កីឡាជាតិ
ជាតិ
កម្ពុជាធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអេឡិចត្រូនិក MSC លើកដំបូង
10, Jun 2023 , 2:06 pm        
រូបភាព
ភ្នំពេញ៖ ក្រោយជោគជ័យធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ ២ធំៗ កម្ពុជាបន្តធ្វើជាម្ចាស់ផ្ទះនៃការប្រកួតពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៍ Mobile Legends ឆ្នាំ ២០២៣ ឬ MSC 2023។ ការប្រកួតនេះមានក្រុមចំនួន ១២មកពីប្រទេសតំបន់អាស៊ាន ក្នុងរួមមានតួកគី និងអាម៉េរិក ដែលចាប់ផ្តើមការប្រកួតនាថ្ងៃទី១០ ខែមិថុនា។

MSC 2023 គឺជាការប្រកួតកីឡាអេឡិចត្រូនិក Mobile Legends ដ៏ធំមួយនៅតំបន់អាស៊ី ដែលមានក្រុមខ្លាំងៗច្រើនជាង១០ប្រទេសមកចូលរួម។ ដ្បិតវិស័យនេះ កំពុងរីកចម្រើន និងចាប់ផ្តើមមានសក្តានុពល កម្ពុជា បានទទួលការទុកចិត្តក្នុងការរៀបចំព្រឹត្តិការណ៍ការប្រកួតពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៍ Mobile Legends ឆ្នាំ ២០២៣ ឬ MSC 2023នេះ។ 
 
ក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនេះ Burn X Flash គឺជាក្រុមតំណាងឲ្យកម្ពុជា ដែលនឹងប្រកួតជាមួយក្រុមជើងខ្លាំងទាំងនោះ ដើម្បីដណ្តើមពានជូនកម្ពុជា។ លោក Mitch ដែលជាគ្រូបង្វឹកនៃក្រុមតំណាងកម្ពុជា បានឲ្យដឹងថា ក្រុមបានត្រៀមរួចជាស្រេចក្នុងការប្រកួតនេះ។ ជាពិសេស កូនក្រុមរបស់លោកក៏បានហ្វឹកហាត់ត្រៀមខ្លួនមុនប្រកួតជាច្រើនថ្ងៃផងដែរ។ 
 
ការប្រកួតទី១ ក្រុមតំណាងកម្ពុជា Burn X Flash នឹងប៉ះជាមួយ ក្រុម ONIC នៅម៉ោង២រសៀល។ វាជាការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍។ លោក សួ ម៉ារ៉ា ហៅថា​ Chma ដែលជាកីឡាករក្រុមថ្លែងបែបនេះ។ 
 
«ខ្ញុំគិតថា វាគឺជាការប្រកួតដ៏ល្អ ដែលយើងប៉ះជាមួយ ONIC ហើយខ្ញុំមានអារម្មណ៍ថា រំភើប បន់ឲ្យតែការប្រកួតមកដល់ឆាប់ៗ ចង់លេង។ ពួកយើងបានហ្វឹកហាត់ត្រៀមខ្លួនតាំងពីចប់ MPL ហើយពួកខ្ញុំគិតថា ពួកខ្ញុំបានត្រៀមខ្លួនរួចហើយសម្រាប់ការប្រកួតនាពេលខាងមុខ»។នេះជាការលើកឡើងរបស់កីឡាករអាជីពនៃក្រុម Burn X Flash ដែលតំណាងឲ្យកម្ពុជា។ 
 
គួរបញ្ជាក់ផងដែរថា ការប្រកួតពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៍ Mobile Legends ឆ្នាំ ២០២៣ ឬ MSC 2023 មានរយៈពេល៨ថ្ងៃ គិតចាប់ពីថ្ងៃទី១០​ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ នៅផ្សារទំនើបអ៊ីអនម៉លមានជ័យ៕
 

Tag:
 កីឡាអេឡិចត្រូនិក
© រក្សាសិទ្ធិដោយ thmeythmey.com