ជាតិ
បោះឆ្នោត
រដ្ឋ នឹងបន្តសុពលភាពដល់អត្តសញ្ញាណប័ណ្ណដែលផុតកំណត់ ដើម្បីអាចប្រើក្នុងការបោះឆ្នោត
09, Jun 2023 , 9:44 pm        
រូបភាព
អត្តសញ្ញាណប័ណ្ណផុតសុពលភាព នឹងត្រូវពន្យារសុពលភាព ដើម្បីឲ្យម្ចាស់អត្តសញ្ញាណប័ណ្ណទាំងនោះ អាចប្រើប្រាស់បានក្នុងការបោះឆ្នោតជាតិ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។



សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីមហាផ្ទៃ បានសរសេរលិខិតជូនទៅសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីពិនិត្យលើសំណើអំពីការពន្យារសុពលភាពដល់អត្តសញ្ញាណប័ណ្ណ ដែលអស់សុពលភាព។ សម្តេចរដ្ឋមន្រ្តី បាននិយាយពីរឿងនេះ ក្នុងពិធីមួយនៅខេត្តព្រៃវែង នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។   
 
រដ្ឋមន្រ្តីមហាផ្ទៃ មានប្រសាសន៍ដូច្នេះថា៖«យើង មិនមែនពន្យារ [សុពលភាពឲ្យ] រហូតទេ។ ពន្យារសម្រាប់ការបោះឆ្នោត ហើយរហូតដល់ការប្រកាសលទ្ធផលផ្លូវការនៃបោះឆ្នោត ចប់ ព្រោះយើងត្រៀម ខ្លាចមានការបោះឆ្នោតឡើងវិញនៅកន្លែងណាមួយ តែយើងមិនធ្លាប់មានករណីហ្នឹងទេ កម្រមានណាស់»។ 
 
បើតាមសម្តេច ស ខេង ការពិនិត្យពន្យារសុពលភាពនេះ គឺដោយសារអាជ្ញាធរ មិនអាចធ្វើអត្តសញ្ញាណប័ណ្ណថ្មីទាន់ពេល ខណៈការបោះឆ្នោតកាន់តែជិតចូលមកដល់ទៅហើយ។ ចំពោះអ្នកដែលបាត់អត្តសញ្ញាណប័ណ្ណ សម្តេច ណែនាំឲ្យប្រញាប់រាយការណ៍ទៅអាជ្ញាធរ ហើយអាជ្ញាធរ ត្រូវចេញលិខិតបញ្ជាក់អត្តសញ្ញាណប័ណ្ណជូន ដើម្បីយកទៅប្រើក្នុងការបោះឆ្នោត៕  ​​
 

Tag:
 ស ខេង
  អត្តសញ្ញាណប័ណ្ណ
© រក្សាសិទ្ធិដោយ thmeythmey.com