អន្តរជាតិ
ប្រវត្តិសាស្ត្រ​និង​ផល​ប៉ះពាល់​មិន​រំពឹងទុក​នៃ​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន
10, Jun 2023 , 9:39 pm        
រូបភាព
រូបឯកសារ៖ ពលរដ្ឋចូលរួមថ្ងៃជ័យជម្នះដែលគម្រប់ខួបទី ៧៨ នៃការផ្តួលរលំពួកណាហ្ស៊ី ក្នុងសង្គ្រាមលោកលើកទី ២ នៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី កាលពីថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៣។
រូបឯកសារ៖ ពលរដ្ឋចូលរួមថ្ងៃជ័យជម្នះដែលគម្រប់ខួបទី ៧៨ នៃការផ្តួលរលំពួកណាហ្ស៊ី ក្នុងសង្គ្រាមលោកលើកទី ២ នៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី កាលពីថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៣។
ដោយ: VOA
អ្នកស្រី Elizabeth Abosch កំពុង​សរសេរ​និក្ខេបបទ​ថ្នាក់​បណ្ឌិត​របស់​អ្នកស្រី​នៅ​ក្នុង​ទីក្រុង​មូស្គូ នៅ​ពេល​ដែល​ប្រទេស​រុស្ស៊ី​បាន​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន​កាលពី​ខែ​កុម្ភៈ​ឆ្នាំ​មុន។
អ្វី​ដែល​ធ្វើ​ឱ្យ​បេក្ខជន​ថ្នាក់​បណ្ឌិត​ជនជាតិ​អាមេរិកាំង​រូប​នេះ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​អំពី​តំបន់​ជាយ​ក្រុង​មូស្គូ​ដែល​អ្នកស្រី​រស់នៅ​នៅ​ពេល​នោះ​ គឺ​ថា «មនុស្ស​គ្រប់​រូប​មាន​សកម្មភាព​ដូច​ធម្មតា»។ អ្នកស្រី​បាន​ប្រាប់ VOA ថា៖ «ភាគ​ច្រើន​បំផុត ខ្ញុំ​មាន​អារម្មណ៍​ថា​ពិតជា​មាន​សុវត្ថិភាព [នៅ​ពេល​នោះ]»។

អ្នកស្រី​បាន​ថ្លែង​ដូច្នេះ​ថា៖ «វា​ហាក់​ដូចជា​គ្មាន​អ្វី​បាន​កើតឡើង​អ៊ីចឹង។ ដូច្នេះ វា​ដូច​ជា​ចម្លែក​ណាស់។ រី​ឯ​ខ្ញុំ​ឯណេះ​វិញ​ មាន​អារម្មណ៍​វិលវល់​ជាប់​ជានិច្ច​ថា ​តើ​គួរ​បន្ត​នៅ​ឬ​ក៏​ត្រូវ​រត់​គេច»។
ការ​សរសេរ​និក្ខេបទ​ថ្នាក់​បណ្ឌិត​នៅ​ក្នុង​ប្រទេស​មួយ​ដែល​អ្នកស្រី Abosch បាន​បូជា​អាជីព​របស់​អ្នកស្រី​ទៅ​លើ​នោះ ​គឺ​ជា​អ្វី​ដែល​អ្នកស្រី​បាន​ទន្ទឹង​រង់ចាំ​ជា​យូរ​មក​ហើយ។ នៅ​ពេល​ដំបូង អ្នកស្រី​មិន​បាន​ពិចារណា​អំពី​ការ​ចាកចេញ​ពី​ប្រទេស​រុស្ស៊ី​ទេ។
 
អ្នកស្រី​និយាយ​ដូច្នេះ​ថា៖ «ខ្ញុំ​ពិតជា​បដិសេធ​ទទួល​យក​ការពិត​អស់​រយៈពេល​ប្រហែល​ជាង​មួយ​សប្ដាហ៍ ដោយសារតែ​ខ្ញុំ​គិត​ថា ​សង្គ្រាម​នេះ​នឹង​បញ្ចប់​ឆាប់ៗ»។ ប៉ុន្តែ​នៅ​ត្រឹម​ដើម​ខែ​មីនា​ឆ្នាំ​មុន អ្នកស្រី Abosch ដឹង​ថា​អ្នកស្រី​ត្រូវតែ​ចាកចេញ​ពី​រុស្ស៊ី។
 
