាច្រើននៅក្នុងប្រទេស មានដូចជា ស្ពានអ្នកលឿង ផ្លូវល្បឿនលឿនដំបូងគេរបស់កម្ពុជាពីភ្នំពេញទៅក្រុងព្រះសីហនុ និងអគារខ្ពស់ដំបូងគេ គឺអគារវឌ្ឍនៈថៅវើ។
គួរបញ្ជាក់ថា ក្រុមហ៊ុន អេសស៊ីជី (SCG) បានរៀបចំកម្មវិធីខាងលើ គឺក្នុងគោលបំណងដើម្បីជួយអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យសំណង់ ជាពិសេសនោះជំនាញផ្នែកបេតុង ដែលត្រូវបានធ្វើឡើងតាមស្តង់ដារ របស់ក្រុមហ៊ុន ធានានៅគុណភាពខ្ពស់ ជាប់ធន់បានយូររាល់ការសាងសង់សំណង់គ្រប់ប្រភេទ ។ ហើយសិស្សនិស្សិតដែលបានចូលរួមទាំងនោះ ក្រោយពីការបញ្ចប់ការសិក្សាជំនាញនិងចំណេះដឹងអនុវត្តជាក់ ស្តែង ពួកគេនឹងក្លាយជាធនធានមួយយ៉ាងសំខាន់ក្នុងវិស័យសំណង់នៅប្រទេសកម្ពុជានាពេលអនាគត ។
អំពីក្រុមហ៊ុន អេសស៊ីជី (SCG)
អេសស៊ីជី (SCG) ជាក្រុមហ៊ុនពហុសាជីវកម្មឈានមុខគេនៅក្នុងតំបន់អាស៊ាន ដោយប្ដេជ្ញាចិត្តក្នុងការធ្វើប្រតិបត្តិការអាជីវកម្មស្របតាមគន្លង ESG (បរិស្ថាន សង្គម អភិបាលកិច្ច) អស់រយៈពេល ១១០ ឆ្នាំមកហើយ ។ វប្បធម៌យូរអង្វែងរបស់ក្រុមហ៊ុនក្នុងការសិក្សាស្វែងយល់ ការសម្របខ្លួន និងការអភិវឌ្ឍន៍នៅក្នុងគ្រប់វិស័យទាំងអស់ បានផ្ដល់លទ្ធភាពឲ្យអេសស៊ីជី អាចឆ្លងកាត់ដោយជោគជ័យនូវរលកវិបត្តិ និងបញ្ហាជាច្រើន ហើយមានការទទួលស្គាល់ថាជាតួអង្គគំរូសម្រាប់អាជីវកម្មផ្សេងទៀតទាំងនៅក្នុងស្រុក និងអន្តរជាតិ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ kh.scgbuildingmaterials.com ។
(អត្ថបទពាណិជ្ជកម្ម)