ជាតិ
​​​ន​យោ​បាយ​ជាតិ​
នាយករដ្ឋមន្រ្តី បញ្ជាឲ្យពិនិត្យផ្លូវច្បាប់លើទំនាក់ទំនងរវាងបក្សភ្លើងទៀន ជាមួយលោក សម រង្ស៊ី
12, Jun 2023 , 3:29 pm        
រូបភាព
លោក សម រង្ស៊ី ស្ថិតក្នុងវត្តខ្មែរមួយ នៅសហរដ្ឋអាម៉េរិក កាលពីខែកុម្ភៈ ឆ្នាំ២០២២ (រូបពីហ្វេសប៊ុករបស់លោក)។
លោក សម រង្ស៊ី ស្ថិតក្នុងវត្តខ្មែរមួយ នៅសហរដ្ឋអាម៉េរិក កាលពីខែកុម្ភៈ ឆ្នាំ២០២២ (រូបពីហ្វេសប៊ុករបស់លោក)។
ដោយ៖ ទេពញាណ 

អ្នកនាំពាក្យ បំភ្លឺថា គណបក្សភ្លើងទៀន មិនមានទំនាក់ទំនងជាមួយលោក សម រង្ស៊ី ឡើយ។



គណបក្សភ្លើងទៀន ត្រូវជាប់សង្ស័យថា អាចមានទំនាក់ទំនងជាមួយលោក សម រង្ស៊ី ដែលជាម្ចាស់ដើមនៃគណបក្សនេះ។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រាប់ឲ្យអ្នកច្បាប់ នាំគ្នាពិនិត្យលើបញ្ហានេះ។  

ការណែនាំឲ្យអ្នកច្បាប់ពិនិត្យលើទំនងរវាងគណបក្សភ្លើងទៀន ជាមួយលោក សម រង្ស៊ី កើតឡើងបន្ទាប់ពីសម្តេចនាយករដ្ឋមន្រ្តី បានឃើញលិខិត២ច្បាប់ គឺលិខិត១ច្បាប់ ចេញដោយលោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន និងលិខិត១ច្បាប់ទៀត ចេញដោយលោក សម រង្ស៊ី ដែលប្រើតួនាទីជាប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ ទៅឲ្យស្រ្តីម្នាក់ជាសកម្មជនប្រឆាំង ដើម្បីអាចជ្រកកោននៅប្រទេសបារាំង។ 
 
តាមរយៈសំណេរក្នុងបណ្តាញតេឡេក្រាម កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ប្រមុខរដ្ឋាភិបាលកម្ពុជា សរសេរថា៖«សូមអ្នកច្បាប់ សិក្សាអំពីផ្លូវច្បាប់នូវលិខិតរបស់គណបក្សភ្លើងទៀន ដែលចុះហត្ថលេខាដោយ ទាវ វណ្ណុល ជាមួយលិខិតរបស់ខ្មោចគណបក្សសង្រ្គោះជាតិ ដែលចុះហត្ថលេខាដោយទណ្ឌិតរត់ចោលគុក តើមានទំនាក់ទំនងយ៉ាងណាជាមួយគ្នា?»។ 
 
លោក គីមសួរ ភីរិទ្ធិ អ្នកនាំពាក្យគណបក្សភ្លើងទៀន មិនអាចបញ្ជាក់ថា លិខិតដែលចេញដោយលោក ទាវ វណ្ណុល ជាលិខិតពិត ឬមិនពិតនោះទេ ហើយលោក បដិសេធមិនធ្វើអត្ថាធិប្បាយលើលិខិតនេះ ព្រោះលោក មិនបានដឹងច្បាស់។ លោក លើកហេតុផលថា លិខិតនេះ ចេញតាំងពីមុនលោក ចូលជាសមាជិកគណបក្សភ្លើងទៀន មកម្ល៉េះ។ លោក រុញឲ្យទៅសួរថ្នាក់ដឹកនាំគណបក្សភ្លើងទៀនដោយផ្ទាល់ ប៉ុន្តែលេខទូរស័ព្ទរបស់លោក ទាវ វណ្ណុល មិនអាចហៅចូល។ 
 
ទោះមិនអាចនិយាយពីរឿងលិខិតរបស់លោក ទាវ វណ្ណុល តែលោក គីមសួរ ភីរិទ្ធិ ហ៊ានអះអាងថា តាំងពីលោកចូលធ្វើនយោបាយជាមួយគណបក្សភ្លើងទៀនមក គណបក្សជំទាស់នេះ មិនដែលមានទំនាក់ទំនងជាមួយលោក សម រង្ស៊ី សោះឡើយ។ អ្នកនាំពាក្យគណបក្សភ្លើងទៀនរូបនេះ មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ ថា៖«អ្វីដែលលោក សម រង្ស៊ី និយាយ អ្វីដែលលោក សម រង្ស៊ី មានទស្សនៈ គឺជារឿងឯកជនរបស់គាត់។ យើង ធ្វើការតាមរបៀបរបស់យើង»។  
 
លិខិតទាំង២ខាងលើ បញ្ជាក់ដូចគ្នាថា អ្នកស្រី ញ៉ែម សាវ៉ាត គឺជាសកម្មជនប្រឆាំង ហើយលិខិតទាំង២នេះ ត្រូវបានបង្ហាញជាសាធារណៈក្នុងវីដេអូឃ្លីប ដោយអ្នកស្រីជាម្ចាស់លិខិតតែម្តង។ លិខិតជាភាសាខ្មែរ ដែលចេញដោយលោក ទាវ វណ្ណុល ចុះកាលបរិច្ឆេទ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ហើយលិខិតជាភាសាបារាំង ដែលចេញលោក សម រង្ស៊ី ដែលកំពុងរស់នៅក្នុងប្រទេសបារាំងស្រាប់នោះ ចុះកាលបរិច្ឆេទ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។ 
 
