ជាតិ
ទំហំនាំចេញនៃវិស័យកាត់ដេរនៅកម្ពុជា ឈានដល់ ១៣ពាន់លានដុល្លារ
11, Jun 2023 , 5:59 pm        
រូបភាព
កម្មករចេញពីធ្វើការនាពេលកន្លងមក។
កម្មករចេញពីធ្វើការនាពេលកន្លងមក។
ភ្នំពេញ៖ បច្ចុប្បន្ន ទំហំនាំចេញសរុបនៃវិស័យកាត់ដេរនៅកម្ពុជា មានរហូតដល់ ១៣ពាន់លានដុល្លារ ខណៈទំហំនៃការនាំចេញផលិតផលសរុបមានរហូតដល់៥២ពាន់លានដុល្លារ។ នេះបើតាមការលើកឡើងរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី។

 
ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់មកពីរោងចក្រ ខេត្តតាកែវ នាព្រឹកថ្ងៃទី១១មិថុនា សម្ដេច ហ៊ុន សែន បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជា នឹងសម្រេចដល់រង្វង់៥.៦ភាគរយ។ សម្ដេច បន្ថែមថា កម្ពុជាបានដើរតាមគោលនយោបាយពាណិជ្ជកម្មត្រឹមត្រូវ បើមើលតាមកំណើននៃទំហំពាណិជ្ជកម្មរបស់កម្ពុជា។ 
 
«ឥឡូវទំហំនាំចេញផ្នែកវិស័យកាត់ដេរ មានរហូតដល់១៣ពាន់លានដុល្លារ ហើយសរុបទាំងអស់ នៃទំហំការនាំចេញពីកម្ពុជា ចេញទៅក្រៅប្រទេស ឆ្នាំកន្លងទៅយើងនាំចេញទៅដល់២៩ពាន់លានដុល្លារ។ ហើយបើគិតពីការនាំចេញ-នាំចូល សរុបយើង ៥២ពាន់លានដុល្លារ»។ សម្ដេច ហ៊ុន សែន បានលើកឡើងបែបនេះ 
 
វិស័យកាត់ដេរនៅកម្ពុជា ចាប់ផ្ដើមមានជាង៦០រោងចក្រប៉ុណ្ណោះ នៅឆ្នាំ១៩៩៧ ដោយមានកម្មករនិយោជិតជាង៨ម៉ឺននាក់។ បច្ចុប្បន្ននេះ កម្ពុជាមានរោងចក្រជិត១៤០០រោងចក្រ ជាមួយកម្មករនិយោជិតជាង៨០ម៉ឺននាក់ ដែលនេះបង្ហាញពីការរីកចម្រើនលើគោលនយោបាយ វិស័យឧស្សាហកម្មរោងចក្រកាត់ដេរ។ សម្ដេច ហ៊ុន សែន យល់ឃើញបែបនេះ៕ 
 

Tag:
 វិស័យកាត់ដេរ
© រក្សាសិទ្ធិដោយ thmeythmey.com