ជាតិ
សេដ្ឋកិច្ច
កម្ពុជា​ ជំរុញ​ជប៉ុន​ឱ្យពិចារណា​​​លទ្ធភាពបង្កើត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី
10, Jun 2023 , 10:19 pm        
រូបភាព
លោក ប៉ាន សូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថ្លែងក្នុងពិធីបើកសិក្ខាសាលាស្ដីពី «កិច្ចសម្រួលពាណិជ្ជកម្ម និង ការធ្វើពាណិជ្ជកម្មឌីជីថលរវាងកម្ពុជា និង ជប៉ុន» នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការ កម្ពុជា_ជប៉ុន។ រូបថត៖ MOC
លោក ប៉ាន សូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថ្លែងក្នុងពិធីបើកសិក្ខាសាលាស្ដីពី «កិច្ចសម្រួលពាណិជ្ជកម្ម និង ការធ្វើពាណិជ្ជកម្មឌីជីថលរវាងកម្ពុជា និង ជប៉ុន» នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការ កម្ពុជា_ជប៉ុន។ រូបថត៖ MOC
កម្ពុជា បាន​លើក​សំណើដល់ប្រទេសជប៉ុន ឱ្យពិចារណា​លទ្ធភាព​ក្នុង​ការ​រៀបចំ​ការ​សិក្សា​ស្រាវជ្រាវ​មួយ​សម្រាប់​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី។ សំណើរសនេះត្រូវបានលើកឡើងដោយលោក ប៉ាន សូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថ្លែងនៅចំពោះមុខលោក UENO ATSUSHI ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។

 
ជប៉ុន ជាប្រទេសដៃគូយុទ្ធសាស្ត្រដ៏សំខាន់មួយ ​ដែលជួយជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្មនៅកម្ពុជា ជាពិសេស កិច្ចសម្រួលពាណិជ្ជកម្ម និងការធ្វើពាណិជ្ជកម្មឌីជីថល តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី តំបន់ និងពហុភាគី។  ដើម្បី​បង្កើន​ផល​ប្រយោជន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម អាជីវកម្ម និងការ​វិនិយោគ​ រវាងប្រទេសទាំងពីរ លោក ប៉ាន​ សូរស័ក្ត បានជំរុញឱ្យជប៉ុន ផ្តល់​ការ​លើក​ទឹក​ចិត្តបន្ថែម​ដល់​ក្រុមហ៊ុន​ល្បីៗ ក្នុងការ​បណ្តាក់​ទុន និងបង្កើត​រោងចក្រ​នៅ​កម្ពុជា ដូចជា ក្រុមហ៊ុន Panasonic ក្រុមហ៊ុន Toshiba ក្រុមហ៊ុន Mitsubishi Electric ក្រុមហ៊ុន Yamaha Cooperation។
 
ក្នុងពិធី​បើក​សិក្ខា​សាលា​ស្ដីពី «កិច្ច​សម្រួល​ពាណិជ្ជកម្ម និង ការ​ធ្វើ​ពាណិជ្ជកម្ម​ឌីជីថល​រវាង​​កម្ពុជា និង ជប៉ុន» នៅ​មជ្ឈមណ្ឌល​កិច្ច​សហប្រតិបត្តិការ កម្ពុជា-ជប៉ុន (CJCC) នា​ថ្ងៃទី៩មិថុនា លោក​ រដ្ឋមន្រ្តីពាណិជ្ជកម្ម​ បាននិយាយថា៖ « កម្ពុជា និងជប៉ុន គួរតែបន្តធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីធានាការអនុវត្តពេញលេញនៃកិច្ចព្រម ព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាស៊ាន-ជប៉ុន(AJCEP) និងលើកទឹកចិត្ត សភាពាណិជ្ជកម្មនៃប្រទេសទាំងពីរពិចារណាលទ្ធភាពនៃការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ»។
 
លើសពីនេះលោក ប៉ាន សូរស័ក្ត បានប្រាប់ជប៉ុនឱ្យពិចារណាលទ្ធភាពក្នុងការរៀបចំការសិក្សាស្រាវជ្រាវមួយសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជានិងជប៉ុន និងសហការជាមួយដៃគូ ដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យម ក្នុងការកសាងសមត្ថភាព និងលទ្ធភាពទទួលបានហិរញ្ញវត្ថុក្នុងទម្រង់នៃការបោះទុនវិនិយោគ។ 
 
