អន្តរជាតិ
អាម៉េរិក ប្រកាសជំនួយ២,១ពាន់លានដុល្លារទៀតឱ្យអ៊ុយក្រែន
10, Jun 2023 , 2:39 pm        
រូបភាព
អាម៉េរិកនៅថ្ងៃទី៩ ខែមិថុនា បានប្រកាសកញ្ចប់ជំនួយយោធាចំនួន២,១ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន មុនពេលទីក្រុងកៀវត្រៀមបើកការវាយបកដែលគ្រោងទុកជាយូរមកហើយដើម្បីរុញទ័ពរុស្ស៊ីចេញពីប្រទេស។

 
កញ្ចប់ជំនួយថ្មីនោះ​រួម​មាន​កាំជ្រួច​សម្រាប់​ប្រព័ន្ធ​ការពារ​ដែនអាកាស Patriot កាំភ្លើង​ធំ ដ្រូន​ និង​ប្រព័ន្ធ​គ្រាប់​រ៉ុក្កែត​បញ្ជាដោយឡាស៊ែរ។ បើតាមមន្ទីរបញ្ចកោណ សព្វាវុធថ្មីនេះ បង្ហាញពីការបន្តការប្តេជ្ញាចិត្តចំពោះសមត្ថភាពនៅពេលបច្ចុប្បន្នរបស់អ៊ុយក្រែន និងសមត្ថភាពយូរអង្វែងរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនដើម្បីការពារទឹកដីរបស់ខ្លួន និងរារាំងការឈ្លានពានរបស់រុស្ស៊ីក្នុងរយៈពេលវែង ។
 
ជាមួយកញ្ចប់ជំនួយចុងក្រោយនេះ អាម៉េរិកបានចំណាយដល់ទៅជាង៤០ពាន់លានដុល្លារហើយលើការផ្គត់ផ្គង់គ្រឿងបរិក្ខារឱ្យអ៊ុយក្រែនចាប់តាំងពីដើមឆ្នាំ២០២១មក។
 
ការផ្ដល់ជំនួយយោធាថ្មី កើតឡើងស្របពេលអ៊ុយក្រែនកំពុងស្តុកអាវុធ និងពង្រឹងសមត្ថភាពកងកម្លាំងសម្រាប់យុទ្ធនាការវាយបកសំដៅរុញច្រានកងទ័ពរុស្ស៊ីឱ្យដកថយភាគអាគ្នេយ៍ និងភាគខាងត្បូងអ៊ុយក្រែន។
 
ប៉ុន្តែនៅថ្ងៃទី៩ ខែមិថុនា ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ក៏ប្រកាសថា ប្រតិបត្តិការវាយបករបស់អ៊ុយក្រែន បានចាប់ផ្តើមរួចទោហើយ ចំពេលមានរបាយការណ៍ថា ទាហានអ៊ុយក្រែនបានបើកការវាយលុកនៅចំណុចសំខាន់ៗចំនួនបីនៅតាមបណ្តោយសមរភូមិជួរមុខ៕
 

Tag:
 អាម៉េរិក
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com