ជាតិ
​​​ន​យោ​បាយ​ជាតិ​
យុវជន គង់ រ៉ៃយ៉ា ចេញពីបក្សភ្លើងទៀនចូលបក្សប្រជាជន
16, Jun 2023 , 2:59 pm        
រូបភាព
យុវជន គង់ រ៉ៃយ៉ា និងលោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន (រូបពីហ្វេសប៊ុក៖ Kung Raiya)
យុវជន គង់ រ៉ៃយ៉ា និងលោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន (រូបពីហ្វេសប៊ុក៖ Kung Raiya)
យុវជន គង់ រ៉ៃយ៉ា សកម្មជនប្រឆាំងយូរឆ្នាំម្នាក់ ដែលធ្លាប់ត្រូវចាប់ខ្លួនម្តងជាពីរដងនោះ បានសរសេរលិខិតពីរទន្ទឹមគ្នា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ ដោយលិខិតមួយ ជូនទៅលោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ដើម្បីសុំលាឈប់ពីតួនាទីទាំងអស់ពីគណបក្សជំទាស់នេះ និងលិខិតមួយទៀត ជូនទៅសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។



គ្មានឡើយការបដិសេធ ​ឬការបង្អង់យូរក្នុងការឆ្លើយតបទៅកាន់យុវជន គង់​ រ៉ៃយ៉ា។ បន្ទាប់ពីទទួលបានលិខិតរបស់យុវជន គង់ រ៉ៃយ៉ា សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏ប្រកាសតាមបណ្តាញតេឡេក្រាមភ្លាម ដោយប្រើពាក្យថា ស្វាគមន៍យ៉ាងកក់ក្តៅចំពោះយុវជនរូបនេះ ដែលសូមចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាច។ 
 
ក្នុងលិខិត ដែលជូនទៅសម្តេច ហ៊ុន សែន យុវជន គង់ រ៉ៃយ៉ា លើកហេតុផលថា ការសូមចុះចូលជាមួយគណបក្សប្រជាជនកម្ពុជានាពេលនេះ ដោយសារខ្លួនមើលឃើញពីគោលនយោបាយ និងការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេច ដែលដឹកនាំប្រទេសឲ្យទទួលបានសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ។
 
«គុណបំណាច់ដ៏ធំធេងរបស់សម្តេចតេជោ ដែលមានចំពោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា ជាពិសេសការស្វែងរកសន្តិភាពដោយបានបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជា ក្រោមនយោបាយឈ្នះៗ ប្រជាជនកម្ពុជាគ្រប់ៗរូប ត្រូវតែចងចាំក្នុងប្រវត្តិសាស្រ្តកម្ពុជា»។ នេះជាសំណេរក្នុងលិខិតរបស់យុវជន គង់ រ៉ៃយ៉ា។
 
កាលនៅក្នុងគណបក្សភ្លើងទៀន យុវជន គង់ រ៉ៃយ៉ា ក៏ជាសមាជិកម្នាក់របស់គណៈកម្មាធិការនាយកដែរ ដែលជាស្ថាប័នជាន់ខ្ពស់បំផុតមួយរបស់គណបក្សជំទាស់នេះ។ យុវជនរូបនេះ ថែមទាំងត្រូវបានគណបក្សភ្លើងទៀន ដាក់ឲ្យឈរជាបេក្ខជនតំណាងរាស្រ្តនៅរាជធានីភ្នំពេញ សម្រាប់ការបោះឆ្នោតជាតិលើកទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ យ៉ាងណា ចុងក្រោយ គណបក្សភ្លើងទៀន មិនត្រូវគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អនុញ្ញាតឲ្យចូលរួមប្រកួតក្នុងការបោះឆ្នោត ដោយសារបាត់ឯកសារដើមស្តីពីការចុះបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃ។ 
 
សូមរម្លឹករឿងរ៉ាវកាលពីមុនបន្តិចថា យុវជន គង់ រ៉ៃយ៉ា ធ្លាប់ជាប់ពន្ធនាគារមួយឆ្នាំកន្លះ ហើយបានចេញពីពន្ធនាគារវិញ កាលពីដើមឆ្នាំ២០១៧។ នៅអំឡុងខែកក្កដា ឆ្នាំ២០១៩ រូបគេ ត្រូវចាប់ខ្លួនម្តងទៀត ប៉ុន្តែ ការចាប់ខ្លួនលើកទីពីរនេះ មានរយៈពេលខ្លីប៉ុណ្ណោះ ក៏ត្រូវដោះលែងវិញ។ 
 
គួរកត់សម្គាល់ថា មួយរយៈចុងក្រោយនេះ ជាពិសេសនៅមុនការបោះឆ្នោតជាតិលើកទី៧នេះតែម្តង មានអ្នកប្រឆាំងចេញមកប្រកាសពីការប្តូរគោលជំហររបស់ខ្លួនជាបន្តបន្ទាប់។ អ្នកដែលសូមចូលគណបក្សកាន់អំណាច តែងទទួលបានការស្វាគម អ្នកដែលសូមការលើកលែងទោស តែងទទួលបានការលើកលែងទោស ហើយបើពួកគេនៅក្រៅប្រទេស នឹងត្រូវអនុញ្ញាតឲ្យចូលស្រុកវិញ៕ 
 

Tag:
 គង់​​ រ៉ៃយ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com