ក្នុង​នាម​ជា​និស្សិត​សាកលវិទ្យាល័យ Illinois នៅ​តំបន់​ទីក្រុង Urbana-Champaign នៃ​សហរដ្ឋ​អាមេរិក អ្នកស្រី Abosch ស្ថិត​ក្នុង​ចំណោម​អ្នក​សិក្សា​ស្រាវជ្រាវ​បស្ចិម​ប្រទេស​ជា​ច្រើន​អំពី​ប្រទេស​រុស្ស៊ី​និង​អតីត​សហភាព​សូវៀត ដែល​អាជីព​និង​ជីវិត​របស់​ពួកគេ​ត្រូវ​បាន​ធ្វើ​ឱ្យ​ក្រឡាប់​ចាក់​ដោយសារ​សង្គ្រាម​នៅ​អ៊ុយក្រែន។
 
សង្គ្រាម​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​ស្រាវជ្រាវ​បស្ចិម​ប្រទេស​នានា​ស្ទើរតែ​មិន​អាច​ធ្វើ​ដំណើរ​ទៅ​ប្រទេស​រុស្ស៊ី​បាន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​សិក្សា​ស្រាវជ្រាវ​នានា​ដែល​ថ្លែង​ប្រាប់ VOA។
អ្នក​សិក្សា​ស្រាវជ្រាវ​ទាំង​នោះ​បាន​លើកឡើង​ថា លទ្ធភាព​មាន​កម្រិត​នេះ​អាច​បង្អាក់​ដល់​ការ​ស្វែងយល់​របស់​បស្ចិម​ប្រទេស​អំពី​ប្រទេស​រុស្ស៊ី​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ ហើយ​វា​ក៏​អាច​ជា​ប្រយោជន៍​ដោយ​ផ្ទាល់​ចំពោះ​ការ​ឃោសនា​របស់​រុស្ស៊ី​ផង​ដែរ។
 
ស្ថានទូត​រុស្ស៊ី​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក មិន​បាន​ឆ្លើយតប​ចំពោះ​អ៊ីមែល​របស់ VOA ដែល​ស្នើ​សុំ​បញ្ចេញ​មតិ​លើ​រឿង​នេះ​ទេ។
អ្នកស្រី Abosch ដែល​សិក្សា​ប្រវត្តិ​ចម្រៀង​ក្នុង​អតីត​សហភាព​សូវៀត បាន​និយាយ​ថា អ្នកស្រី​នៅតែ​អាច​លៃលក​ស្រាវជ្រាវ​លើ​ប្រធានបទ​នៃ​ការ​សិក្សា​របស់​អ្នកស្រី​បាន​ពី​ក្រៅ​ប្រទេស​រុស្ស៊ី។ ប៉ុន្តែ​សម្រាប់​អ្នក​សិក្សា​ស្រាវជ្រាវ​ផ្សេង​ទៀត ការ​សិក្សា​ស្រាវជ្រាវ​ដោយ​ផ្ទាល់​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​គឺ​ជា​ការ​ចាំបាច់។
 
លោក Hiroaki Kuromiya សាស្ត្រាចារ្យ​កិត្តិយស​ចូល​និវត្តន៍​នៃ​សាកលវិទ្យាល័យ Indiana ក្រុង Bloomington នៃ​សហរដ្ឋ​អាមេរិក បាន​និយាយ​ថា លទ្ធភាព​ចូល​ទៅ​កាន់​ប្រទេស​រុស្ស៊ី «គឺ​ពិតជា​សំខាន់​ខ្លាំង​ណាស់» សម្រាប់​ការ​ស្រាវជ្រាវ​របស់​លោក។
 
លោក Kuromiya បាន​ប្រាប់ VOA ថា៖ «ប្រសិនបើ​គ្មាន​លទ្ធភាព​ជួប​ជាមួយ​នឹង​អ្នក​សិក្សា​ស្រាវជ្រាវ​ជនជាតិ​រុស្ស៊ី​និង​ប្រើប្រាស់​បណ្ណសារដ្ឋាន​រុស្ស៊ី​បាន​ទេ កិច្ចការ​សិក្សា​ស្រាវជ្រាវ​ភាគ​ច្រើន​របស់​ខ្ញុំ​កាលពី ៣ ទសវត្សរ៍​កន្លង​មក​ នឹង​មិន​អាច​ទៅ​រួច​នោះ​ឡើយ»។
 