យ៉ាងណា អ្នកស្រី និយាយក្នុងវីដេអូឃ្លឹបថា អ្នកស្រី ទៅដល់ប្រទេសបារាំង តាំងពីខែសីហា ឆ្នាំ២០២២។ មួយវិញទៀត ក្នុងលិខិតដែលចេញដោយលោក ទាវ វណ្ណុល សរសេរខុសត្រង់ឆ្នាំ ដោយសារសរសេរថា ឆ្នាំ២០២២២។ 
 
ផ្អែកតាមលិខិត លោក ទាវ វណ្ណុល បញ្ជាក់ថា អ្នកស្រី ញ៉ែម សាវ៉ាត ជាសមាជិកា និងជាសកម្មជនដ៏ឆ្នើម​របស់គណបក្សភ្លើងទៀន និងរបស់អតីតគណបក្សសង្គ្រោះជាតិ ហើយលោក ស្នើឲ្យស្ថាប័ន អង្គការ ឬសមាគមន៍ពាក់ព័ន្ធ ជួយផ្តល់កិច្ចការពារដល់អ្នកស្រី ជាជនរងគ្រោះផ្នែកនយោបាយ។ 
 
នាពេលថ្មីៗនេះ អ្នកស្រី ញ៉ែម សាវ៉ាត ដែលជាអ្នកចម្រៀងរបស់គណបក្សភ្លើងទៀន បានធ្វើវីដេអូឃ្លីប រៀបរាប់អំពីទុក្ខលំបាករបស់ខ្លួននៅក្នុងប្រទេសបារាំង ហើយបង្ហាញបំណងចង់វិលត្រឡប់មករស់នៅក្នុងប្រទេសកម្ពុជាវិញ។ ការយល់ព្រមទៅរស់នៅឯប្រទេសបារាំងនេះ ត្រូវអ្នកស្រី ចាត់ទុកថា ខ្លួនឯង ចាញ់ការឃោសនារបស់អ្នកប្រឆាំង។ 
 
អ្នកស្រី រៀបរាប់រឿងរ៉ាវពីដើមទីមកថា ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ប្រាប់អ្នកស្រីថា ចម្រៀងរបស់គណបក្សភ្លើងទៀន ដែលច្រៀងដោយអ្នកស្រី គឺប៉ះពាល់ដល់ថ្នាក់ដឹកនាំរដ្ឋាភិបាល (ឬថ្នាក់ដឹកនាំគណបក្សកាន់អំណាច) ដូច្នេះ អ្នកស្រី មិនអាចរស់នៅក្នុងស្រុកឡើយ ព្រោះអាចប៉ះពាល់ដល់ជីវិត។ 
 
អ្នកស្រី បន្តថា ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ជំរុញឲ្យអ្នកស្រីទៅរស់នៅឯប្រទេសបារាំង។ អ្នកស្រី និយាយថា ពេលដល់ប្រទេសបារាំង អ្នកស្រី ជួបការលំបាកជាងការរស់នៅក្នុងស្រុកខ្មែរ។ អ្នកស្រី បង្ហាញការលំបាករបស់ខ្លួនថា៖«ទីបំផុត ខ្ញុំមកដល់ទីនេះ វេទនាជាងអណ្តើតចូលភ្លើងទៀត វេទនាខ្លាំងណាស់»។ 
 
ជាមួយគ្នានេះ អ្នកស្រី រិះគន់ពលរដ្ឋខ្មែរ ដែលមាននិន្នការប្រឆាំង ក្នុងប្រទេសបារាំង​ថា ប្រកាន់បក្សពួកនិយម ហើយអ្នកខ្លះ មិនស្វាគមន៍អ្នកស្រី។ អ្នកស្រី បញ្ចេញអារម្មណ៍ថា៖«ខ្ញុំ លែងនៅស្រុកនេះទៀតហើយ ខ្ញុំឆ្អែតឆ្អន់ សម្ពាធផ្លូវចិត្ត ខ្ញុំទ្រាំអត់បានទេ ខ្ញុំរស់នៅ [លំបាក] ជាងនរកទៀត»។ 
 
អ្នកស្រី លើកឡើងថា អ្នកស្រី ត្រូវវិលត្រឡប់មកស្រុកខ្មែរវិញតាំងពីយូរមកហើយ តែដោយសារឯកសាររបស់អ្នកស្រី ដូចជា លិខិតឆ្លងដែន និងសៀវភៅគ្រួសារ ជាដើម ត្រូវគេដកហូត ទើបអ្នកស្រី មិនទាន់អាចវិលមកស្រុកខ្មែរ។ អ្នកស្រី មិនបានបញ្ជាក់នោះទេថា អ្នកដកហូតឯកសាររបស់អ្នកស្រី ជាអ្នកណា។  
 
សម្តេច ហ៊ុន សែន សរសេរក្នុងតេឡេក្រាមថា អ្នកស្រី ញ៉ែម សាវ៉ាត នឹងបកស្រាយបន្ថែមទៀត ពេលអ្នកស្រី មកដល់ស្រុកខ្មែរវិញ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ៕ 
 

Tag:
 បក្សភ្លើងទៀន
© រក្សាសិទ្ធិដោយ thmeythmey.com