ជាតិ
ARDB នឹងផ្ដល់ឥណទានអត្រាការប្រាក់សមរម្យដល់កសិករ ដើម្បីដោះស្រាយបញ្ហាប្រឈមស្វាយចន្ទី
12, Jun 2023 , 8:59 pm        
រូបភាព
ភ្នំពេញ៖ ស្របពេល រដ្ឋាភិបាលដាក់ចេញគោលនយោបាយគាំទ្រ និងប្រែក្លាយកម្ពុជាទៅជាអធិរាជគ្រាប់ស្វាយចន្ទី នាពេលអនាគត។ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានប្រកាសផ្ដល់ឥណទាន ដែលមានអត្រាការប្រាក់សមរម្យដល់កសិករ ដើម្បីជួយពួកគេដោះស្រាយបញ្ហាប្រឈមនានា ជាពិសេសពង្រឹងខ្សែច្រវាក់ផលិតកម្មដំណាំស្វាយចន្ទីឱ្យកាន់តែប្រសើរថែមទៀត។


 
លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម កាលពីថ្ងៃទី១១ ខែមិថុនា បានលើកឡើងថា​ រដ្ឋាភិបាល មានគោលនយោបាយគាំទ្រ និងចង់ប្រែក្លាយកម្ពុជាឱ្យជាអធិរាជគ្រប់ស្វាយចន្ទី នាពេលអនាគត។ ដើម្បីសម្រេចគោលដៅ ធនាគារ ARDB លើកទឹកចិត្តដល់កសិករស្នើសុំឥណទានជាទុនវិនិយោគសម្រាប់សាងសង់ឃ្លាំង​ លាន​ហាល​ ដើម្បីទប់ស្កាត់ការធ្លាក់ចុះតម្លៃគ្រប់ស្វាយចន្ទីលើទីផ្សារ។  


លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។ រូបភាព៖ ARDB 
 
ករណី តំណាង​ ឬសមាជិកសហគមន៍ និងកសិករ ដែលចង់បានឥណទាន សម្រាប់ការដាំដុះ ឬពង្រីកខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី ARDB នឹងផ្ដល់ឥណទានក្នុងអត្រាការប្រាក់សមរម្យ ដើម្បីទិញជី ថ្នាំ ម៉ាស៊ីន បកស្វាយចន្ទី សាងសង់ ឃ្លាំង ស្តុក លាន ហាល ជាដើម។​
 
លោក កៅ ថាច បញ្ជាក់ដូច្នេះថា៖«​អត្រាការប្រាក់នេះ​ គឺជាការប្រាក់សម្បទាន និងជាការគិតគូររបស់រាជរដ្ឋាភិបាល ចំពោះបងប្អូនប្រជាកសិករ នៅទីជនបទ ដើម្បីពង្រីកការដាំដុះស្វាយចន្ទី​ និដាំដុះដំណាំផ្សេងៗក្នុងវិស័យកសិកម្ម»។ 
 
អគ្គនាយក ARDB រូបនេះ បានលើកទឹកចិត្តកសិករឱ្យស្នើសុំឥណទាន ដោយគ្រាន់តែយកស្តុកគ្រាប់ស្វាយចន្ទីស្ងួត មកដាក់ធ្វើជាទ្រព្យធានាបំណុល។ ករណីនេះ ធនាគារអាចផ្តល់ឥណទាន ជូនរហូតដល់៧០ភាគរយ នៃតម្លៃគ្រាប់ស្វាយចន្ទី ក្នុងឃ្លាំងស្តុក។ 
  


លោក បានណែនាំ​​ដល់កសិករ​ដែលមានផ្ទៃដីដាំដុះស្វាយចន្ទី ចងក្រង​ជាសហគមន៍ ឬជាបណ្តុំអ្នកផលិត​​ ដោយមានផែនការដាំដុះច្បាស់លាស់​ ផ្សារ​ភ្ជាប់នឹង​ទីផ្សារ​។ កសិករទាំងអស់​ គួរសិក្សាពីបច្ចេកទេសឱ្យច្បាស់លាស់លើដាំដុះ ការថែទាំ ដើម្បីបង្កើនការផលិត និងការកែច្នៃ ឲ្យស្របតាមស្តង់ដារចំណីអាហារ ដើម្បីលក់ទៅទីផ្សារ។ 
 
ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត រីករាយក្នុងការទទួលយកកម្ចីអនុគ្រោះអត្រាការប្រាក់ពីធនាគារ ARDB នៅពេលនេះ ហើយសមាគម នឹងបន្តសហការឱ្យជិតស្និទ្ធ ដើម្បីផ្ដល់អត្រាការប្រាក់មួយដ៏សមរម្យដល់កសិករ។ លោក ឱ្យដឹងថា បច្ចុប្បន្ន កសិករពិបាករកប្រាក់ចំណេញពីដំណាំស្វាយចន្ទី ព្រោះថា អាត្រាការប្រាក់ឡើងខ្ពស់រហូតដល់ ១២ភាគរយ។  
  


ទិន្ន័យថតដោយប្រព័ន្ធផ្កាយរណប បង្ហាញថា ផ្ទៃដីដាំដុះស្វាយចន្ទីកាន់តែរួមតូច។ ជាក់ស្ដែងនៅឆ្នាំ២០២១ សមាគមនស្វាយចន្ទីកម្ពុជា ប៉ាន់ប្រមាណថា ផ្ទៃដីដាំស្វាយមាន ៨០ម៉ឺនហិកតា តែមកដល់ពេលនេះថយចុះមកត្រឹម៧០ម៉ឺនហិកតាប៉ុណ្ណោះ។ 
 
គួរជម្រាបថា នៅពិធីបុណ្យទន្លេលើកទី៧ ដែលរៀបចំឡើង នៅខេត្តកំពង់ធំកាលពីថ្ងៃទី៩ ខែមីនា សម្ដេច ហ៊ុន សែន បានបង្ហាញក្តីសង្ឃឹមថា កម្ពុជា នឹងក្លាយជាប្រទេសដែលនាំមុខគេ ក្នុងការនាំចេញ និងផ្តត់ផ្គង់ស្វាយចន្ទី ទៅកាន់ទីផ្សារពិភពលោក។ សម្ដេច ថ្លែងដូច្នេះថា៖«ខ្ញុំ កំពុងស្រមើស្រមៃថា ប្រទេសរបស់យើង នឹងក្លាយទៅជាប្រទេស ដែលផលិតស្វាយចន្ទីច្រើនបំផុតលើពិភពលោក»៕ 
 

Tag:
 កសិកម្ម
  ARDB
  ស្វាយចន្ទី
© រក្សាសិទ្ធិដោយ thmeythmey.com