អន្តរជាតិ
UCL ផ្តាច់ព្រ័ត្រ៖ តើ Man City រកបានពានអឺរ៉ុបលើកដំបូង ឬ Inter ក្រសោបពានលើកទី៤?
10, Jun 2023 , 3:59 pm        
រូបភាព
ក្រុមមេឃខៀវ Manchester City នឹងត្រូវជួបតទល់ជាមួយនឹងក្រុម Inter Milan នៅក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ក្លិបបាល់ទាត់កំពូលតំបន់អឺរ៉ុប UEFA Champions League ដែលធ្វើឡើងនៅក្នុងកីឡដ្ឋាន Ataturk Olympic ទឹកដីប្រទេសតួកគី ថ្ងៃទី១០ ខែមិថុនា (ម៉ោង២រំលងអាធ្រាត ម៉ោងកម្ពុជា)។

ការប្រកួតដណ្តើមពានរង្វាន់កំពូលអឺរ៉ុបប្រចាំរដូវកាល ២០២២-២៣ ក្រុមជើងឯកលីគកំពូលអង់គ្លេស Premier League ក្លិប Man City ត្រូវការស្វែងរកការឈ្នះពានរង្វាន់ UCL នេះលើកដំបូង ខណៈ Inter Milan ក៏វិលត្រលប់មកកាន់វគ្គផ្តាច់ព្រ័ត្រក្រោយខកខានរយៈពេលជិត ១៣ឆ្នាំ។ Inter Milan ជាក្រុមម្ចាស់ជើងឯក UCL ៣សម័យកាល ១៩៦៣-៦៤, ១៩៦៤-៦៥ និង ២០០៩-២០១០។
  


មុនការប្រកួតមកដល់ Man City បានឆ្លងកាត់ការប្រកួតជាច្រើនទាំងនៅក្នុងលីគ និងប្រជែងតំបន់អឺរ៉ុប ហើយមកដល់ពេលនេះពួកគេបានគ្រងតំណែងជើងឯកចំនួន ២ ដែលរួមមាន FA Cup និងជើងឯក Premier League។ ចំណែក Inter Milan នៅក្នុងក្របខណ្ឌ Serie A បញ្ចប់ចំណាត់ថ្នាក់លេខ ៣ និងឈ្នះជើងឯក Italian Cup ជាលើកទី២ ជាប់គ្នា។
 
បច្ចុប្បន្ន Man City ស្ថិតក្រោមការដឹកនាំរបស់លោក Pep Guardiola កំពុងតែមានឈ្មោះល្បីល្បាញ និងជាក្រុមខ្លាំងបំផុតមួយប្រចាំតំបន់អឺរ៉ុប ។ ហើយការឈានជើងឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL នេះ ក៏ជាលើកទី២ សម្រាប់ពួកគេក្រោយបញ្ចប់ត្រឹមចំណាត់ថ្នាក់ជើងឯករងកាលពីរដូវកាល ២០២០-២១។
 
ទោះជាយ៉ាងណា​ Inter Milan ក្នុងការប្រជែង​ UCL កន្លងមកក៏ធ្វើបានល្អ ដោយបានទម្លាក់ក្រុមខ្លាំងៗជាច្រើន ដើម្បីអាចដណ្តើមបានកៅអីនៅវគ្គផ្តាច់ព្រ័ត្រនេះ ហើយការជួប Man City អាចក្លាយជាការប្រកួតដ៏លំបាកសម្រាប់ពួកគេ។
 
តើការប្រកួតនារាត្រីនេះ ​Man City អាចក្លាយជាម្ចាស់ជើងឯក ​UCL លើកដំបូងនៅក្នុងប្រវត្តិសាស្ត្រ? ឬ ក្រុម Inter Milan គ្រងជើងឯកក្រោយខកខានរយៈពេលជាង ១៣ឆ្នាំ និងជាពានរង្វាន់ទី៤ ក្នុងប្រវត្តិសាស្ត្រ?
 

Tag:
 UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com