ជាតិ
សង្គមជាតិ
ការយកអត្តសញ្ញាប័ណ្ណ ទៅដាក់នៅធនាគារ ឬកន្លែងបញ្ចាំ នឹងលែងកើតមានទៀតហើយ
13, Jun 2023 , 10:59 pm        
រូបភាព
ក្នុងកិច្ចប្រជុំមួយ  លោក ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារផ្នែកផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បានលើកឡើងអំពីបញ្ហាមួយចំនួនដែលសេសសល់ជុំវិញរឿងអត្តសញ្ញាណប័ណ្ណនេះ ដូចជា ប្រជាពលរដ្ឋខ្លះ ប្រើអត្តសញ្ញាណប័ណ្ណខុសគោលដៅ ដោយយកទៅដាក់នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងកន្លែងផ្សេងទៀត ដែលអាចខ្ចីប្រាក់ក្រៅប្រព័ន្ធ ជាដើម។

 
ធ្វើជាអធិបតីក្នុងកិច្ចប្រជុំនេះ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អះអាងថា ការយកអត្តសញ្ញាណប័ណ្ណទៅប្រើខុសគោលដៅបែបនេះ នឹងលែងកើតមានទៀតហើយ នៅពេលសេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ត្រូវបានអនុម័តដាក់ឲ្យប្រើប្រាស់ នាពេលដ៏ខ្លីខាងមុខ។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានរដ្ឋសភាអនុម័តហើយ កាលពីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។
 
កិច្ចប្រជុំខាងលើ ត្រូវបានរៀបចំឡើង នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៣មិថុនានេះ ដើម្បីពិនិត្យលទ្ធផលនៃការអនុវត្តផែនការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ។ សម្ដេច បានណែនាំដល់មន្រ្តីពាក់ព័ន្ធ ឲ្យជំរុញការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ ដែលមានអត្តសញ្ញាណប័ណ្ណអស់សុពលភាព។  
 
ក្នុងពិធីមួយ នៅខេត្តព្រៃវែង កាលពីថ្ងៃ៩មិថុនាកន្លងទៅ សម្តេចរដ្ឋមន្រ្តីមហាផ្ទៃ ថ្លែងថា ការយកអត្តសញ្ញាណប័ណ្ណទៅដាក់នៅកន្លែងបញ្ចាំ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីខ្ចីប្រាក់ គឺមានច្រើនករណី។ សម្តេច មានប្រសាសន៍ដូច្នេះថា៖«រឿងហ្នឹង មិនតូចទេ។ ឥឡូវយើង មិនអនុញ្ញាតឲ្យយកអត្តសញ្ញាណប័ណ្ណ ទៅដាក់បញ្ចាំ ដើម្បីយកលុយកកាក់ មកធ្វើនេះធ្វើនោះទេ»៕ 
 

Tag:
 អត្តសញ្ញាណប័ណ្ណ
© រក្សាសិទ្ធិដោយ thmeythmey.com