សេដ្ឋកិច្ច
អន្តរជាតិ
TikTok នឹង​វិនិយោគ​ថវិកា​១២​លាន​ដុល្លារ ដើម្បី​លើកកម្ពស់​អាជីវកម្ម​ខ្នាតតូច​ជាង ១២​ម៉ឺន​កន្លែង​នៅ​អាស៊ីអាគ្នេយ៍​
15, Jun 2023 , 8:49 pm        
រូបភាព
ហ្សា​ការ​តា​, ឥណ្ឌូណេស៊ី​៖ ក្រុមហ៊ុន តិកតុក បានប្រកាស​ពី​ការវិនិយោគ​ថ្មី​ក្នុង​ទំហំ​ទឹកប្រាក់​រាប់លាន​ដុល្លារ ដើម្បី​ជួយ​ដល់​ការធ្វើ​អន្ដរ​កម្ម​អាជីវកម្ម​លើ​អន​ឡាញ​ជាង ១២​ម៉ឺន​អាជីវកម្ម​ខ្នាតតូច និង​មធ្យម និង​ចូលរួម​ក្នុង​សេដ្ឋកិច្ច​ឌីជីថល​។ ការវិនិយោគ​ទឹកប្រាក់​ប្រមាណ ១២,២ លាន​ដុល្លារ នឹងត្រូវ​ធ្វើឡើង​សម្រាប់​ជា​ជំនួយ​សាច់ប្រាក់ ក្នុងការ​បណ្ដុះបណ្ដាល​ជំនាញ​ឌីជីថល និង​ឥណទាន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សម្រាប់ SMEs នៅតាម​ជនបទ និង​ជាយក្រុង​។



​ក្រុមហ៊ុន តិកតុក បានរៀបចំ​វេទិកា​មួយ​ស្ដីពី​ឥទ្ធិពល​របស់​តិកតុក ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ នាទី​ក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូណេស៊ី នៅ​ថ្ងៃទី​១៥ មិថុនា​នេះ​។ វេទិកា​នេះ មានការ​ចូលរួម​ពី​មន្ត្រី​ពាក់ព័ន្ធ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​រួមទាំង​កម្ពុជា​ផងដែរ​។ 
 
​ក្នុង​វេទិកា​ខាងលើ ក្រុមហ៊ុន តិកតុក បានប្រកាស​ពី​ការវិនិយោគ​ថ្មី​ក្នុង​ទំហំ​ទឹកប្រាក់​រាប់លាន​ដុល្លារ ដើម្បី​ជួយ​ដល់​ការធ្វើ​អន្ដរ​កម្ម​អាជីវកម្ម​លើ​អន​ឡាញ​ជាង ១២​ម៉ឺន​អាជីវកម្ម​ខ្នាតតូច និង​មធ្យម (SMEs) និង​ចូលរួម​ក្នុង​សេដ្ឋកិច្ច​ឌីជីថល​។ ការវិនិយោគ​នេះ កើតចេញ​ជា​រូបរាង​ដោយសារតែ តិកតុក បាន​ក្លាយជា​បណ្ដាញ​សង្គម​ដ៏​មាន​លេចធ្លោ​សម្រាប់​អាជីវកម្ម និង​អ្នកបង្កើត​មាតិកា​។ 
 


​របាយការណ៍​នៃ​ការបង្កើន​ល្បឿន​អាជីវកម្ម ការអប់រំ និង​សហគមន៍​នៅ​តំបន់​អាស៊ីអាគ្នេយ៍ អាជីវកម្ម​ខ្នាតតូច និង​មធ្យម (SMEs) ដែល​បាន​ស្ទង់​មតិ​បង្ហាញថា អ្នកបង្កើត​មាតិកា​បាន​បង្កើន​ប្រាក់ចំណូល​ជិត ៥០ ភាគរយ តាមរយៈ​ការលក់​ផលិតផល និង​ផ្ដល់​សេវាកម្ម​របស់​ពួកគេ​នៅលើ TikTok ។ លើសពីនេះ មាន​ជិត​បួន​ភាគ​ប្រាំ​នៃ​អាជីវកម្ម (៧៩ ភាគរយ​) បាន​ផ្លាស់ប្តូរ​ពី​ក្រៅ​បណ្តាញ​ទៅកាន់​បណ្តាញ​ទីផ្សារ​អន​ឡាញ​ដោយ​ប្រើប្រាស់​ប្លេ​ត​ហ្វ​ម​វីដេអូ​ខ្លីៗ​នេះ​។ បន្ថែម​លើ​នេះ មាន​ជាង ៨០ ភាគរយ នៃ​អ្នកបង្កើត​មាតិកា TikTok ដែល​ត្រូវបាន​ស្ទង់​មតិ បាន​បង្កើន​ប្រាក់ចំណូល​របស់​ពួកគេ​តាមរយៈ​មធ្យោបាយ​នានា ដូចជា TikTok LIVE និង​ការឧបត្ថម្ភ​ពី​ម៉ាក​យីហោ​ផ្សេងៗ​។​
 
