ជាតិ
អ្នកទោស១៩នាក់នៅបន្ទាយមានជ័យ ត្រូវបានបន្ធូរបន្ថយទោស
16, Jun 2023 , 2:29 pm        
រូបភាព
ពន្ធនាគារខេត្តបន្ទាយមានជ័យ។ រូបពី អគ្គស្នងការដ្ឋាននគរបាលជាតិ
ពន្ធនាគារខេត្តបន្ទាយមានជ័យ។ រូបពី អគ្គស្នងការដ្ឋាននគរបាលជាតិ
ភ្នំពេញ៖ ទណ្ឌិត១៩នាក់ ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់បន្ធូរបន្ធយទោស ពី៣ខែទៅដល់៦ខែ។

 
អ្នកទោស១៩នាក់ ក្នុងនោះមាន១៧នាក់ ត្រូវបានបន្ថយទោសរយៈពេល៣ខែ។ ចំណែក ២នាក់ទៀត ត្រូវបានបន្ធូរបន្ថយ៦ខែ។ នេះបើតាមអគ្គស្នងការដ្ឋាននគរបាលជាតិចេញផ្សាយ ហើយបញ្ជាក់ថា ការបន្ធូរបន្ថោយនេះ គឺធ្វើឡើងក្នុងឱកាសពិធីបុណ្យជាតិធំៗ តាមរយៈសំណើទៅព្រះមហាក្សត្រ។ 
 
មន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យ បានរៀបចំពិធីបន្ធូរបន្ថយទោស ដល់ទណ្ឌិតចំនួន១៩នាក់ ដោយមានការចូលរួមពី លោក អ៊ុង ស៊ីផាន ឧត្តមអគ្គានុរក្សថ្នាក់លេខ២ និងជាប្រធានពន្ធនាគារខេត្តបន្ទយមានជ័យ។ ក្នុងពិធីនោះ លោកលើកឡើងថា ក្នុងមួយឆ្នាំ ជនជាប់ឃុំត្រូវបានបន្ធូបន្ថយទោស លើកលែងទោស ចំនួន៣លើក។
 
ជាមួយគ្នាដែរ នៅពន្ធនាគារខេត្តបន្ទាយមានជ័យ បានអប់រំកែប្រែស្ដារនិតិសម្បទា បណ្ដុះបណ្ដាលវិជ្ជាជីវៈជំនាញ និងអភិវឌ្ឍធនធានមនុស្ស ដល់ជនជាប់ឃុំជាប្រចាំ។ ក្នុងពិធីបន្ធូរបន្ថយទោសនេះ ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ បានលើកឡើងយ៉ាងដូច្នេះ៖ «អង្គភាពបានយកចិត្តទុកដាក់លើគោលនយោបាយកំណែទម្រង់ពន្ធនាគារ គឺការអប់រំកែប្រែនិងស្ដារនីតិសម្បទាដល់ជនជាប់ឃុំ ដូចជាអប់រំផ្លូវចិត្ត រៀនអក្សរខ្មែរ…។ មួយវិញទៀតជនជាប់ឃុំទាំងអស់ត្រូវបាន យកចិត្តទុកដាក់បណ្តុះបណ្តាលវិជ្ជាជីវៈ ជូនដល់គាត់មានដូចជា រៀនកាត់ដេរ រៀនជួសជុលគ្រឿងអេឡិតត្រួនិច រៀនជួសជុលម៉ួតូ រៀនភ្លេងសម័យ រៀនកាត់សក់ ជាដើម»។ 
 
សព្វថ្ងៃ ពន្ធនាគារខេត្តបន្ទាយមានជ័យ មានអ្នជាប់ឃុំសរុបចំនួន១៦០២នាក់ ក្នុងនោះមានស្រី៨៣នាក់។ ក្នុងចំណោមអ្នកជាប់ឃុំនោះមាន ជនត្រូវចោទមានចំនួន២៩៧នាក់ ជនជាប់ចោទមាន២៨៧នាក់ ពិរុទ្ធជនមាន៧៦២នាក់ អនិតិជនមាន២២៥នាក់។ ទន្ទឹមនឹងនេះ អ្នកជាប់ឃុំជាង១ពាន់នាក់នោះ ក៏មានជនបរទេសផងដែរ គឺមាន៦៥នាក់ ក្នុងនោះមានជនជាតិថៃ៥១នាក់ ជនជាតិវៀតណាម៥នាក់ ជនជាតិឥណ្ឌូនេស៊ីចំនួន៤នាក់ ជនជាតិចិន៤នាក់ ជនជាតិសិង្ហបុរី១នាក់។ ចំណែក ជនពិការ ក៏មានជាប់ឃុំ ក្នុងចំណោមជាង១ពាន់នាក់នោះដែរ គឺមានជនពិការ២៦នាក់៕ 
 

Tag:
 បន្ទាយមានជ័យ
  ទណ្ឌិត
© រក្សាសិទ្ធិដោយ thmeythmey.com