លោក Kuromiya ដែល​នៅ​ពេល​បច្ចុប្បន្ន​រស់នៅ​ក្នុង​រដ្ឋ Massachusetts សហរដ្ឋ​អាមេរិក គឺ​ជា​អ្នក​និពន្ធ​សៀវភៅ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​សៀវភៅ «សេរីភាព​និង​ភេរវកម្ម​នៅ​តំបន់ Donbas៖ តំបន់​ព្រំដែន​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​ពី​ទសវត្សរ៍ ១៨៧០ ដល់ទសវត្សរ៍ ១៩៩០ (Freedom and Terror in the Donbas: A Ukrainian-Russian Borderland, 1870s-1990s)» និង​សៀវភៅ «សំឡេង​របស់​អ្នក​ស្លាប់៖ ភេរវកម្ម​ឃៅរឃៅ​របស់​ស្ដាលីន​នៅ​ទសវត្សរ៍ ១៩៣០ (The Voices of the Dead: Stalin's Great Terror in the 1930s)» ផង​ដែរ។
លោក Kuromiya ថ្លែង​ដូច្នេះ​ថា៖ «តាំងពី​ខែ​កុម្ភៈ​ ឆ្នាំ ២០២២ មក មាន​អ្នក​សិក្សា​ស្រាវជ្រាវ​បស្ចិម​ប្រទេស​តែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​ដែល​ហ៊ាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​រុស្ស៊ី។ ចំណែក​ឯ​អ្នក​ស្រាវជ្រាវ​ផ្សេង​ទៀត​មិន​ហ៊ាន​ធ្វើ​ដំណើរ​ទៅ​ ដោយសារ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព»។
 
លោក Kuromiya ស្ថិត​ក្នុង​ចំណោម​ពលរដ្ឋ​អាមេរិកាំង ៥០០ នាក់ ​ដែល​រដ្ឋាភិបាល​រុស្ស៊ី​បាន​ហាម​ឃាត់​មិន​ឱ្យ​ចូល​ទឹក​ដី​ប្រទេស​រុស្ស៊ី​កាលពី​ពាក់​កណ្ដាល​ខែ​ឧសភា​ឆ្នាំ​មុន។ អតីត​ប្រធានាធិបតី​អាមេរិក​លោក Barack Obama នាយក​ស្ដីទី VOA អ្នកស្រី Yolanda Lopez និង​អ្នក​សារព័ត៌មាន​និង​សមាជិក​សភា​ជា​ច្រើន​រូប​ទៀត​ក៏​ស្ថិត​នៅ​ក្នុង​បញ្ជី​ហាមឃាត់​របស់​រុស្ស៊ី​នោះ​ផង​ដែរ។
 
លោក Kuromiya ថ្លែង​ដូច្នេះ​ថា៖ «ខ្ញុំ​បាន​ត្រៀម​លក្ខណៈ​សម្រាប់​រឿង​នេះ​រួច​ហើយ។ បើ​ទោះបីជា​វា​ជា​រឿង​ដ៏​គួរ​ឱ្យ​សោកស្ដាយ​ដែល​ខ្ញុំ​មិន​អាច​ស្រាវជ្រាវ​នៅ​ក្នុង​បណ្ណសារដ្ឋាន​របស់​រុស្ស៊ី​បាន ខ្ញុំ​នៅតែ​បន្ត​ស្រាវជ្រាវ​ផ្នែក​សិក្សា​អប់រំ​របស់​ខ្ញុំ​ដដែល ​នៅ​តាម​កន្លែង​ផ្សេងៗ​ជា​ច្រើន​ទៀត»។
 