​លោក Shou Chew នាយក​ប្រតិបត្តិ TikTok លើកឡើងថា នៅ​ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍ មនុស្ស​ជាង ៣២៥ លាន​នាក់​ប្រើប្រាស់ TikTok ជា​រៀងរាល់ខែ ហើយ​ប្រតិ​ប​ត្ដិ​ការ​អាជីវកម្ម​ចំនួន ១៥ លាន​បាន​ប្រើប្រាស់​ប្លេ​ត​ហ្វ​ម​នេះ​។ នាយក​ប្រតិបត្តិ​រូបនេះ បន្ត​យ៉ាង​ដូច្នេះ​៖ «​សកម្មភាព​ដែល​យើង​បានធ្វើ​ក្នុងការ​ពង្រីក​ឱកាស​សេដ្ឋកិច្ច ការអប់រំ និង​ការកសាង​សហគមន៍​នៅក្នុង​តំបន់​នេះ និង​ជុំវិញ​ពិភពលោក​គឺ​ពិតជា​ធំធេង​ណាស់​។ យើង​មាន​សេចក្តីរំភើប​រីករាយ​ដែល​បានឃើញ​ឥទ្ធិពល​ជា​វិជ្ជមាន​របស់ TikTok ហើយ​យើង​បន្ដ​ប្តេជ្ញា​ជួយ​ដល់​បុគ្គល សហគមន៍ និង​អាជីវកម្ម​ដទៃទៀត​ឱ្យ​រីកចម្រើន និង​រឹងមាំ​ផងដែរ​»​។​
 

របាយការណ៍​នៃ​ការបង្កើន​ល្បឿន​អាជីវកម្ម ការអប់រំ និង​សហគមន៍​នៅ​តំបន់​អាស៊ីអាគ្នេយ៍ អាជីវកម្ម​ខ្នាតតូច និង​មធ្យម (SMEs) ក៏បាន​បង្ហាញ​ពី​ភាពជោគជ័យ​របស់​កសិក​រ​កម្ពុជា​ម្នាក់ ដែល​ប្រើប្រាស់​តិកតុក សម្រាប់ធ្វើ​អាជីវកម្ម​។ ក្នុង​របាយការណ៍​នោះ ដកស្រង់​សម្ដី​កសិករ​កម្ពុជា គឺ​លោក យ៉ាន់ ពិសិដ្ឋ​យ៉ាង​ដូច្នេះ​៖ «​មនុស្ស​ជាច្រើន​បាន​ទាក់ទង​មក​ខ្ញុំ បន្ទាប់ពី​ឃើញ​ខ្ញុំ​នៅលើ​តិកតុក ដើម្បី​ទិញ​កូន​បង្គា​»​។ 
 


​សូមបញ្ជាក់ថា ក្រៅពី​គិតគូរ​លើ​អាជីវកម្ម តិកតុក ក៏បាន​ចូលរួមចំណែក​ដល់​ការពង្រីក​លទ្ធភាព​ទទួល​បានការ​អប់រំ និង​ការកែលម្អ​ខ្លួនឯង​, កសាង​សហគមន៍​សម្រាប់​ការគាំទ្រ និង​អភិវឌ្ឍន៍ និង​ការពង្រឹង​ធនធាន​បញ្ញាវន្ដ​។ បច្ចុប្បន្ន តិកតុក មាន​បុគ្គលិក​ជាង ៧៥០០ នាក់​នៅ​ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍ ដោយ​តិកតុក ប្តេជ្ញាចិត្ត​វិនិយោគ​លើ​ការអភិវឌ្ឍ​ធនធាន​បញ្ញាវន្ដ​ក្នុងស្រុក​ផងដែរ​៕ 









© រក្សាសិទ្ធិដោយ thmeythmey.com