ជាតិ
សង្គមជាតិ
កម្ពុជា មានឧកញ៉ា ជិត១ ៣០០នាក់​!
10, Jun 2023 , 5:12 pm        
រូបភាព
អ្នកឧកញ៉ា លី យ៉ុង ផាត់ ប្រធានក្រុមប្រឹក្សាភិបាលសមាគមឧកញ៉ាកម្ពុជា កំពុងថ្លែងក្នុងពិធីប្រកាសជាផ្លូវការនូវសមាគមឧកញ៉ាកម្ពុជា ក្រោមអធិបតីភាពសម្តេច ហ៊ុន នារសៀលថ្ងៃទី១០មិថុនា
អ្នកឧកញ៉ា លី យ៉ុង ផាត់ ប្រធានក្រុមប្រឹក្សាភិបាលសមាគមឧកញ៉ាកម្ពុជា កំពុងថ្លែងក្នុងពិធីប្រកាសជាផ្លូវការនូវសមាគមឧកញ៉ាកម្ពុជា ក្រោមអធិបតីភាពសម្តេច ហ៊ុន នារសៀលថ្ងៃទី១០មិថុនា
មកទល់សព្វថ្ងៃ កម្ពុជា មានឧកញ៉ា ចំនួន ១ ២៩៩នាក់។ នេះជាការលើកឡើងរបស់អ្នកឧកញ៉ា លី យ៉ុង ផាត់ ប្រធានក្រុមប្រឹក្សាភិបាលសមាគមឧកញ៉ាកម្ពុជា ដោយបានបញ្ជាក់ថា ឧកញ៉ាគ្រប់ៗគ្នា បាន​ចូល​រួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសង្គម និងសេដ្ឋកិច្ចកម្ពុជាតាមរយៈការវិនិយោគ និងមុខជំនួញពហុវិស័យដែលបានបង្កើតឱកាស​ការងារជាច្រើន​កន្លែង​សម្រាប់ប្រជាពលរដ្ឋខ្មែរ។​

 
បើតាមប្រសាសន៍អ្នកឧកញ៉ា លី យ៉ុង ផាត់ ក្នុងពិធីប្រកាសជាផ្លូវការនូវសមាគមឧកញ៉ាកម្ពុជា ក្រោមអធិបតីភាពសម្តេច ហ៊ុន សែន នារសៀលថ្ងៃទី១០មិថុនានេះ ឧកញ៉ាដែលទទួលគោរមងារពីមហាក្សត្រនេះ ក្រៅពីជំរុញការវិនិយោគ និងមុខជំនួញពហុវិស័យដែលបានបង្កើតឱកាស​ការងារជាច្រើន​កន្លែង​សម្រាប់ប្រជាពលរដ្ឋខ្មែរ ក៏ផ្តល់ចំណូលជូនជាតិ តាមរយៈការបង់ពន្ធ និងអាករផ្សេងៗ។ លើសពីនេះ ក៏ជួយទាក់ទាញអ្នកវិនិយោគបន្ថែមពីខាងក្រៅប្រទេស និង សកម្មភាព​មនុស្ស ធម៌ជាច្រើនទៀត ផងដែរ។

ជាមួយគ្នានេះ សម្តេច ហ៊ុន សែន បានអំពាវនាវដល់ឧកញ៉ាទាំងអស់ ត្រូវរក្សាកិត្តិយស័ព្ទ កិត្តិនាម និងសេចក្តីថ្លៃថ្នូរជាឧកញ៉ាឱ្យស័ក្តិសមនឹងការទុកព្រះទ័យរបស់ព្រះមហាក្សត្រ។ «ឧកញ៉ាត្រូវប្រកៀកស្មាជាមួយរាជរដ្ឋាភិបាល ត្រួសត្រាយកម្ពុជា ឆ្ពោះទៅកាន់ភាពរុងរឿង កាត់បន្ថយភាពក្រីក្រ និងជួយប្រជាពលរដ្ឋដូចពាក្យស្លោកថា «អ្នកមានរក្សាខ្សត់ ដូចសំពតព័ទ្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅពឹងសំប៉ាន»»។ សម្តេច ថ្លែងបែបនេះនៅចំពោះមុខ លោក-លោកស្រីដែលទទួលបានគោរមងារ ជា «ឧកញ៉ា»៕

© រក្សាសិទ្ធិដោយ thmeythmey.com