ជាតិ
​​​ន​យោ​បាយ​ជាតិ​
ពីអ្នកជំនួញមកធ្វើនយោយបាយ ប្រធានបក្សស្ត្រីដើម្បីស្ត្រី ដាក់គោលដៅដោះស្រាយបញ្ហាកសិករ
14, Jun 2023 , 10:59 am        
រូបភាព
ពីអ្នកជំនួញមកធ្វើនយោយបាយ លោកស្រី ស៊ឹង សុធី ប្រធានបក្សស្ត្រីដើម្បីស្ត្រី បានដាក់គោលដៅដោះស្រាយបញ្ហាស្ត្រី និងកសិករ។
ពីអ្នកជំនួញមកធ្វើនយោយបាយ លោកស្រី ស៊ឹង សុធី ប្រធានបក្សស្ត្រីដើម្បីស្ត្រី បានដាក់គោលដៅដោះស្រាយបញ្ហាស្ត្រី និងកសិករ។
លោកស្រី ស៊ឹង សុធី ប្រធានគណបក្សស្ត្រីដើម្បីស្រ្តី នឹងត្រូវចូលរួមប្រកួតប្រជែងសន្លឹកឆ្នោត ជាមួយគណបក្សនយោបាយទាំង១៧ទៀត ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ឆ្នាំ២០២៣នេះ។ផ្ដើមចេញពីអ្នកជំនួញ មកធ្វើនយោយបាយនេះ លោកស្រី ស៊ឹង សុធី ដាក់គោលដៅដោះស្រាយបញ្ហាស្ត្រី និងប្រជាកសិករ នៅតាមមូលដ្ឋាន។



ធ្លាប់ជាអ្នករកស៊ីលើផ្នែកសេវាកម្មទេសចរនោះ លោកស្រី ស៊ឹង សុធី ចាប់របត់ថ្មីមួយ ដោយចូលប្រឡូកចូលឆាកនយោបាយ ដោយសង្ឃឹមថា នឹងអាចជួយដោះស្រាយបញ្ហាស្រ្តី ប្រជាពលរដ្ឋ ជាពិសេសប្រជាកសិករបានច្រើនជាងមុន។ ជាអ្នកជំនួញលើផ្នែកបដិសណ្ឋារកិច្ច និងរកស៊ីលើផ្នែកកសិកម្មផង ស្ត្រីវ័យជាង៤០ឆ្នាំរូបនេះ មើលឃើញថា វិស័យកសិកម្មនៅកម្ពុជា មានសក្ដានុពលច្រើនណាស់ ដែលមិនទាន់ប្រើប្រាស់អស់។
 
ដោយសារតែមានចិត្តចង់ជួយវិស័យកសិកម្មនេះ ទើបលោកស្រី ស៊ឹង សុធី សម្រេចដាក់គោលនយោបាយ «ភូមិមួយ ផ្សារមួយ» ដើម្បីជំរុញឱ្យប្រជាពលរដ្ឋលែងបារម្ភពីបញ្ហាប្រកួតប្រជែង និងទីផ្សារកសិកម្ម ពោលគឺពួកគេអាចរកចំណូលចិញ្ចឹមជីវភាពឱ្យកាន់តែប្រសើរឡើង នៅតាមមូលដ្ឋាន។
 
ជាបន្តសូមលោកអ្នកនាង ស្ដាប់កិច្ចសម្ភាសរវាងលោកស្រី ស៊ឹង សុធី ប្រធានគណបក្សស្ត្រីដើម្បីស្ត្រី និងលោក រំដួល ចិត្រា អ្នកសារព័ត៌មានឌីជីថលថ្មីៗ ដូចតទៅ៖
 

ផ្ទុយពីការគិតរបស់មនុស្សដទៃទៀត ដែលគិតថា ពលរដ្ឋខ្មែរ នៅតាមស្រុកភូមិ ខ្ជិលច្រអូស ទុកដីទំនេរចោលឥតប្រយោជន៍នោះ លោកស្រី សុធី មើលមិនឃើញរូបភាពបែបនេះឡើយ។ សម្រាប់ប្រធានបក្សស្ត្រីដើម្បីស្ត្រីរូបនេះ មើលឃើញដូច្នេះវិញថា ពលរដ្ឋខ្មែរតាមស្រុកភូមិ មិនខ្ជិលច្រអូស ក្នុងការធ្វើស្រែចម្ការនោះទេ ប៉ុន្តែមកពីបញ្ហាទីផ្សារកសិកម្ម និងផលិតផលផ្សេងៗទៅវិញទេ ទើបធ្វើឱ្យពួកគេសិញសុញ មិនប្រវេប្រវាធ្វើកសិកម្មឱ្យអស់សក្ដានុពលនេះ។
 
ក្រៅពីបញ្ហាកសិកម្មនេះ លោកស្រី ស៊ឹង សុធី ក៏ផ្ដោតការយកចិត្តទុកដាក់ក្នុងការជួយស្ត្រីផងដែរ ដើម្បីឱ្យពួកគេក្លាយជាមនុស្សមានភាពរឹងមាំ និងហ៊ានធ្វើសេចក្តីសម្រេចចិត្តឱ្យបានត្រឹមត្រូវ ដោយមិនចាំពឹងផ្អែកលើបុរសទៀត។ 
 
គណបក្សស្ត្រីដើម្បីស្ត្រី បង្កើតឡើងនៅឆ្នាំ២០១៩។ សម្រាប់ការចូលរួមឈរឈ្មោះបោះឆ្នោត លើកទី១នេះ។ គណបក្សស្រ្តីដើម្បីស្ត្រី សម្រេចដាក់បេក្ខជនឈរឈ្មោះបោះឆ្នោត ១៨រាជធានី-ខេត្ត ដើម្បីដណ្ដើមកៅអីរដ្ឋសភា។ លោកស្រី ស៊ឹង សុធី ជឿជាក់ថា បក្សអាចឈ្នះបានយ៉ាងតិច១អាសនក្នុងរដ្ឋសភា។
 
សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ឆ្នាំ២០២៣នេះ មានគណបក្សនយោបាយចំនួន១៨ ចូលរួមប្រកួតប្រជែង។ចំពោះការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៧ នេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕
 

Tag:
 ស៊ឹង សុធី
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com