ជាតិ
សង្គមជាតិ
សមត្ថកិច្ចឃាត់ខ្លួនចិន២នាក់ ជាម្ចាស់គ្លីនិក ប៉ខាង ដែលយកសពជនរងគ្រោះ ទៅប្លុងចោលនៅខេត្តកណ្ដាល
11, Jun 2023 , 11:41 am        
រូបភាព
សមត្ថកិច្ចចុះពិនិត្យសាកសពជនរងគ្រោះ។ រូបពី ហ្វេសប៊ុករបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ
សមត្ថកិច្ចចុះពិនិត្យសាកសពជនរងគ្រោះ។ រូបពី ហ្វេសប៊ុករបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ
ភ្នំពេញ៖ សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនពីរនាក់ ជាម្ចាស់ គ្លីនិកព្យាបាលជំងឺ ប៉ខាង នៅសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយសារយកសពជនជាតិកូរ៉េម្នាក់ ទៅបោះចោលនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ 

អគ្គស្នងការដ្ឋាននគរបាលជាតិ ចេញផ្សាយថា ពលរដ្ឋបានប្រទេះឃើញសាកសពនារីម្នាក់រុំកន្ទេល នៅក្បែរលូ​ ក្នុងភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កាលពីថ្ងៃទី៦មិថុនា។ ក្រោយមក សមត្ថកិច្ចក៏បានបើកការស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនពីរនាក់​ ដែលជាម្ចាស់​គ្លីនិកពិគ្រោះជំងឺ ប៉​ ខាង​។ 
 
ជនសង្ស័យទាំងពីរជាប្ដីប្រពន្ធ។ ជនសង្ស័យទាំងពីរនាក់ បានសារភាពថា ខ្លួនពិតជាបានយកសាកសពជនរងគ្រោះជាជនជាតិកូរ៉េ ទៅប្លុងចោលមែន។ 
 

ជនសង្ស័យជាជនជាតិចិន ដែលសមត្ថកិច្ចបានឃាត់ខ្លួន។ រូបពី ហ្វេសប៊ុករបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ

ជនជាតិចិនទាំងពីរ បានសារភាពទៀតថា កាលពីថ្ងៃទី៤មិថុនា ជនរងគ្រោះ បានចូលមកសម្រាកព្យាបាលនៅគ្លីនិក ដោយចាក់សារ៉ូម ប្រភេទ SHENG LI YAN SHUI ២ប្លោក។ ប៉ុន្តែបន្ទាប់ពីដាក់សារ៉ូមហើយ ជនរងគ្រោះក៏ប្រកាច់ស្លាប់ នៅក្នុងគ្លីនិកតែម្ដង។ ជនសង្ស័យជាម្ចាស់គ្លីនិក បានរៀបចំយកសាកសពជនរងគ្រោះរុំកន្ទេល ហើយដឹកសពជនរងគ្រោះ ទៅទម្លាក់ចោលក្បែរមាត់លូ នៅស្រុកកណ្តាលស្ទឹង ខេត្ដកណ្ដាល។
 
បច្ចុប្បន្ននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានរៀបចំសំណុំរឿង និងបញ្ជូនជនសង្ស័យទាំងពីរនាក់ ខាងលើ ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com