អន្តរជាតិ
មន្ត្រី​៤​នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​ការ​វាយ​ប្រហារ​ប៉ុស្តិ៍​ប៉ូលិសនៅ​វៀតណាម
12, Jun 2023 , 4:29 pm        
រូបភាព
មន្ត្រីប៉ូលិស៤នាក់បានស្លាប់ និង២នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការបាញ់ប្រហារ​នៅទីស្នាក់ការប៉ូលិសនៅតំបន់ខ្ពង់រាបភាគកណ្ដាលវៀតណាមនៅថ្ងៃទី១១ ខែមិថុនា។

 
យោងតាមក្រសួងសន្តិសុខសាធារណៈវៀតណាម មនុស្ស១៦ នាក់ត្រូវបានចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​បាញ់ប្រហារនៅស្នាក់ការ​ប៉ូលិស​​ឃុំ Ea Tieu និង Ea Ktur ក្នុងស្រុក Cu Kuin របស់ខេត្ត Dak Lak ភាគកណ្ដាលវៀតណាម។ ជាមួយគ្នានេះ មនុស្សពីរនាក់ដែលត្រូវបានចាប់ជាចំណាប់ខ្មាំងត្រូវបា​ន​រំដោះក្នុងការសង្រ្គោះ ហើយមនុស្សម្នាក់ទៀតបានរំដោះខ្លួនឯង។
 
ក្រសួងដដែលបន្តថា មន្ត្រីប៉ូលិស៤នាក់ ត្រូវបានសម្លាប់ពេលកំពុងបំពេញកាតព្វកិច្ច ខណៈមន្ត្រី​ពីរ ​នាក់​ផ្សេង​ទៀត​រង​របួស។ ក្នុងរបាយការណ៍មួយផ្សេងទៀត  មន្ត្រីក្នុងតំបន់និងជនស៊ីវិលមួយចំនួនក៏​ស្ថិតក្នុងការវាយប្រហារផងដែរ ប៉ុន្តែមិនបានផ្តល់តួលេខជនរងគ្រោះទេ ស្របពេលក្រុម​ស៊ើបអ​ង្កេត​កំពុងស្វែងរកជនសង្ស័យបន្ថែមទៀត។ 
 
បើតាមសារព័ត៌មានវៀតណាម Vietnam News មនុស្ស២៦នាក់ត្រូវបានចាប់ខ្លួន ហើយអាវុធមួយចំនួនត្រូវបានរឹបអូស។
 
សូមបញ្ជាក់ថា តំបន់ខ្ពង់រាបភាគកណ្តាលដែលមានជនជាតិភាគតិចមួយចំនួន ត្រូវបានចាត់ទុក​ជា​តំបន់រសើបសម្រាប់រដ្ឋាភិបាលវៀតណាម និងជាតំបន់ក្តៅគគុក​យូរណាស់​មក​ហើយ​ជុំវិញ​បញ្ហា​ដីធ្លី។ 
 
អំពើហិង្សាដោយកាំភ្លើង គឺជារឿងកម្រមានបំផុតនៅក្នុងវៀតណាម។ នៅប្រទេសនេះ វា​ជាអំ​ពើ​ខុស​ច្បាប់សម្រាប់ពលរដ្ឋក្នុងការកាន់កាប់អាវុធ ហើយទីផ្សារខុសច្បាប់​សម្រាប់​អាវុធ​ក៏​មាន​កម្រិត។ មនុស្ស​៤នាក់ត្រូវបានបាញ់សម្លាប់នៅកន្លែងជល់មាន់ខុសច្បាប់នៅជាយក្រុងហូជីមិញ ក្នុងខែមករាឆ្នាំ ២០២០ ។ នៅក្នុងការបាញ់ប្រហារដ៏កម្រមួយផ្សេងទៀតក្នុងឆ្នាំ ២០១៦ មន្ត្រីជាន់ខ្ពស់ពីរនាក់នៅខេត្ត Yen Bai ភាគខាងជើង ត្រូវបានសម្លាប់ដោយអ្នកធ្វើការជាមួយ​ផង។
 

Tag:
 វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com