ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកស្រី សោភ័ណ ជំរុញឲ្យកម្មករប្រើប្រាស់ប័ណ្ណ ប.ស.ស ដើម្បីកាត់បន្ថយចំណាយ
11, Jun 2023 , 9:59 am        
រូបភាព
អ្នកស្រី សុខ សោភ័ណ ជាកម្មកររោងចក្រសម្លៀកបំពាក់ អង្គុយចាំឡានក្រុងសាធារណ។ រូបដោយ វតី .jpg
អ្នកស្រី សុខ សោភ័ណ ជាកម្មកររោងចក្រសម្លៀកបំពាក់ អង្គុយចាំឡានក្រុងសាធារណ។ រូបដោយ វតី .jpg
ភ្នំពេញ៖ អ្នកស្រី សុខ សោភ័ណ ជាកម្មកររោងចក្រសម្លៀកបំពាក់ មានជំងឺប្រចាំកាយទឹកនោមផ្អែម អះអាងថា ខ្លួនបានប្រើប្រាស់ប័ណ្ណសមាជិកបេឡាជាតិសន្តិសុខសង្គម(ប.ស.ស) ក្នុងការពិនិត្យសុខភាព និងបើកថ្នាំ ដោយឥតថ្លៃ។ អ្នកស្រី ពេញចិត្តនឹងសេវាសេវាកម្មក្រុមគ្រូពេទ្យ ហើយស្នើឲ្យកម្មករដទៃទៀត ប្រើប័ណ្ណ ប.ស.ស ពិនិត្យនិងព្យាបាល ដែលអាចកាត់បន្ថយចំណាយ ។ កម្មករភាគច្រើន សុទ្ធតែមានប័ណ្ណនេះ។

 
អ្នកស្រី សុខ សោភ័ណ ដែលរស់នៅភូមិ១ ឃុំពីរ នៃក្រុងតាខ្មៅខេត្តកណ្ដាល បានរូតរះរៀបចំខ្លួនតាំងពីម៉ោង៥ ព្រឹក ទៅពិនិត្យសុខភាព និងបើកថ្នាំទឹកនោមផ្អែម នៅមន្ទីរពេទ្យព្រះអង្គឌួង។ ការតាមដានបញ្ហាសុខភាព របស់អ្នកស្រី ពុំចំណាយថវិកាឡើយ ព្រោះមានប័ណ្ណការងារ និងប័ណ្ណ ប.ស.ស។ 
 
ក្នុងដំណើររហ័សរហួន ជាមួយនឹងកាបូបពណ៌ខៀវ ស្ពាយចំហៀងខាងឆ្វេង កម្មករវ័យ៤០ឆ្នាំរូបនេះ ដើរបណ្ដើរជជែកជាមួយសារព័ត៌មានថ្មីៗបណ្ដើរថា កាតដែលអ្នកស្រីពាក់នេះ ជាកាតការងារ ហើយពាក់សម្រាប់ជិះឡានក្រុងសាធារណៈ ដោយឥតគិតថ្លៃ។ នៅម៉ោងជាង៧ព្រឹក នាថ្ងៃអាទិត្យ នៅពេទ្យព្រះអង្គឌួងពោរពេញទៅដោយពលរដ្ឋ ដោយចាប់តាំងពីខាងមុខច្រកចូលពេទ្យ រហូតដល់បន្ទប់ពិនិត្យ និងពិគ្រោះយោបល់ជាមួយពេទ្យ។ 
 
នៅទីនោះ មានមនុសច្រើន ឈរជាជួររង់ចាំជួបគ្រូពេទ្យ ដោយមិនមានគម្លាតសុវត្ថិភាពការពារជំងឺឆ្លងឡើយ។ យ៉ាងណាពួកគេពាក់ម៉ាស់គ្រប់គ្នា។ ម៉ោងប្រមាណ៨ កម្មករកម្ពស់ទាប និងមានសក់ព័ណ៌ទងដែង ដែលពាក់អាវដៃខ្លីពណ៌សំបកពងមាន់ កំពុងឈរតម្រង់ជួរដូចគេដែរ ដើម្បីដាក់ឯកសារ ស្នើសុំជួបពេទ្យ និងបើកថ្នាំ។ តាមលក្ខខណ្ឌការងារ អ្នកស្រី សោភ័ណ អាចសុំច្បាប់មួយព្រឹក ដើម្បីទៅពេទ្យ ហើយពេលថ្ងៃ កម្មការិនីរូបនេះ ត្រូវម្នីម្នាទៅបំពេញការងារនៅឯខេត្តវិញ។ ប៉ុន្តែយ៉ាងណាកម្មការិនីវ័យ៤០ឆ្នាំរូបនេះ ខ្លាចចិត្តថៅកែ ដោយពុំសូវហ៊ានឈប់សម្រាក ទើបសុខចិត្តមកបើកថ្នាំនៅចុងសប្ដាហ៍វិញ ដោយមិនឱ្យរំខានដល់ម៉ោងការងារខ្លួនឡើយ។ 
 

