ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ប្រធានសហព័ន្ធសេវាអប់រំ៖ ការងារអប់រំ ត្រូវតែគិតគូរវែងឆ្ងាយពីអនាគតធនធានមនុស្សនៅក្នុងដៃ
11, Jun 2023 , 9:19 am        
រូបភាព
លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំ នៅកម្ពុជា រូបភាពរបស់សារព័ត៌មានថ្មីៗ និងផ្តល់ជូនដោយ សហព័ន្ធសេវាអប់រំ នៅកម្ពុជា
លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំ នៅកម្ពុជា រូបភាពរបស់សារព័ត៌មានថ្មីៗ និងផ្តល់ជូនដោយ សហព័ន្ធសេវាអប់រំ នៅកម្ពុជា
ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖ លោក គង់ សំនៀង ទើបតែទទួលបានតួនាទីជាប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា។ ផ្ដើមចេញពីការងារជាគ្រូបង្រៀន លោក គង់ សំនៀង ដែលមានជំនាញបង្រៀនអក្សរសាស្រ្តអង់គ្លេសរូបនេះ ប្ដេជ្ញាយកចិត្តទុកដាក់អភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា។ តាមរយៈការតាំងចិត្តនេះ លោក សំនៀង ថ្លែងថា ការងារអប់រំ ត្រូវតែគិតគូរវែងឆ្ងាយពីអនាគតធនធានមនុស្សនៅក្នុងដៃ។

 
ដើម្បីកាន់តែពិស្តារ សូមលោកអ្នកនាង ស្តាប់បទសម្ភាសរវាង វាគ្មិន លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំ​ នៅកម្ពុជា ជាមួយ កញ្ញា សុង សុធាវី អ្នកផលិតកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ ដូចតទៅ៖
 

 
 
កំណត់គោលដៅក្នុងវិស័យអប់រំ ដោយចាប់ផ្តើមពីអាជីពគ្រូបង្រៀន

ក្រោយប្រឡងជាប់ថ្នាក់បាក់ឌុបនៅវិទ្យាល័យថ្មគោល នៃខេត្តបាត់ដំំបង នាឆ្នាំសិក្សា ១៩៩៥ អតីតនិស្សិតក្រីក្រ លោក គង់ សំនៀង បានបន្តថ្នាក់បរិញ្ញាបត្រគណិតវិទ្យា នៅសាកលវិទ្យាល័យដ៏ធំ និងចំណាស់ជាងគេមួយនៅភ្នំពេញ គឺសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ មុនពេល យុវជន គង់ សំនៀង បានឈានជើងជាន់ទឹកដីរាជធានីភ្នំពេញផងនោះ រូបគេតាំងចិត្តថា ចង់ក្លាយជាគ្រូបង្រៀន ដ៏ល្អម្នាក់ ហើយជាលទ្ធផល លោក បានក្លាយជាគ្រូបង្រៀនផ្នែកភាសាអង់គ្លេសដ៏លេចធ្លោមួយរូប តាំងពីរូបគេនៅរៀនថ្នាក់បរិញ្ញាបត្រផងដែរ។ នេះបើយោងតាមការរៀបរាប់របស់ លោក គង់  សំនៀង ប្រាប់សារព័ត៌មានថ្មីៗ។
 
ពីមួយថ្ងៃទៅមួយថ្ងៃ គ្រូបង្រៀនវ័យក្មេងរូបនេះ បានតាំងចិត្ត និងដាក់បេះដូងបម្រើការងារផ្នែកអប់រំឯកជន យ៉ាងយកចិត្តទុកដាក់ នៅសាលារៀនញូវតុនធីឡាយ ហើយ លោកក៏ត្រូវបានថ្នាក់ដឹកនាំពេញចិត្ត និងដំឡើងតួនាទីជាប្រធានសាខា រហូតក្លាយជាប្រធានការិយាល័យនៅជំនាន់នោះ។ 

វិលរកភាពជាខ្លួនឯង ព្រោះតែមានបេះដូងជាអ្នកអប់រំ



មិនយូរប៉ុន្មាន សក្តានុពល និងភាពលេខធ្លោរបស់ យុវជន គង់ សំនៀង មានម្ចាស់អាជីវកម្មមួយចំនួន ចង់បានលោកមកកាន់តួនាទី ជាផ្នែកដឹកនាំនៃក្រុមហ៊ុនរបស់ពួកគេ ។ ដោយសារភាពក្មេងខ្ចីនៅក្នុងអាជីព និងគិតថាចង់ផ្លាស់ប្តូរបរិយាកាសការងារ ទើបជំរុញឱ្យលោក គង់ សំនៀង ចាកចេញពីវិស័យអប់រំ ហើយទៅកាន់តួនាទីជាអ្នកគ្រប់គ្រងនៅក្រុមហ៊ុន បោះដុំសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃមួយ កាលពីជាង១០ឆ្នាំមុន…។ 
 
