អន្តរជាតិ
អាមេរិក​ជំរុញ​ការ​លើក​កម្ពស់​សុខភាព​និង​ការ​ចិញ្ចឹម​សត្វ​ឃ្មុំ​តាម​អគារ​សហព័ន្ធ​​នៅ​ទូទាំង​ប្រទេស​
11, Jun 2023 , 8:39 am        
រូបភាព
ដោយ: VOA
សត្វ​ឃ្មុំ​មួយ​ក្បាល​ហើរមក​ជិត​ផ្កា​ នៅទីក្រុង Markendorf ប្រទេស​អាល្លឺម៉ង់ កាលពីថ្ងៃព្រហស្បតិ៍ថ្ងៃទី១៩ មេសា​ ឆ្នាំ២០១៨។

ខណៈ​ដែល​ក្រុមចៅក្រម មេធាវីនិង​ក្រុម​បុគ្គលិក​ជំនួយការនៅតុលាការ​សហព័ន្ធក្នុង​ក្រុង Concord រដ្ឋ New Hampshire សហរដ្ឋ​អាមេរិក​ បំពេញ​ការងាររបស់​ពួក​គេ​តាម​ប្រព័ន្ធយុត្តិធម៌​អាមេរិកាំង សត្វ​ឃ្មុំរាប់ពាន់​នៅ​លើ​ដំបូលអគារ​នេះ​បំពេញមុខ​នាទី​ខ្លួនសំខាន់​ជាង​នេះ​ ដែល​កិច្ចការ​នោះ​គឺការ​ចិញ្ចឹម​ពិភពលោក។
 
អគារ​តុលាការ Warren B. Rudman ជា​អគារសហព័ន្ធ​មួយ​ក្នុង​បណ្តា​អគារ​សហព័ន្ធ​ជា​ច្រើននៅ​ទូទាំង​ប្រទេសអាមេរិក ដែល​ចូលរួម​ក្នុង​កម្មវិធីផ្តួចផ្តើម​គំនិត​ឱ្យ​ឃ្មុំរោយ​លម្អង​ផ្កា (Pollinator Initiative) របស់​ទីភ្នាក់ងារ​កិច្ចការ​សេវាកម្ម​ទូទៅ (General Services Administration) របស់​រដ្ឋាភិបាល​អាមេរិក។​
 
គោល​ដៅ​នៃ​កម្មវិធី​នេះ​គឺវាយ​តម្លៃនិង​លើក​កម្ពស់​សុខភាព​ឃ្មុំ​និង​សត្វល្អិត​ដែល​រោយ​លម្អង​ផ្កា​ឯ​ទៀតៗ ដែល​មាន​សារៈសំខាន់​ដល់​ជីវិត​នៅ​លើ​ផែនដី។
 
ខណៈ​សត្វ​ល្អិត​ទាំង​នេះ​ជួយរួមចំណែករាប់ពាន់​លាន​ដុលា្លរ​ដល់​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​ជា​រៀង​រាល់​ឆ្នាំ ​សត្វល្អិត​ទាំង​នេះក៏​រងការ​គំរាមកំហែង​ជា​ប្រចាំ​ដែរ។ បើ​គ្មាន​អន្តរាគមន៍​របស់​មនុស្ស​ទេ ​ការ​បាត់បង់​ឃ្មុំ​អាច​ជាមហន្តរាយមួយ​សម្រាប់​ពិភពលោក។
 
លោក Noah Wilson-Rich ជា​សហស្ថាបនិក ប្រធាន​ប្រតិបត្តិ​ និង​ជា​ប្រធាន​មន្ត្រីវិទ្យាសាស្ត្រនៃ​ក្រុមហ៊ុន​ Best Bees មាន​មូលដ្ឋាន​នៅ​ក្រុង​ Boston។ លោក​បាន​និយាយ​ថា៖ «ជន​ទាំង​ឡាយ​ណា​ដែល​បរិភោគ​អាហារ ត្រូវ​ការ​ឃ្មុំ‍»។ ក្រុមហ៊ុន​លោក​មាន​កុងត្រា​ជាមួយ​រដ្ឋាភិបាល​អាមេរិក​ក្នុង​ការ​ថែទាំ​សំបុក​ឃ្មុំ​នៅ​អគារ​តុលាការ​រដ្ឋNew Hampshire និង​អគារ​ឯ​ទៀតៗ​របស់​សហព័ន្ធ។
 
លោកបាន​ថ្លែង​ថា ឃ្មុំ​ជួយនាំ​លម្អង​ផ្កា​ឱ្យ​ប្រភេទ​រុក្ខជាតិ​ផ្លែឈើ​និង​បន្លែ​ដែល​មនុស្សបរិភោគ។
 
ឃ្មុំ​នាំ​លម្អងផ្កា​សម្រាប់​ចំបើងនិង​ស្មៅ​ alfalfa ដែលជា​ចំណី​សម្រាប់​ឱ​គោ​ស៊ីដែល​ផ្តល់សាច់​ឱ្យ​យើង​បរិភោគ។ ហើយ​ឃ្មុំក៏ជួយ​ដល់​សុខភាព​រុក្ខជាតិ​ ហើយ​តាម​រយៈដំណើរការ​ធ្វើ​រស្មីសំយោគ​ (photosynthesis) របស់​រុក្ខជាតិ វា​ក៏​ផ្តល់​ខ្យល់​ស្អាតសម្រាប់​យើង​ដក​ដង្ហើម​ផង​ដែរ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com