អ្នកស្រី សុខ សោភ័ណ ជាកម្មកររោងចក្រសម្លៀកបំពាក់ អង្គុយចាំឡានក្រុងសាធារណ។ រូបដោយ វតី 





ត្បិតអ្នកស្រី រអ៊ូរឿងរង់ចាំយូរ និងគ្មានពេលច្រើនក្នុងការឈប់សម្រាកដើម្បីមកពេទ្យ តែអ្នកស្រី បានកោតសរសើរពីសេវាបម្រើការងាររបស់គ្រូពេទ្យ ពិសេសចំពោះ អ្នកប្រើប្រាស់ប័ណ្ណ ប.ស.ស។ មានស្រុកកំណើតនៅខេត្តកណ្ដាល អ្នកស្រី សោភ័ណ ដែលឡើងមកពិនិត្យសុខភាពម្នាក់ឯង នៅភ្នំពេញនេះ បានប្រាប់បែបនេះ៖ «ពេទ្យយកចិត្តទុកដាក់ជាមួយអ្នកជំងឺគ្រប់គ្នា មិនថាមានប័ណ្ណ ប.ស.ស ឬអត់មាននោះទេ ឆ្លើយឆ្លងសមរម្យណាស់ មិនដូចកាលពីមុនឡើយ»។ 
 
«បងស្រី សុខ សោភ័ណ! »។ នេះជាសំឡេង ពេទ្យ ដែលបានបើកទ្វារ ហៅឈ្មោះអ្នកជំងឺដែលរង់ចាំនៅខាងមុខ ឱ្យចូលជួបម្ដងម្នាក់។ អ្នកស្រី សោភ័ណ ងើបពីកៅអីរង់ចាំ ចូលទៅជួបជាមួយគ្រូពេទ្យនាម៉ោង៩និង២០នាទី។ 
 
រំលងប្រមាណ១៥នាទី អ្នកស្រី សោភ័ណ បានចេញពីបន្ទប់ពិនិត្យសុខភាពជាមួយគ្រូពេទ្យ ហើយបន្តទៅពិនិត្យឈាម និងបេះដូង។ អ្នកស្រីរៀបរាប់បន្តថា ដោយសារលេបថ្នាំទឹកនោមផ្អែមអស់មួយរយៈ ទើបអ្នកស្រីមានសភាពថប់ដង្ហើម និងឧស្សាហ៍ហត់អស់កម្លាំង។ ដូច្នេះ ពេទ្យបញ្ជូនអ្នកស្រីឱ្យជួបពេទ្យជំនាញពិនិត្យបន្ថែមទៀត។ 
 
ក្រោយពេលពិនិត្យសុខភាពគ្រប់សព្វ ស្រ្តីវ័យ៤០ឆ្នាំរូបនេះ ត្រូវរង់ចាំលទ្ធផល នៅពេលរសៀល។ «ប័ណ្ណ ប.ស.ស បានជួយកាត់បន្ថយការចំណាយរបស់អ្នកស្រីស្ទើទាំងស្រុក ពិសេសពាក់ព័ន្ធនឹងជំងឺរ៉ាំរ៉ៃ ទឹកនោមផ្អែម ហើយបាត់ការងារក៏រួចចំណែកដែរ គឺព្រឹកឡើងខ្ញុំធ្វើដំណើរមកពុំអស់លុយឡើយ តាមរយៈឡានក្រុងសាធារណរបស់រដ្ឋ ហើយម្ហូបអាហារខ្ញុំងើបដាំខ្ចប់មក»។ កម្មការិនីមកខេត្តកណ្ដាល បន្ថែមបែបនេះ។ 
 
ដោយឃើញពីអត្ថប្រយោជន៍នេះ អ្នកស្រីអំពាវនាវឱ្យកម្មកររោងចក្រដទៃទៀត ដែលមានប័ណ្ណ ប.ស.ស ត្រូវយកវាមកប្រើប្រាស់ ដើម្បីពិនិត្យសុខភាព និងព្យាបាលជំងឺដោយឥតគិតថ្លៃ ព្រោះកម្មករទាំងអស់ដែលមានប័ណ្ណ ប.ស.ស សុទ្ធតែបានបង់ភាគទាន។ ទន្ទឹមនឹងនេះ អ្នកស្រី សោភ័ណ ក៏ជំរុញឱ្យកម្មករទាំងអស់ ហ៊ាននិយាយពីបញ្ហាលំបាកនៅពេលប្រើ ប.ស.ស ដើម្បីឱ្យភាគីពាក់ព័ន្ធដឹងឮ ហើយចូលរួមកែលម្អ៕ 
 

Tag:
 ប.ស.ស
  កម្មករ
  ទឹកនោមផ្អែម
© រក្សាសិទ្ធិដោយ thmeythmey.com