ជាតិ
បុគ្គលិកសេវាកម្សាន្ត​ទេសចរណ៍ក្រៅ​ប្រព័ន្ធ ទទួលបាន​សេវាថែទាំសុខភាព​ដោយ​ឥត​បង់ថ្លៃ
15, Jun 2023 , 6:59 pm        
រូបភាព
ភ្នំពេញ៖ បុគ្គលិកបម្រើ​ការក្នុង​សេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ ជាពិសេស​ស្ត្រី​ដែល​បម្រើ​ការ​នៅតាម​រង្គ​សាល ឌីស្កូតែក ខារ៉ាអូខេ បៀរហ្កាឌិន កន្លែងម៉ាស្សា និង​ស្ប៉ា ទទួលបាន​របបថែទាំសុខភាព​តាម​ប្រព័ន្ធ​មូល​និធិ​សមធម៌​សុខាភិបាល ដោយ​ឥតគិត​ថ្លៃ។

 
តាម​សេចក្ដីប្រកាសព័ត៌មានចុះកាលពីថ្ងៃទី​១២ ខែមិថុនា រដ្ឋាភិបាល​បាន​លើកឡើងថា ការផ្តល់របបថែទាំសុខភាព តាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល សម្រាប់បុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បង្ហាញពី​ការ​គិត​គូរយ៉ាងមធ្យ័ត​អំពី​សុខុមាលភាព​របស់ប្រជាជន​គ្រប់រូប ដោយ​​ឈរលើគោលនយោបាយ “មិនបោះបង់ពលរដ្ឋណាម្នាក់” ឡើយ។ 
 
រាជរដ្ឋាភិបាល បញ្ជាក់ថា នេះ ជាការដាក់ចេញនូវអន្តរាគមន៍គាំពារសង្គមនានា ក្នុងគោលបំណងធានាឱ្យបាននូវសន្តិសុខប្រាក់ចំណូល កាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សំដៅកាត់បន្ថយ និងទប់ស្កាត់ការធ្លាក់ចុះក្នុងភាពក្រីក្រជាអតិបរមា។ 
 
«ពេលនេះ រាជរដ្ឋាភិបាលសម្រេចផ្តល់របបថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាលសម្រាប់បុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសស្ត្រីដែលបម្រើការនៅតាមរង្គសាល, ឌីស្កូតែក, ខារ៉ាអូខេ, បៀរហ្គាឌិន, កន្លែងម៉ាស្សា និងស្ប៉ា ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន ដែលរដ្ឋនឹងរាប់រងនូវចំណាយទាំងស្រុង»។

រដ្ឋាភិបាលសង្កត់ធ្ងន់បែបនេះ ក្នុងសេចក្ដីប្រកាសព័ត៌មានថ្ងៃទី១២មិថុនា ហើយអំពាវនាវទៅនិយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថាន ក្នុងវិស័យសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវរៀបចំបញ្ជីឈ្មោះបុគ្គលបញ្ជូនទៅរដ្ឋបាលរាជធានី-ខេត្ត ក្រុង-ស្រុកឬខណ្ឌ ផ្ទៀងផ្ទាត់ពីភាពត្រឹមត្រូវ។
 
ជាមួយគ្នាដែរ បញ្ជីឈ្មោះទាំងនោះ នឹងត្រូវស្នើទៅបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដើម្បីចុះបញ្ជីឱ្យ ពួកគាត់អាចទៅទទួលយកអត្ថប្រយោជន៍ក្រោមកញ្ចប់មូលនិធិសមធម៌សុខាភិបាល នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ នៅទូទាំងប្រទេស ដោយឥតបង់ថ្លៃ៕ 
 

Tag:
 សង្គម
  កិច្ចគាំពារសង្គម
  ប.ស.ស
  សេដ្ឋកិច្ចក្រៅប្រព័ន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com