ជាតិ
ព្រះវិហារវត្តព្រះឥន្ទកោសីយ៍ ជាសំណង់បុរាណមួយមានលក្ខណៈពិសេសនៅក្នុងក្រុងសៀមរាប
10, Jun 2023 , 8:19 pm        
រូបភាព
ហឿន សុភ័ក្រ្ត
 
សៀមរាប៖ ព្រះវិហារវត្តព្រះឥន្ទកោសីយ៍ ជាសំណង់អគារដ៏ចំណាស់ និងមានលក្ខណះពិសេស​ប្រកបដោយទឹកដៃសិល្បៈប្លែកដែលអ្នកទេសចរគួរសិក្សាឈ្វេងយល់ និងមិនគួររំលង។

 
វត្តព្រះឥន្ទកោសីយ៍ ឬហៅថា វត្តលើ (ជាឈ្មោះអ្នកសៀមរាបនិយមហៅ) ស្ថិតនៅផ្នែកខាងកើត​ស្ទឹងសៀមរាប ក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប។ នៅពេលធ្វើដំណើរមកដល់​អារាម​ខាងលើ រួចបន្តចូលតាមខ្លោងទ្វារខាងលិច គេនឹងប្រទះឃើញ​សំណង់ព្រះវិហារបុរាណ​មួយខ្នង​បែរមុខទៅទិសខាងកើត សង់នៅលើខឿនឥដ្ឋនិងថ្មបាយក្រៀមកម្ពស់ប្រហែល១ម៉ែត្រ ដំបូលប្រក់ក្បឿងពីរជាន់ មានអាយុកាលជាងមួយសតវត្ស ដោយឆ្លងកាត់ការដឹកនាំ​របស់​ព្រះចៅអធិការ ៧ជំនាន់មកហើយ។ 
 


ព្រះវិហារនេះសង់ពីឥដ្ឋបូកកំបោរបាយអ និងប្រើប្រាស់ឈើធ្វើជាគ្រឿង​បង្គុំសំខាន់​នៅផ្នែក​ខាងលើ។ ចំពោះដំបូលប្រក់ក្បឿងមានពីរជាន់ដែលលម្អដោយជហ្វាចំនួនពីរនៅចុងដំបូល​ខាងមុខ និងពីរទៀតនៅចុងដំបូលខាងក្រោយ ហើយនៅតាមចុងចែងដំបូលនីមួយៗ មានបំពាក់​ដោយនាគដងក្តារតភ្ជាប់ទៅគល់ជហ្វា។ រីឯនៅលើកំពូលព្រំដំបូល គេឃើញមានលម្អ​ដោយក្បាច់​ធ្វើពីដែករចនាជារូបរាងកងពុទ្ធចក្រផងដែរ។ ផ្នែកខាងក្នុងព្រះវិហារ ក្រៅតែពីមានសសរ​ឈើមូល​ពីរជួរសម្រាប់ទ្រគ្រឿងបង្គុំផ្នែកខាងលើ និងដំបូលឥតពិដាន ជាពិសេក៏មានគំនូរគូជាផ្ទាំងធំៗ ក្នុងដើមទសវត្ស១៩៥០ ហើយជួសជុលនៅក្នុងឆ្នាំ១៩៨៨ រៀបរាប់អំពីរឿងពុទ្ធប្រវត្តិ​នៅលើជញ្ជាំង​ក្នុងព្រះវិហារផងដែរ។ 
 


យោងតាមឯកសារប្រវត្តិសង្ខេបវត្តព្រះឥន្ទកោសីយ៍ ដែលទទួលបានពី ព្រះគ្រូសូត្រស្តាំគង់​នៅវត្តនេះ ព្រះនាម អ៊ីវ សានប្រសើរ បានសរសេរថា វត្តព្រះឥន្ទកោសីយ៍ ជាឈ្មោះដើម ត្រូវបានកសាងឡើងតាំងពីឆ្នាំ១៦៩៣ ដោយព្រះសង្ឃ និងពុទ្ធបរិស័ទបានរួបរួមគ្នា ហើយក្រោយមកត្រូវបានហៅថា វត្តលើ ដោយសារពីមុនវត្ត​នៅតាមដងស្ទឹងសៀមរាប​ក្នុងស្រុកសៀមរាប វត្តព្រះឥន្ទកោសីយ៍នៅលើគេ ទើបហៅវត្តលើមកដល់បច្ចុប្បន្ន។ 
 


នៅមុនឆ្នាំ១៩៧៥ អតីតព្រះចៅអធិការព្រះនាម សួស និងព្រះតេជគុណ អ៊ុប បានកសាង​ព្រះវិហារ​ដែលនៅសព្វថ្ងៃនេះ ហើយមានព្រះគ្រូចៅអធិការវត្តបានកសាងវត្តបន្តបន្ទាប់មក រហូតដល់ព្រះគ្រូចៅអធិការព្រះនាម កែវ នេត្រ បានដឹកនាំភិក្ខុ សាមណេរ និងពុទ្ធបរិស័ទ​ជិតឆ្ងាយ​កសាងសាលាឆាន់ និងកុដិ។ ដោយមានការខិតខំយកព្រះទ័យទុកដាក់​ពីព្រះគ្រូចៅអធិការ​អង្គនេះ ធ្វើអោយវត្តព្រះឥន្ទកោសីយ៍កាន់តែរីកចម្រើនជាលំដាប់។ ក្រោយឆ្នាំ១៩៧៩ ព្រះគ្រូចៅអធិការព្រះនាម ឥន្ទកេសរោ ពេជ្រ សន បានចាប់ជួសជុលព្រះវិហារ កសាងកុដិ សាលាឆាន់ឡើងវិញ។   
 
សូមរំលឹកផងដែរថា កាលពីខែមករា ឆ្នាំ២០២២ សំណង់ព្រះវិហារនេះ​ត្រូវបានជួសជុលឡើងវិញ ព្រោះមានសភាពចាស់ទ្រុឌទ្រោម ស្រុតគ្រឹះ ប្រេះជញ្ជាំង ធ្លុះដំបូល ក្រោមការឧបត្ថម្ភការ​ជួសជុល​​ពីលោកស្រី សៀង ចាន់ហេង រួមជាសប្បុរសជន ដោយមានការជ្រោមជ្រែងផ្នែក​បច្ចេកទេស​ពីអជ្ញាធរជាតិអប្សរា៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com