ការណ៍ដែលលោកប៉ាន សូរស័ក្ត ​ជំរុញឱ្យមានការវិនិយោគ និងកិច្ចសហការសេដ្ឋកិច្ច ពាណិជ្ជកម្មបន្ថែមពីភាគីជប៉ុន ក៏ព្រោះតែ​សេដ្ឋកិច្ចរបស់កម្ពុជាសម្រេចបានក្នុងរង្វង់៥ភាគរយនៅឆ្នាំ២០២២ ហើយត្រូវបានគេព្យាករថា នឹងកើនឡើងដល់ជិត៦ភាគរយក្នុងឆ្នាំ២០២៣ និងឈានដល់អត្រា៧ភាគរយវិញ នៅក្នុងឆ្នាំ២០២៤។​ កំណើននេះ នឹងរុញកម្ពុជាក្លាយជាប្រទេសចំណូលមធ្យមកម្រិតទាប នៅឆ្នាំ២០៣០ ហើយនឹងឈានទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៥០​ តាមផែនការ។ 
 
ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្មបានចូលរួមកិច្ចសម្រួលពាណិជ្ជកម្មតាមរយៈការធ្វើពាណិជ្ជកម្មឌីជីថល ផងដែរ។ ក្នុងនោះមានការបង្កើត​គេហទំព័រចុះបញ្ជីពាណិជ្ជកម្ម តាមប្រព័ន្ធស្វ័យប្រវត្តកម្មនៅលើគេហទំព័ររបស់ក្រសួងពាណិជ្ជកម្ម (MoC) ឬតាមរយៈ CamDX ដែលជាប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធស្វ័យប្រវត្តិកម្មរួម រៀបចំ​ និងបង្កើតដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ប្រព័ន្ធស្វ័យប្រវត្តិកម្មសំខាន់មួយទៀត របស់ក្រសួងពាណិជ្ជកម្ម គឺ Certificate of Origin Automation ដែលផ្តល់ជូនអ្នកនាំចេញ និងអ្នកផលិត ដើម្បីបង្កើត បញ្ជូន និងទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់វិញ្ញាបនបត្រនៃប្រភពដើមទំនិញ (CO)។
 
ពាក់ព័ន្ធនឹងគោលនយោបាយ និងយុទ្ធសាស្ត្រនេះ លោក ប៉ាន សូរស័ក្ត បានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មបានដឹកនាំបង្កើតយុទ្ធសាស្ត្ររួមមួយ គឺយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា (CTIS) ២០១៩-២០២៣ ដែលបង្ហាញពីការប្រកួតប្រជែង ការធ្វើពិពិធកម្មការនាំចេញ និងប្រភពថ្មីនៃកំណើនសេដ្ឋកិច្ច។ លើសពីនេះ ក្រសួងពាណិជ្ជកម្ម បានបង្កើតយុទ្ធសាស្ត្រពាណិជ្ជកម្មអេឡិចត្រូនិក សំដៅបង្កើតប្រព័ន្ធអេកូស្សីពាណិជ្ជកម្មអេឡិចត្រូនិក មានលក្ខណៈចុះសម្រុងគ្នា និងរួមបញ្ចូលគ្នា។ ប្រព័ន្ធនេះអនុញ្ញាតឱ្យវិស័យឯកជនប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការលើក កម្ពស់ពាណិជ្ជកម្មក្នុងស្រុក និងឆ្លងកាត់ព្រំដែន​ ខណៈក្រសួងពាណិជ្ជកម្ម កំពុងអនុវត្តគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក មានឈ្មោះថា Go4Ecam។
 
គួរជម្រាបថា បច្ចុប្បន្នកម្ពុជាកំពុងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភាគីជាមួយចិន (CCFTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភាគីជាមួយកូរ៉េខាងត្បូង(CKFTA)។ ដោយឡែក កាលពីថ្ងៃទី៨មិថុនា ឆ្នាំ២០២៣ កម្ពុជាក៏បានចុះហត្ថលេខាលើការបង្កើតកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងជាមួយអេមីរ៉ាតអារ៉ាប់រួម ផងដែរ។ កិច្ចព្រមពៀងពាណិជ្ជកម្មទាំងនេះ នឹងជួយជំរុញសេដ្ឋកិច្ច​ និងពាណិជ្ជកម្ម រួមទាំងចំណងការទូតរវាងប្រទេសដៃគូបានកាន់តែប្រសើរ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com