លោក Kuromiya បាន​និយាយ​ថា លោក​មាន​មោទនភាព​ដែល​រដ្ឋាភិបាល​រុស្ស៊ី​បាន​ហាម​រូប​លោក​មិន​ឱ្យ​ចូល​ទឹកដី​រុស្ស៊ី។
លោក​បញ្ជាក់​ដូច្នេះ​ថា៖ «កិច្ចការ​របស់​ខ្ញុំ​ប្រាកដ​ជា​ចំ​ចំណុច​ត្រឹមត្រូវ។ ការ​ហាម​ឃាត់​ខ្ញុំ​មិន​ឱ្យ​ចូល​ក្នុង​ប្រទេស​រុស្ស៊ី​គឺ​ជា​រឿង​កំប៉ិកកំប៉ុក​សម្រាប់​ខ្ញុំ​នៅ​ក្នុង​ស្ថានការណ៍​ធំធេង​នៅ​ពេល​បច្ចុប្បន្ន​នេះ»។
 
ប៉ុន្តែ ការ​ហាម​ឃាត់​ទាំងស្រុង​មិន​ឱ្យ​អ្នក​សិក្សា​ស្រាវជ្រាវ​នានា​ដូចជា​លោក Kuromiya នេះ​ចូល​ក្នុង​ប្រទេស​រុស្ស៊ី​គឺ​ជា​រឿង​ដ៏​កម្រ។ កត្តា​រួម​ផ្សំ​ផ្សេង​ទៀត​គឺ​ធ្វើ​ឱ្យ​អ្នក​សិក្សា​ស្រាវជ្រាវ​មាន​ការ​លំបាក​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​រុស្ស៊ី។ នេះ​បើ​តាម​ការ​លើកឡើង​របស់​អ្នក​សិក្សា​ស្រាវជ្រាវ​ទូទៅ។
 
ស្ថាប័ន​បស្ចិម​ប្រទេស​មិន​ចង់​ផ្ដល់​ថវិកា​ដល់​ទស្សនកិច្ច​ស្រាវជ្រាវ​ទៅ​កាន់​ប្រទេស​រុស្ស៊ី​នោះ​ទេ ហើយ​អ្នក​សិក្សា​ស្រាវជ្រាវ​នានា​បារម្ភ​អំពី​ការ​ដាក់​ទណ្ឌកម្ម។ សុវត្ថិភាព​ផ្ទាល់​ខ្លួន​គឺ​ជា​រឿង​មួយ​ផ្សេង​ទៀត ហើយ​វា​កាន់តែ​មាន​ហានិភ័យ​សម្រាប់​សាកលវិទ្យាល័យ​របស់​រុស្ស៊ី​នៅ​ក្នុង​ការ​ឧបត្ថម្ភ​អ្នក​សិក្សា​ស្រាវជ្រាវ​បស្ចិម​ប្រទេស។
ប្រវត្តិវិទូ​មួយ​រូប​ផ្នែក​ស្ដាលីន​និយម​នៅ​សហរដ្ឋ​អាមេរិក​បាន​ប្រាប់ VOA ថា៖ «ប្រាកដ​ណាស់ ករណី​នេះ​នឹង​មាន​ផល​ប៉ះពាល់​ខ្លាំងក្លា​លើ​ប្រភេទ​គម្រោង​មួយ​ចំនួន​ដែល​មនុស្ស​ធ្វើ​ការ​ស្រាវជ្រាវ»។
 
ប្រវត្តិវិទូ​រូប​នេះ​បាន​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ដោយ​ខ្លាច​ថា​អាច​មាន​បញ្ហា​ណា​មួយ​កើតឡើង​ចំពោះ​សាច់ញាតិ​របស់​លោក​នៅ​ក្នុង​ប្រទេស​រុស្ស៊ី។
ប្រវត្តិវិទូ​រូប​នេះ​បាន​និយាយ​ថា ជា​រឿង​ដ៏​គួរ​ឱ្យ​ចម្លែក​ដោយសារតែ​ឧបសគ្គ​ផ្លូវការ​ភាគ​ច្រើន​ចំពោះ​លទ្ធភាព​ចូល​ទៅ​សិក្សា​ស្រាវជ្រាវ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​គឺ​ចេញ​មកពី​ក្រុម​បស្ចិម​ប្រទេស។
ប្រវត្តិវិទូ​រូប​នេះ​បាន​បន្ថែម​ថា រដ្ឋាភិបាល​រុស្ស៊ី​ប្រហែល​ជា​អាច​ទទួល​ស្វាគមន៍​អ្នក​សិក្សា​ស្រាវជ្រាវ​រូប​ណា​ដែល​រាក់ទាក់​ជាមួយ​នឹង​ខ្លួន។
 
