ជាតិ
សង្គមជាតិ
អ្នកជំនាញវប្បធម៌​ និងអប់រំ៖ ពលរដ្ឋ ពុំគួរយកបណ្ដាញសង្គមជាកន្លែងកាត់ក្ដីឡើយ
10, Jun 2023 , 12:10 pm        
រូបភាព
លោក ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា។ រូបពីបណ្ឌិតត្យសភាកម្ពុជា
លោក ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា។ រូបពីបណ្ឌិតត្យសភាកម្ពុជា
ភ្នំពេញ៖ លោកបណ្ឌិត ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ​ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភា​កម្ពុជាយល់ថា ពលរដ្ឋសព្វថ្ងៃបានប្រើប្រាស់បណ្ដាញសង្គមជាកន្លែងកាត់ក្ដី មុនស្រាវជ្រាវពីរឿងរ៉ាវពិត។ ដូច្នេះ អ្នកប្រើប្រាស់បណ្ដាញសង្គម ត្រូវស្វែងយល់បន្ថែមទៀត ពីអ្វីដែលជាសិទ្ធិឯកជននិងផ្សាយរូបភាព រួមទាំងសីលធម៌ និងគុណធម៌ផងដែរ។

 
ថ្មីៗនេះ នៅលើបណ្ដាញសង្គម មានការជជែកគ្នាច្រើន លើករណីម្ចាស់ចម្ការ បង្ហោះវីដេអូបុរសម្នាក់ ដោយចោទថាចោរលួចទំពាំង។ ករណីនេះ លោក ឈត ប៊ុនថង យល់ថាជាករណីតូចតាចពុំគួរ បង្កឱ្យក្លាយជារឿងធំ​ឡើយ។ 
 
សូមអញ្ជើញស្ដាប់បទសម្ភាសរវាង កញ្ញា ឡាយ សុភាវតី អ្នកសារព័ត៌មានថ្មីៗ និងលោក ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ​ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភា​កម្ពុជា៖ 
 


 
លោក ប៊ុនថង យល់ថាករណីខ្លះ ពុំគួរបង្ហាញមុខបុរសជនសង្ស័យទេ ព្រោះជាទូទៅសូម្បីតែជនបង្កហេតុ ឬជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ក៏មិនត្រូវបានបង្ហាញមុខដែរ ដោយសារវាស្ថិតក្នុងករណីត្រឹមជាជនសង្ស័យ ដែលពុំទាន់មានការកាត់ក្ដីពីតុលាការឡើយ។ បើតាមលោក ប៊ុនថង បទល្មើសធ្ងន់ធ្ងរដែលអាចបង្កគ្រោះថ្នាក់ដល់សាធារណជនផ្សេងទៀត ទើបមានការផ្សព្វផ្សាយមុខជនសង្ស័យ ឬជនជាប់ទោស ដើម្បីឱ្យមានការប្រុងប្រយ័ត្ន។ 
 
យ៉ាងណាក្ដី រឿងរ៉ាវឈ្លោះតវ៉ាគ្នា និងបទល្មើសតូចតាចបែបនេះ អ្នកជំនាញផ្នែកសីលធម៌អប់រំរូបនេះ បានឱ្យយោបល់ថា គួរតែដំណោះស្រាយបែបសីលធម៌និងគុណធម៌ ក្នុងការរស់នៅប្រចាំថ្ងៃវិញ តាមរយៈការសម្របសម្រួលគ្នា។ ជាងនេះទៅទៀត អ្នកប្រើប្រាស់បណ្ដាញសង្គម ត្រូវការយល់ដឹងបន្ថែមពី អ្វីទៅជាសិទ្ធិឯកជន សិទ្ធិផ្សព្វផ្សាយរូបភាព និងសិទ្ធិផ្សាយព័ត៌មានជាដើម។  
 

ដោយសារមានការជជែកគ្នាច្រើនលើការបង្ហោះវីដេអូខាងលើ ហើយសាធារជនបានដាក់បន្ទុកលើម្ចាស់ចម្ការ ពុំទុកកិត្តិយសដល់បុរស ដែលជាជនសង្ស័យនោះ ម្ចាស់ចម្ការក៏សម្រេចចេញវីដេអូទទួលស្គាល់កំហុស ដើម្បីបញ្ចប់រឿង។ ម្ចាស់ចម្ការក៏បានរៀបរាប់ដែរថា កន្លងមក មានករណី​លួចដំណាំក្នុងចម្ការខ្លួនជាហូរហែ ទើបកើតឱ្យមានចិត្តខឹងសម្បារ រហូតឈានដល់បង្ហោះវីដេអូជនសង្ស័យជាសាធារណៈបែបនេះ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com