អន្តរជាតិ
ក្រសួងការបរទេសកូរ៉េខាងត្បូង កោះហៅអគ្គរដ្ឋទូតចិនចំពោះការអធិប្បាយមិនសមរម្យ
10, Jun 2023 , 10:39 am        
រូបភាព
អគ្គរដ្ឋទូតចិនប្រចាំទីក្រុងសេអ៊ូល Xing Haiming ត្រូវបានក្រសួងការបរទេសកូរ៉េខាងត្បូងកោះហៅនៅថ្ងៃទី៩ ខែមិថុនា ដើម្បីតវ៉ាចំពោះការអធិប្បាយរបស់លោកជុំវិញទំនាក់ទំនងកូរ៉េខាងត្បូង-អាម៉េរិក ដែលអាចជាការបំពានកិច្ចការផ្ទៃក្នុងកូរ៉េខាងត្បូងផ្ទាល់។

 
ក្នុងជំនួបជាមួយមេបក្សប្រឆាំងធំជាងគេរបស់កូរ៉េខាងត្បូង លោក Xing Haiming បានរិះគន់រដ្ឋាភិបាលកូរ៉េខាងត្បូងសព្វថ្ងៃចំពោះបញ្ហាលំបាកក្នុងទំនាក់ទំនងទ្វេភាគី ដោយសារការមិនគោរពផលប្រយោជន៍ស្នូលរបស់ទីក្រុងប៉េកាំងរាប់បញ្ហាកោះតៃវ៉ាន់។ ប្រេសិតចិនថែមទាំងអះអាងពីការកើនឡើងឥទ្ធិពលអាម៉េរិកលើទំនាក់ទំនងចិន-កូរ៉េខាងត្បូងថែមទៀត។
 
«ទំនាក់ទំនងចិន-កូរ៉េខាងជួបបញ្ហាលំបាកជាច្រើន។ ឱ្យស្មោះត្រង់ទៅ វាមិនជាកំហុសរបស់ចិនទេ។» លោក Xing និយាយបែបនេះក្នុងសេចក្ដីប្រកាសរបស់ស្ថានទូតចិន។ អគ្គរដ្ឋទូតចិន ក៏ទទូចឱ្យរដ្ឋាភិបាលទីក្រុងសេអ៊ូល រក្សាការសន្យារបស់ខ្លួន និងគោរពផលប្រយោជន៍ចិន ហើយក៏ឆ្លៀតព្រមានការគិតគូរខុសណាមួយចំពោះចិនតាមឥទ្ធិពលខាងក្រៅដែរ។
 
ក្រោយការចេញផ្សាយនេះ អនុរដ្ឋមន្រ្តីការបរទេសទីមួយ Chang Ho-jin ក៏ហៅលោក Xing ទៅព្រមានជុំវិញការអធិប្បាយបែបបង្កហេតុ និងបង្ហាញការសោកស្ដាយចំពោះសម្ដីបែបនេះ។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេសកូរ៉េខាងត្បូង។ លោក Chang ចាត់ទុកការរិះគន់ដោយចំហលើគោលនយោបាយរបស់សេអ៊ូលបែបនេះ អាចជាការបំពានកិច្ចការផ្ទៃក្នុងទៀតផង។
 
យ៉ាងណាមិញ ពីទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិន Wang Wenbin អះអាងថា វាជាតួនាទីរបស់លោក Xing ក្នុងការពង្រីកទំនាក់ទំនងជាមួយរដ្ឋាភិបាលកូរ៉េខាងត្បូង បក្សនយោបាយ និងប្រជាជនគ្រប់ជាន់ថ្នាក់ ក៏ដូចជាការផ្លាស់ប្ដូរទស្សនៈលើទំនាក់ទំនងទ្វេភាគីផងដែរ៕
 

Tag:
 កូរ៉េខាងត្បូង
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com