ជាតិ
សង្គមជាតិ
នាយករដ្ឋមន្រ្តីប្រាប់យុវជនប្រឆាំងម្នាក់៖ ចូរកូនមកស្រុកយើងវិញ កម្ពុជា ជារបស់ប្រជាជនគ្រប់រូប
14, Jun 2023 , 4:38 pm        
រូបភាព
ដូចអ្នកជំទាស់ដទៃដែរ យុវជនជំទាស់យូរឆ្នាំម្នាក់ទៀត ឈ្មោះ ទឹម សុជា ដែលដាក់រហស្សនាមខ្លួនឯងលើបណ្តាញសង្គមថា រាជបុត្រសូរ្យកាយ្យ បានធ្វើវីដេអូពីក្រៅប្រទេស បង្ហាញពីការដឹងកំហុសរបស់ខ្លួន និងបានសុំការអធ្យាស្រ័យពីសំណាក់ប្រមុខរដ្ឋាភិបាល ដើម្បីអាចបានចូលស្រុកវិញ។



ពេលទទួលបានវីដេអូរបស់យុវជន ទឹម សុជា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសតាមបណ្តាញតេឡេក្រាមភ្លាមៗ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ថាសម្តេច ស្វាមគមន៍យុវជនរូបនេះ ក្នុងការវិលត្រឡប់មាតុភូមិវិញ ហើយប្រាប់រូបគេ ឲ្យទុករឿងអតីតកាលមួយឡែក។ 
 
សម្តេចនាយករដ្ឋមន្រ្តី ប្រើពាក្យទន់ភ្លន់ទៅកាន់យុវជនរូបនេះ ដែលធ្លាប់ប្រឆាំងរដ្ឋាភិបាល យ៉ាងដូច្នេះថា៖«កូនរៀបចំខ្លួនមកនៅស្រុកយើងវិញ ដែលទឹកដីនេះក៏ជារបស់កូនម្នាក់ដែរ។ មាតុភូមិកម្ពុជា ជារបស់ប្រជាជនកម្ពុជាគ្រប់រូប»។ 
 
ក្នុងវីដេអូ យុវជន រាជបុត្រសូរ្យកាយ្យ សុំទោសផង និងសម្តែងការសោកស្តាយផង ចំពោះការជេរប្រមាថរបស់ខ្លួនអស់ជាច្រើនឆ្នាំ ទៅលើសម្តេចនាយករដ្ឋមន្រ្តី រួមទាំងរដ្ឋាភិបាលទាំងមូល។ គេ សង្ឃឹមថា សម្តេចនាយករដ្ឋមន្រ្តី នឹងលើកលែងទោសឲ្យ ហើយនឹងអនុញ្ញាតឲ្យគេ ចូលកម្ពុជាវិញ បន្ទាប់ពីចាកចេញអស់រយៈពេលជាង១០ឆ្នាំមកនេះ។ គេ និយាយដូច្នេះថា«ខ្ញុំសង្ឃឹមថា ខ្ញុំ នឹងអាចចូលរួមជាមួយសម្តេចពុក ដើម្បីអភិវឌ្ឍប្រទេសមួយនេះ ឲ្យកាន់តែរីកចម្រើនបន្តទៅមុខទៀត»។
 
យុវជន ទឹម សុជា សារភាពថា កាលពីជាង១០ឆ្នាំមុន ខ្លួន ជាយុវជនឈាមរាវ ជ្រុលនិយម មិនទាន់ចេះគិតពិចារណា និងត្រចៀកស។ គេ បន្ទោសខ្លួនឯងថា កាលនោះ គេ ប្រើអារម្មណ៍ ច្រើនជាងខួរក្បាល។ 
 
គេ បន្តថា អស់រយៈពេលជាង១០ឆ្នាំមកនេះ គេ បានក្លាយជាមនុស្សធំ និងចេះគិតអ្វីខុសអ្វីត្រូវ ហើយចាប់ផ្តើមមើលឃើញពីការអភិវឌ្ឍប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្រ្តី ជាពិសេស បានឃើញច្បាស់ពីការអភិវឌ្ឍនេះ តាមរយៈការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២នាពេលថ្មីៗនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ 
 
ជាការកត់សម្គាល់ មួយរយៈពេលចុងក្រោយនេះ ក្រុមអ្នកប្រឆាមង ដោយរាប់ចាប់តាំងពីអ្នកគាំទ្រ សកម្មជន រហូតដល់អ្នកនយោបាយជាន់ខ្ពស់ សុទ្ធតែទទួលបានការលើកលែងទោស និងត្រូវអនុញ្ញាតឲ្យចូលស្រុកវិញ បន្ទាប់ពីពួកគេ សារភាពពីកំហុសឆ្គង និងស្នើសុំកិច្ចអន្តរាគមន៍ពីប្រមុខរដ្ឋាភិបាល។ ផ្នែកតាមប្រសាសន៍របស់ប្រមុខរដ្ឋាភិបាល ការប្រកាសផ្តាច់ខ្លួនចេញពីលោក សម រង្ស៊ី មេដឹកនាំកំពូលរបស់ក្រុមប្រឆាំងនៅក្រៅប្រទេស ក៏អាចជួយឲ្យអ្នកប្រឆាំង ទទួលបានការលើកលែងទោសដែរ៕ 
 

Tag:
 អ្នកប្រឆាំង
© រក្សាសិទ្ធិដោយ thmeythmey.com