ប៉ុន្តែបំពេញការងារនោះ មិនបានប៉ុន្មានផង លោក សំនៀង ក៏វិលរកភាពជាខ្លួនឯង ព្រោះតែមានបេះដូងជាអ្នកអប់រំ។
 
បុរសអ្នកខេត្តបាត់ដំបងខាងលើ បញ្ជាក់បែបនេះ៖ « ជាការពិត យើងចង់ផ្លាស់ប្តូរបរិយាកាស តែយើងមានបទពិសោធន៍ច្រើន និងនិស្ស័យជាអ្នកធ្វើខាងការងារអប់រំ  អ៊ីចឹងក៏យើងត្រឡប់មកធ្វើការនៅក្នុងវិស័យអប់រំវិញ។ ពេលចូលធ្វើការដំបូល ខ្ញុំបានចូលរួមជាមួយ សាលារៀនវេស្ទឡាញន៍ ដែលកាលនោះ លោក ប៉ិច បូឡែន បានផ្តល់ឱកាសឱ្យខ្ញុំ កា្លយជានាយករងនៅសាខាសន្ធម៉ុក ដែលជាសាខាបើកដំបូង ហើយបន្ទាប់មកក៏បានឡើងជានាយកសាខា និងវិវត្តន៍ខ្លួនបន្តិចម្តងៗ រហូតក្លាយជាអគ្គនាយករង នៃក្រុមហ៊ុនវេសឡាញ ដូចបច្ចុប្បន្ន» ។ 
 
ពីគ្រូបង្រៀនធម្មតា ក្លាយជាថ្នាក់ដឹកនាំសំខាន់មួយ 

«ជាការពិត ពេលដែលយើងទទួលបានតំណែងអ្វីមួយ វាសុទ្ធតែជាទំនួលខុសត្រូវ! ហើយសួរថាម្នាក់ៗ ចង់បានវា ឬ អត់? នៅក្នុងស្ថាប័នមួយ គឺសុទ្ធតែចង់បានហើយ។ អ៊ីចឹង កាលពីយើងនៅធ្វើជាគ្រូបង្រៀន យើងចង់ធ្វើជានាយកសាខា នៅពេលយើងបានធ្វើជានាយកសាខា នោះយើងតែងតែងចង់បានតំណែងបន្តបន្ទាប់ទៀតហើយ។ នេះគឺជាការតាំងចិត្ត ព្រោះខ្ញុំចូលចិត្តការងារដឹកនាំហ្នឹង តាំងតែពីខ្ញុំ រៀននៅថ្នាក់វិទ្យាល័យមកម្ល៉េះ។ យើងមានផែនការ មានការតាំងចិត្ត និងគម្រោងច្បាស់លាស់…»។  លោក គង់ សំនៀង បញ្ជាក់ប្រាប់ អ្នកសារព័ត៌មានថ្មីៗ បែបនេះ។ 
 
ចំពោះការងារជាអ្នកដឹកនាំសំខាន់មួយរូបនៅក្នុងស្ថាប័នអប់រំ ដ៏ធំមួយ ដែលមានបុគ្គលិក ខ្ទង់ពាន់នាក់ដូចសព្វថ្ងៃ បុរសសម្បុរស្រអែមរូបនេះ ចែករំលែកថា ការដឹកនាំមួយដែលឥតខ្ចោះ គឺមិនមានទេ។ 
  


ប៉ុន្តែលោក អាចចែករំលែកបទពិសោធន៍ថា ពេលបង្រៀនសិស្ស លោកគ្រូអ្នកគ្រូ ត្រូវតែយល់ពីប្រភេទ របស់សិស្សទាំងនោះ ហើយពេលដែលដឹកនាំ គឺត្រូវស្គាល់ពីប្រភេទបុគ្គលិកនីមួយៗដូចគ្នា។ បើតាមលោក សំនៀង ទោះបីជាគោលការណ៍របស់ក្រុមហ៊ុនមានហើយពិតមែន តែជាអ្នកដឹកនាំត្រូវតែស្គាល់ច្បាស់ ពីស្ថានភាពជាក់ស្តែងរបស់បុគ្គលិកខ្លួន ហើយគួរធ្វើការជាមួយពួកគេឱ្យត្រូវតាមតួនាទី និងអារម្មណ៍ ជាពិសេសត្រូវបត់បែនរបៀបដឹកនាំ ទៅតាមប្រភេទនៃសហការីផងដែរ។ 
 
