កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ប៉ារ៉ាលើកទម្ងន់៖ មាស២ពីកីឡាករ គង់ សិលា និងសំរឹទ្ធ២ពីកីឡាការិនី ច្រិង លន់
10, Jun 2023 , 3:19 pm        
រូបភាព
ដោយ: រួបរួម
ប្រភេទកីឡា​ប៉ារ៉ាលើកទម្ងន់ (Para Powerlifting) បញ្ចប់ព្រឹត្តិការណ៍កីឡាអាស៊ាន​ប៉ារ៉ាហ្គេម​លើកទី១២ ដោយឥណ្ឌូណេស៊ី ទទួលបានជ័យជម្នះដ៏ធំធេង ខណៈម្ចាស់ផ្ទះកម្ពុជា បាន​មេដាយមាស​២ និង​សំរឹទ្ធ​២។

ក្នុងការប្រកួតដែល​រៀបចំនៅមជ្ឈមណ្ឌលជាតិជន​ពិការតេជោសែន កីឡាករ គង់ សិលា ទទួលបានមេដាយមាស​២ ដោយមេដាយមាសទីមួយ​លើ​វិញ្ញាសាទម្ងន់​១០៧គីឡូក្រាម​ធ្ងន់បំផុត (Up to 107kg) ដែលលើកបាន៥៥គីឡូក្រាម។
 

មេដាយមាសទី២​របស់ សិលា គឺ​ការបូក​បញ្ចូលគ្នា​រវាងការលើកទាំងបី (Total Lift) ដែលមានទម្ងន់​សរុប​១៥៨គីឡូក្រាម ដោយលើកទីមួយ​បាន​៥០គីឡូក្រាម, លើកទីពីរ​បាន​៥៣គីឡូក្រាម និង​លើកទី​៣ បាន​៥៥គីឡូក្រាម។
 
រីឯមេដាយ​សំរឹទ្ធទាំងពីរ​វិញ គឺ​សម្រេចបាន​ដោយ​កីឡាការិនី ច្រិង លន់។ មេដាយទីមួយ​បានលើ​វិញ្ញាសាទម្ងន់​៧៩គីឡូក្រាម ធ្ងន់បំផុត (Up to 79kg) តាមរយៈការសម្រេចបាន​៦០គីឡូក្រាម ខណៈមេដាយមាស​បាន​លើ​កីឡាការិនី​ឥណ្ឌូណេស៊ី Siti Mahmudah (១០៣គីឡូក្រាម) និង​ Dwiska Afrilia Maharani ដែលជាមិត្តរួមជាតិនាង (៨៤គីឡូក្រាម)។
 
 
មេដាយ​សំរឹទ្ធ១មួយទៀត គឺជាការបូក​បញ្ចូលគ្នា​រវាងការ​លើកទាំង៣លើក ដោយកីឡាការិនី២រូបគឺ Siti និង Dwiska បានមេដាយមាស (២៩៨គីឡូក្រាម) និង​ប្រាក់​ (២៤២គីឡូក្រាម) ដដែល ខណៈ ច្រិង លន់ សម្រេចបាន​១១៦គីឡូក្រាម។ កីឡាការិនីមីយ៉ាន់ម៉ា Aye Thu Aung បានត្រឹមចំណាត់ថ្នាក់លេខ​៤។
 
សម្រាប់កីឡាប៉ារ៉ាលើកទម្ងន់នេះ ឥណ្ឌូណេស៊ី ជោគជ័យធំជាងគេ ដោយ​ឈ្នះមាស​១៧ ប្រាក់​៨ សំរឹទ្ធ៦។ វៀតណាម​ឈរលេខ​២ជាមួយ​មេដាយមាស​១០ ប្រាក់​៦ សំរឹទ្ធ​៦ បន្ត​ដោយ​ថៃ (មាស​៦ ប្រាក់​៩ សំរឹទ្ធ​៦), ម៉ាឡេស៊ី (មាស​២ ប្រាក់​៦ សំរឹទ្ធ២)។
 
ម្ចាស់ផ្ទះកម្ពុជា ដែលរកបានមាស​២ សំរឹទ្ធ​២ ឈរនៅចំណាត់ថ្នាក់​លេខ​៥ ដោយនាំមុខហ្វីលីពីន (មាស​១ ប្រាក់​៣ សំរឹទ្ធ២), មីយ៉ាន់ម៉ា (ប្រាក់៣ សំរឹទ្ធ២), ឡាវ (ប្រាក់១ សំរឹទ្ធ១, សិង្ហបុរី (សំរឹទ្ធ២), ទីម័រខាងកើត (សំរឹទ្ធ១) ខណៈព្រុយណេ មិនមានមេដាយឡើយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com