អ្នកស្រី Abosch បាន​និយាយ​ថា មាន​ហានិភ័យ​ដែល​ថា​ការ​ដាក់​កំហិត​ចំពោះ​លទ្ធភាព​ចូល​ទៅ​ស្រាវជ្រាវ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​ប្រហែល​ជា​អាច​រួម​ចំណែក​ដល់​ការ​ធ្វើ​ឱ្យ​ក្រុម​បស្ចិម​ប្រទេស​មិន​អាច​ស្វែង​យល់​អំពី​ប្រទេស​រុស្ស៊ី​បាន។ ការ​ឃោសនា​របស់​រុស្ស៊ី​ដែល​តែងតែ​មាន​ច្រើន​ប្រហែល​ជា​នឹង​បំពេញ​ចន្លោះ​ខ្វះខាត​នេះ។
 
អ្នកស្រី​ថ្លែង​ដូច្នេះ​ថា៖ «ខ្ញុំ​គិត​ថា វា​ពិតជា​ជួយ​ដល់​ការ​ឃោសនា​របស់​រុស្ស៊ី។ ខ្ញុំ​គិត​ថា គោល​បំណង​នៃ​ឧបសគ្គ​ដូច​នេះ​គឺ​ប្រាកដ​ជា​ដើម្បី​បង្កើត​នូវ​ដែន​ពិភាក្សា​ដាច់​ដោយ​ឡែក​ពី​នេះ។ អ្នកស្រី​បាន​បន្ថែម​ថា ប្រសិនបើ​គ្មាន​អ្នក​សិក្សា​ស្រាវជ្រាវ​បស្ចិម​ប្រទេស​ដែល​សិក្សា​អំពី​ប្រទេស​រុស្ស៊ី​ធ្វើការ​ស្រាវជ្រាវ​ដោយ​ផ្ទាល់​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​ទេ «វា​នឹង​ងាយស្រួល​សម្រាប់​រដ្ឋាភិបាល [រុស្ស៊ី] នៅ​ក្នុង​ការ​កែខៃ​ការ​លើកឡើង​ណា​មួយ​របស់​ខ្លួន [អំពី​ប្រវត្តិសាស្ត្រ]»។
 
ប្រវត្តិវិទូ​និង​អ្នក​វិភាគ​នានា​បាន​និយាយ​ថា អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ រដ្ឋាភិបាល​រុស្ស៊ី​បាន​ប្រឡូក​នៅ​ក្នុង​ការ​តាក់តែង​ឡើង​វិញ​ឬ​ក៏​កែប្រែ​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​រុស្ស៊ី ជាពិសេស​អំពី​សង្គ្រាម​លោក​លើក​ទី​ពីរ ដើម្បី​រក្សា​ការ​ក្ដោបក្ដាប់​អំណាច​និង​ផ្ដល់​ហេតុផល​ចំពោះ​ទង្វើ​គឃ្លើន​របស់​ខ្លួន​ដូចជា​ការ​ភ្ជាប់​យក​តំបន់ Crimea កាលពី​ឆ្នាំ ២០១៤ និង​ការ​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន​កាលពី​ឆ្នាំ ២០២២ ដូច្នេះ​ដែរ។
 
អ្នកស្រី Kimberly St. Julian-Varnon ដែល​ជា​បេក្ខជន​ថ្នាក់​បណ្ឌិត​នៃ​សាកលវិទ្យាល័យ Pennsylvania បាន​ប្រាប់ VOA ថា៖ «មនុស្ស​អាក្រក់​ប្រឹង​ធ្វើការ ប៉ុន្តែ​រុស្ស៊ី​ប្រឹង​ធ្វើការ​ខ្លាំង​ជាង​នេះ​ទៀត​ដើម្បី​លុប​លាង​កេរ្តិ៍​ឈ្មោះ​ជា​ប្រវត្តិសាស្ត្រ​របស់​ខ្លួន។
 
ស្ថានការណ៍​អកុសល​របស់​អ្នក​សិក្សា​ស្រាវជ្រាវ​បរទេស​នេះ​គឺ​ដូច​ទៅ​នឹង​ស្ថានការណ៍​របស់​អ្នក​យក​ព័ត៌មាន​បរទេស​ដែរ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អ្នកស្រី Anastasia Edel អ្នក​និពន្ធ​អាមេរិកាំង​ដើម​កំណើត​រុស្ស៊ី ដែល​បង្រៀន​ផ្នែក​ប្រវត្តិសាស្ត្រ​នៅ​សាកលវិទ្យាល័យ California នៅ​ក្រុង Berkeley។
 