បុរសវ័យជិត៤០ឆ្នាំរូបនេះដដែល បានគូសបញ្ជាក់តាមរយៈការងារជាអ្នកដឹកនាំរបស់ខ្លួនជាង ២០ឆ្នាំ ដូច្នេះថា៖ « អ៊ីចឹង​ នៅតាមក្រុមហ៊ុនតែងតែមានហើយ អំពីច្បាប់ ទម្លាប់ ។ល។ តែក្នុងនាមជាអ្នកដឹកនាំ យើងគួរតែមានភាពបត់បែន មានន័យថា រៀបចំផែនការច្បាស់លាស់ ដោយស្គាល់ពីបុគ្គលិកយើង មានទំនាក់ទំនងល្អ ដោយផ្តល់ឱកាសការងារឱ្យពួកគាត់ និងភាពរីចម្រើនឱ្យពួកគាត់ ដែលមានទាំង ប្រាក់ខែ ឱកាសការងារ និងឱកាសឱ្យពួកគាត់ចេញទៅចូលរួមកម្មសិក្សានៅខាងក្រៅប្រទស ឬ តាមខេត្តនានា»។ 
 
 ការងារក្នុងវិស័យអប់រំ ត្រូវតែគិតគូរវែងឆ្ងាយពីអនាគតធនធានមនុស្សនៅក្នុងដៃ
 
«នៅពេលដែលយើងបើកមុខរបរអ្វីមួយក៏ដោយ យើងត្រូវតែគិតពីទំនួលខុសត្រូវសង្គម! ជាពិសេស ដូចពួកខ្ញុំ ដែលជាអ្នករកស៊ី បើកសាលាហ្នឹង គឺរឹតតែមានទំនួលខុសត្រូវកាន់តែខ្លាំងណាស់។ ចំពោះសាលារៀន គឺជាកន្លែងមួយ សម្រាប់បណ្តុះបណ្តាលធនធានមនុស្ស។ អ៊ីចឹង ជាទំនួលខុសត្រូវ ក្រៅពីយើងគិតគូរលើអនាគតរបស់បុគ្គលិក គឺសិស្សយើងតែម្តង ដែលយើងតែងតែមានការចុះកុងត្រារយៈពេលវែង ជាមួយភាគីពាក់ព័ន្ធ ដើម្បីធានាបាននូវនិរន្តរភាពនៃការសិក្សារបស់ពួកគាត់»។ ប្រធានសហព័ន្ធសេវាអប់រំ សង្កត់ធ្ងន់បែបនេះ។
បើតាមលោក សំនៀង ការងារក្នុងវិស័យអប់រំ ត្រូវតែគិតគូរវែងឆ្ងាយពីអនាគតធនធានមនុស្សនៅក្នុងដៃ។
 
លោកបន្ថែមថា ៖«ប្រសិនបើយើងមិនមានការរៀបចំទុកដាក់ទេឱ្យបានត្រឹមត្រូវ ហើយត្រៀមឱ្យបានវែងឆ្ងាយទេ នោះយើងនឹងបិទកណ្តាលទីហើយនៅពេលម្ចាស់អាគារ ឬ ម្ចាស់ទីតាំងទាំងនោះឈប់ជួលឱ្យ។ ជាការពិត បើសិនជាពួកយើងជាអ្នកធ្វើខាងការងារអប់រំ ខ្ញុំជឿថាពួកគាត់សុទ្ធតែមានចិត្ត និងនិស្ស័យដូចគ្នាច្រើនហើយ។ ណាមួយ តាមក្រុមហ៊ុននីមួយៗ សុទ្ធតែមានបេសកកម្ម និងចក្ខុវិស័យរបស់ខ្លួន ដែលជាការជួយជ្រោមជ្រែង ក៏ដូចជាការតម្រង់ទិសដល់ពួកគាត់ សម្រាប់ឱ្យផ្នែកគ្រប់គ្រង និងបុគ្គលិកទាំងអស់ អនុវត្តន៍តាម។ អ៊ីចឹង  បុគ្គលិកទាំងអស់ ត្រូវតែមានទំនួលខុសត្រូវ  ទៅតាមតួនាទីរបស់ពួកគាត់ឱ្យមានគុណភាព សាកសមជាអ្នកអប់រំ»៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com