សេដ្ឋកិច្ច
អន្តរជាតិ
វៀតណាមនឹងមានអាកាសយានដ្ឋានចំនួន៣០កន្លែងនៅឆ្នាំ២០៣០
11, Jun 2023 , 10:19 pm        
រូបភាព
រូបភាពពី Vietnamnet ។
រូបភាពពី Vietnamnet ។
វៀតណាមទើបតែបានអនុម័តផែនការមេលើការអភិវឌ្ឍអាកាសយានដ្ឋាន ដែលមានស្រាប់ចំនួន២២កន្លែង និងការសាងសង់ព្រលានយន្តថ្មីចំនួន៨បន្ថែមទៀត។

 
ដើម្បីពន្លឿនការវិនិយោគ និងប្រតិបត្តិការអាកាសចរណ៍ស៊ីវិលនេះ រដ្ឋាភិបាលវៀតណាម​ បានចុះហត្ថលេខាអនុម័តដោយឧបនាយករដ្ឋមន្ត្រី ជិន ហុងហា​ លើផែនការមេស្តីពីការអភិវឌ្ឍន៍ប្រព័ន្ធអាកាសយានដ្ឋានទាំងអស់ នៃដំណាក់កាលឆ្នាំ ២០២១-២០៣០ និងចក្ខុវិស័យឆ្នាំ ២០៥០ ។ 
 
បើយោងតាមផែនការមេនៅឆ្នាំ ២០៣០ វៀតណាមនឹងមានអាកាសយានដ្ឋានវៀតណាមសរុបចំនួន ៣០កន្លែង។ ក្នុងនោះអាកាសយានដ្ឋានអន្តរជាតិចំនួន ១៤ កន្លែងដូចជា  Van Don, Cat Bi, Noi Bai, Tho Xuan, Vinh, Phu Bai, Da Nang, Chu Lai, Cam Ranh, Lien Khuong, Long Thanh, Tan Son Nhat, Can Tho និង Phu Quoc ។
 
ចំណែកអាកាសយានដ្ឋានក្នុងស្រុកចំនួន ១៦ កន្លែងរួមមាន Lai Chau, Dien Bien, Sa Pa, Na San, Dong Hoi, Quang Tri, Phu Cat, Tuy Hoa, Pleiku, Buon Ma Thuot, Phan Thiet, Rach Gia, Ca Mau, Con Dao, Thanh Son និង Bien Hoa ។
ដើម្បីសម្រេចនូវផែនការមេនេះ វៀតណាមត្រូវការប្រើប្រាស់ថវិកាចំនួន៤២០ទ្រីលានដុង (ប្រមាណជាង ១៨ពាន់លានដុល្លារ)។ វៀតណាមក៏នឹងពង្រីកអាកាសយានដ្ឋានអន្តរជាតិសំខាន់ៗ ដែលដើរតួនាទីសំខាន់ដូចជា Long Thanh, Tan Son Nhat, Noi Bai, Da Nang, Cam Ranh, Phu Quoc ផងដែរ ។ 
 
បើតាមអាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម អំឡុងឆ្នាំ២០២១ - ២០៣០ បណ្តាញអាកាសយានដ្ឋាន ត្រូវបានគ្រោងទុកដោយមានមជ្ឈមណ្ឌលសំខាន់ចំនួន ២ នៅ ហាណូយ ( Noi Bai ) និងហូជីមិញ (Tan Son Nhat )។
 
លើសពីនេះអាកាសយានដ្ឋានអន្តរជាតិ Long Thanh ដែលមានចម្ងាយប្រមាណ ៤០​ គីឡូម៉ែត្រនៃភាគខាងកើតទីក្រុងហូជីមិញ គឺជាព្រលានយន្តហោះដ៏ធំជាងគេបំផុតនៅវៀតណាម។  ព្រលានយន្តហោះនេះ កំពុងបន្តសាងសង់ជាមួយនឹងសមត្ថភាពផ្ទុកអ្នកដំណើររហូតដល់ ១០០លាននាក់ និងដឹកទំនិញបាន ៥លានតោនក្នុងមួយឆ្នាំ ។ 
 
ជារួមនៅក្នុងផែនការមេស្តីពីការអភិវឌ្ឍន៍អាកាសយានដ្ឋានទូទាំងប្រទេសត្រឹមឆ្នាំ ២០៣០ នឹងមានអាកាសយានដ្ឋានសរុបចំនួន ៣០ ត្រូវបានដាក់ឱ្យដំណើរការដោយធានាថា ប្រជាពលរដ្ឋវៀតណាមជាង ៩៥ភាគរយ អាចទៅដល់ព្រលានយន្តហោះ ដែលនៅជិតខ្លួនក្នុងចម្ងាយត្រឹមតែ ១០០គីឡូម៉ែត្រ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com