សេដ្ឋកិច្ច
អន្តរជាតិ
ទីក្រុងដែលថ្លៃបំផុតទាំង ១០​នៅអាស៊ី សម្រាប់ជនបរទេស​
09, Jun 2023 , 8:59 pm        
រូបភាព
មជ្ឈមណ្ឌលកណ្តាលនៃទីក្រុងហុងកុង។ រូបភាពពី AFP ។
មជ្ឈមណ្ឌលកណ្តាលនៃទីក្រុងហុងកុង។ រូបភាពពី AFP ។
ហុងកុង (ចិន) និងសិង្ហបុរី គឺជាឈ្មោះទីក្រុងពីរដែលស្ថិតក្នុងបញ្ជីទីក្រុងថ្លៃបំផុតនៅអាស៊ីសម្រាប់ជនបរទេស។ ចំណាត់ថ្នាក់ទី៣ និង ៤ បានទៅលើទីក្រុង សេអ៊ូល និងតូក្យូ។ តាមពីក្រោយដោយ សៀងហៃ ក្វាងចូវ សេនចេន ប៉េកាំង តៃប៉ិ និង យូកូហាម៉ា។

 
ទីក្រុង​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​នៅ​អាស៊ី​សម្រាប់​ជនបរទេស​គឺ​ហុងកុង។ ​មិនមានអ្វី​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ទេ ព្រោះ​ទីក្រុង​នេះ​បានជាប់ចំណាត់ថ្នាក់បួន​ឆ្នាំ​ជាប់​គ្នារួចមកហើយ ដោយ​ឈរ​នៅ​លំដាប់​កំពូល​ក្នុង​បញ្ជី​ទីក្រុង​ថ្លៃ​បំផុត​សម្រាប់​ជនបរទេស​នៅ​ទូទាំង​ពិភពលោកផងដែរ។
 
លោក Lee Quane នាយកប្រចាំតំបន់អាស៊ីនៅអង្គការស្រាវជ្រាវ ECA International បានលើកឡើងថា ៖«  តម្លៃទំនិញ និងសេវាកម្មនៅក្នុងទីក្រុងហុងកុងបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ការវាយតម្លៃរបស់យើងគឺដោយសារតែការកើនឡើងនៃតម្លៃទំនិញ និងសេវាកម្មប្រចាំថ្ងៃ ប៉ុន្តែការជួលមានធ្លាក់ចុះ»។
 
កន្លែង​ដែល​ថ្លៃ​ជាង​គេ​ទី​ពីរ​នៅ​អាស៊ី​គឺ​សិង្ហបុរី ​ដែល​កើន​ឡើង​ប្រាំបី​​ចំណាត់​ថ្នាក់​បើធៀប​ឆ្នាំ​មុន។ ការស្ទង់មតិដោយ ECA International ក៏បានរកឃើញថា សិង្ហបុរីក៏ជាទីក្រុងដែលមានតម្លៃថ្លៃបំផុតទី ៥ នៅលើពិភពលោកផងដែរ ។ បើតាម ​​ECA ការកើនឡើងនៃចំណាត់ថ្នាក់នេះគឺដោយសារតែមានការកើនឡើងយ៉ាងឆាប់រហ័សនៃថ្លៃស្នាក់នៅនៅសិង្ហបុរី។
 
របាយការណ៍ថ្មីៗនេះពីមជ្ឈមណ្ឌលលំនៅដ្ឋានអាស៊ីប៉ាស៊ីហ្វិកនៃវិទ្យាស្ថាន Urban Land បានរកឃើញថាអចលនទ្រព្យជួលឯកជននៅសិង្ហបុរីមានការជួលប្រចាំខែខ្ពស់បំផុតនៅអាស៊ីប៉ាស៊ីហ្វិកគឺ ២៦០០ដុល្លារ ដែលមានគម្លាតថ្លៃឆ្ងាយជាងទីក្រុងដទៃទៀត។
 
លោក Quane បានបន្តថា ការបន្ធូរបន្ថយការរឹតបន្តឹងកូវីដពីមុននៅសិង្ហបុរី បានជំរុញឱ្យមានតម្រូវការកន្លែងស្នាក់នៅរបស់ជនបរទេសខ្ពស់ជាងសមត្ថភាពផ្គត់ផ្គង់។  ស្ទើរតែទាំងអស់នៃទីតាំងអាស៊ីដែលត្រូវបានស្ទង់មតិបានធ្លាក់ចុះដោយសារអត្រាអតិផរណាទាបជាងបើប្រៀបធៀបទៅនឹងតំបន់ផ្សេងទៀត។
 
លក្ខណៈពិសេសគួរឱ្យកត់សម្គាល់មួយនៅក្នុងបញ្ជីនោះគឺថា ទីក្រុងរបស់ចិនដីគោកដូចជាទីក្រុងសៀងហៃ និងក្វាងចូវបានធ្លាក់ចេញពីចំណាត់ថ្នាក់កំពូលទាំង ១០ របស់ពិភពលោក ហើយបច្ចុប្បន្នត្រូវបានជាប់ចំណាត់ថ្នាក់ទី ១៣ និង ១៤ ជាទីក្រុងដែលថ្លៃបំផុតនៅលើពិភពលោកសម្រាប់ជនបរទេស។
 
ប្រាក់យ៉ន់ដែលធ្លាក់ចុះធៀបនឹងប្រាក់ដុល្លារនាំឱ្យការចំណាយទាបនៅក្នុងទីក្រុងនានារបស់ចិន ដែលធ្វើឱ្យតម្លៃនៃការរស់នៅកាន់តែថោក។ ទន្ទឹមនេះ ប្រាក់យ៉េនធ្លាក់ថ្លៃក៏បានរុញឱ្យទីក្រុងតូក្យូដែលជាប់ចំណាត់ថ្នាក់ទី ៥ នៅទូទាំងពិភពលោកក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ បានធ្លាក់មកនៅចំណាត់ថ្នាក់ទី១០ផងដែរ។
 
ជារួមចំណត់ថ្នាក់ទីក្រុងដែលថ្លៃបំផុតទាំង ១០នៅអាស៊ីសម្រាប់បរទេសរួមាន ៖ ហុងកុង, សិង្ហបុរី, សេអ៊ូល, តូក្យូ, សៀងហៃ, ក្វាងចូវ, សេនចេន, ប៉េកាំង, តៃប៉ិ និងយូកូហាម៉ា។ នេះបើតាមទិន្នន័យពីអង្គការស្រាវជ្រាវ ECA International ៕ 
 
 

Tag:
 អាស៊ី
  ហុងកុង
 សិង្ហបុរី
© រក្សាសិទ្ធិដោយ thmeythmey.com