តាំងពី​មាន​សង្គ្រាម​នៅ​អ៊ុយក្រែន​មក អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​បរទេស​រាប់​សិប​នាក់​បាន​ចាកចេញ​ពី​រុស្ស៊ី​ដោយសារ​ក្ដី​បារម្ភ​រឿង​សុវត្ថិភាព។
លោក Evan Gershkovich អ្នក​យក​ព័ត៌មាន​ឱ្យ​សារព័ត៌មាន Wall Street Journal របស់​សហរដ្ឋ​អាមេរិក ត្រូវ​បាន​ឃុំ​ខ្លួន​អស់​រយៈពេល​ជាង ២ ខែ ក្រោម​បទ​ចោទ​ប្រកាន់​ចារកម្ម ដែល​ការ​ចោទ​ប្រកាន់​នេះ​ត្រូវ​បាន​រូប​លោក​ផ្ទាល់​ សារព័ត៌មាន Wall Street Journal និង​រដ្ឋាភិបាល​អាមេរិក​បដិសេធ​យ៉ាង​ខ្លាំងក្លា។
 
អ្នកស្រី Edel បាន​បញ្ជាក់​ថា ការ​រារាំង​និង​ការ​ដាក់​កំហិត​លើ​លទ្ធភាព​ចូល​ទៅ​ក្នុង​ប្រទេស​រុស្ស៊ី​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​យក​ព័ត៌មាន​និង​អ្នក​សិក្សា​ស្រាវជ្រាវ​នានា​កាន់តែ​មាន​ការ​លំបាក​នៅ​ក្នុង​ការ​កត់ត្រា​អំពី​អ្វី​ដែល​កំពុង​កើតឡើង​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​និង​ដើម្បី​ផ្ដល់​ដល់​អ្នក​តាមដាន​ព័ត៌មាន​នូវ​ជម្រើស​ផ្សេង​ពី​ការ​ប្រឌិត​ព័ត៌មាន​របស់​រុស្ស៊ី។
 
អ្នកស្រី​បាន​លើកឡើង​ដូច្នេះ​ថា៖ «វា​នឹង​មិន​ល្អ​ទេ​សម្រាប់​ពលរដ្ឋ​រុស្ស៊ី​ដោយសារតែ​ពួកគេ​នឹង​មិន​មាន​ជម្រើស​ផ្សេង​ដើម្បី​ទទួល​បាន​ព័ត៌មាន​ក្រៅពី​ការ​ឃោសនា​របស់​រុស្ស៊ី»។
អ្នកស្រី St. Julian-Varnon បាន​និយយ​ថា៖ «ក្ដី​បារម្ភ​ចម្បង​របស់​ខ្ញុំ​គឺ​ថា​យើង​នឹង​ដើរ​ថយក្រោយ​នៅ​ក្នុង​ការ​ស្វែងយល់​របស់​យើង​អំពី​ប្រទេស​រុស្ស៊ី​សម័យ​ទំនើប»។
 
លោក Kuromiya ក៏​មាន​ទស្សនៈ​ស្រដៀង​គ្នា​នេះ​ផង​ដែរ ដោយ​លោក​បាន​និយាយ​ថា៖ «ស្ថានការណ៍​បច្ចុប្បន្ន​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ខ្លាំង​ដល់​ការ​ស្វែងយល់​របស់​យើង​អំពី​ប្រទេស​រុស្ស៊ី»។
លោក​បាន​ថ្លែង​ដូច្នេះ​ថា៖ «ដូច​រដ្ឋាភិបាល​ជា​ច្រើន​ទៀត​ដែរ រដ្ឋាភិបាល​រុស្ស៊ី​ស្វះស្វែង​ត្រួតត្រា​សច្ចភាព ចំណែក​ឯ​អ្នក​សិក្សា​ស្រាវជ្រាវ​នានា​ប្រឹងប្រែង​ដើម្បី​លាត​ត្រដាង​សច្ចភាព​ទាំង​នោះ»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com